Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់១៤ម៉ឺនដុល្លារ រត់ការចូលធ្វើពេទ្យដុកទ័រ ជាប់ខ្នោះ

ស៊ីដាច់១៤ម៉ឺនដុល្លារ រត់ការចូលធ្វើពេទ្យដុកទ័រ ជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការ ឃាត់ខ្លួនវេជ្ជបណ្ឌិតម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត (ស៊ីដាច់ប្រាក់ជាង១៤ម៉ឺនដុល្លារ ថ្លៃរត់ការចូលក្របខ័ណ្ឌពេទ្យ)។

 តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ប៉ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរវេជ្ជបណ្ឌិត មានលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពដដែល បន្តថា ជនសង្ស័យមានមិត្តភក្តិជិតស្និទ្ធម្នាក់ រាប់អានគ្នាតាំងពីឆ្នាំ១៩៩០ លុះមកដល់ដំណាក់ កាលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ មិត្តភក្តិនោះក៏បានពឹងពាក់ជនសង្ស័យឱ្យជួយរត់ការកូនក្មួយ ៤នាក់ ចូល បម្រើការងារជាគ្រូពេទ្យស្ម័គ្រចិត្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅមន្ទីរពេទ្យព្រះកុសុមៈ ២នាក់ មណ្ឌលសុខភាពជើងគោក ២នាក់ និងនៅមណ្ឌលស្ម័គ្រចិត្តពិជ័យសេនា ទៀ បាញ់ ចំនួន២១នាក់។

ការពឹងពាក់ខាងលើនេះ ដើមបណ្តឹងបានប្រគល់ប្រាក់ឱ្យទៅជនសង្ស័យ តាមដំណាក់កាលក្នុងម្នាក់ ចាប់ពី ៣៥០០ដុល្លារ ដល់ទៅ ៨ ០០០ដុល្លារ សរុបទាំងអស់ចំនួន ១៤១ ៧០០ដុល្លារ។ ក្រោយពេលប្រគល់និងទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ ជនសង្ស័យមិនបានគោរពតាម កិច្ចសន្យានោះទេ ខណៈដែលម្ចាស់លុយសួរនាំ ជនសង្ស័យចេះតែឆ្លើយដោះសារហូត។

ការសន្យាឬការពឹងពាក់នោះបានក្លាយជាការសន្យាខ្យល់ ទើបដើមបណ្តឹង បានតាមទារប្រាក់មកវិញ ប៉ុន្តែជនសង្ស័យចេះតែឆ្លើយដាក់អ្នកនេះអ្នកនោះ ថែមទាំងបិទទូរស័ព្ទ គេចវេះទៀតផង។ ដោយមើលឃើញទង្វើដែលលែងឱ្យជឿទុកចិត្ត ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ច ឱ្យជួយ ចាត់ការតាមផ្លូវច្បាប់តែម្តង។

ចំណែកជនសង្ស័យ បានបដិសេធការចោទប្រកាន់នេះ  ដោយអះអាងថា ខ្លួនមិនបាននៅជំពាក់លុយថ្លៃរត់ ការទេ។

ទោះជាយ៉ាងណា សំណុំរឿងខាងលើ កំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការ បើកការស៊ើបសួរ៕

RELATED ARTICLES