Thursday, January 23, 2025
Homeព័ត៌មានជាតិផែនការក្តោបអំណាច អ្នកឃ្លាំមើលថា តែងតាំងបន្ថែមមុខងារកូនប្រុសសម្តេចហ៊ុន សែន

ផែនការក្តោបអំណាច អ្នកឃ្លាំមើលថា តែងតាំងបន្ថែមមុខងារកូនប្រុសសម្តេចហ៊ុន សែន

ភ្នំពេញៈ បន្ទាប់ពីលោក ហ៊ុន ម៉ានី កូនប្រុស​ទី៣ ​របស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល​ជា​រដ្ឋមន្ត្រី​​ក្រសួង​​មុខងារ​​សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស) តាម​សំណើ​​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា សម្ដេចហ៊ុន ម៉ាណែត ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​​កែ​ទម្រង់​​រដ្ឋបាល​​សាធារណៈ​ ផ្អែក​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌នោះ អ្នកឃ្លាំមើល បានលើកឡើងថា ការតែងតាំងបន្ថែមងារកូនប្រុសសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជានេះ គឺជាផែនការក្ដោបអំណោចរបស់ត្រកូលហ៊ុន ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ករណីតែងតាំងលោក ហ៊ុន ម៉ានី បន្ថែមលើមុខងារបច្ចុប្បន្ន គឺធ្វើតាមផែនការក្តោបអំណាច របស់ត្រកូលហ៊ុន ឬសម្ដេចហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ បាទ! ចង់បញ្ជាក់បន្ថែមថា ការបន្ថែមមុខងារបច្ចុប្បន្នរបស់ហ៊ុន ម៉ានី ដែលជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ហើយតែងតាំងឲ្យគាត់ដោះស្រាយបញ្ហាវិទាទនេះ វិវាទនោះអី តាមការស្នើសុំរបស់លោកហ៊ុន ម៉ាណែត ហ្នឹង តែងតាំងមុខងារបន្ថែមហ្នឹង យើងមើលទៅ វាធ្វើឡើងនៅក្នុងផែនការក្ដោបក្ដាប់អំណាចមែនហើយ ហើយផែនការក្ដោបក្ដាប់អំណាចហ្នឹង វានៅត្រង់ថា ហ៊ុន ម៉ាណែត ហ្នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី រួចទៅហើយ ហើយក្ដោបក្ដាប់កិច្ចការទូទៅរបស់រដ្ឋាភិបាលទៅហើយ ខាងនយោបាយអ៊ីចឹងទៅ ហើយឪពុកគាត់ហ្នឹងជាប្រធានគណបក្សកាន់អំណាច គ្រប់គ្រងចាត់ចែងកិច្ចការផ្ទៃក្នុងរបស់គណបក្សទៅ ហើយនិងត្រួតពិនិត្យលើកិច្ចការនយោបាយរបស់លោកហ៊ុន ម៉ាណែត អីអ៊ីចឹងទៅ ហើយដោយឡែកលោក ហ៊ុន ម៉ានី ដែលយើងកំពុងជជែកហ្នឹង គឺគាត់ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ។ មានន័យថា គាត់កាន់បញ្ជីក្រដាសស្នាមទាំងអស់ បញ្ជីឈ្មោះទាំងអស់របស់ពួកមន្រ្តីរាជការ អាហ្នឹងផ្នែកស៊ីវិលទេ ។ បើផ្នែកយោធា គឺហ៊ុន ម៉ានិត ឯណោះទេ ឃើញទេ? អ៊ីចឹងកូនគាត់ទាំងអស់ហ្នឹងសុទ្ធតែមានការងារ ក្ដោបក្ដាប់កិច្ចការ ។ ហ៊ុន ម៉ានិត ក៏ក្ដោបកិច្ចការកងទ័ព “ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ អ៊ីចឹងខ្ញុំបញ្ជាក់ជូនបន្ថែមថា ក្ដោបក្ដាប់អំណាចអ្វីខ្លះហ្នឹង គឺវានៅមានទៀត នៅមានកូនប្រសាគាត់ឈ្មោះឌី វិជ្ជា ។ ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ នៅក្រសួងមហាផ្ទៃហ្នឹង អាហ្នឹងក៏មើលការខុសត្រូវកិច្ចការប៉ូលិសទាំងអស់របស់ក្រសួងមហាផ្ទៃដែរ ហើយចំណែកឯក្មួយប្រសារបស់លោកហ៊ុន សែន ហ្នឹង គឺនេត សាវឿន សព្វថ្ងៃត្រូវបានទទួលតួនាទីជាឧបនាយករដ្ឋមន្រ្តីទី១ ហើយដែលមានសិទ្ធិជានាយករដ្ឋមន្រ្តីស្ដីទី នៅពេលណាដែលនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ហ្នឹងអវត្តមានអីអ៊ីចឹង ហើយលោកនេត សាវឿន ហ្នឹងត្រូវបានតែងតាំងជាអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ហើយយើងមើលអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនហ្នឹង តាមពិត វាគ្រាន់តែជាការិយាល័យតូចមួយរបស់ក្រសួងមហាផ្ទៃទេ ពីដើមឡើយនោះ ប៉ុន្តែឥឡូវហ្នឹងគេត្រូវឲ្យនេត សាវឿន ហ្នឹងមានតួនាទីធំ ហើយនេត សាវឿន ហ្នឹង គាត់ត្រូវគ្រប់គ្រងទៅលើឧបនាយករដ្ឋមន្រ្តីផ្សេងៗទៀត ដូចជាឧបនាយករដ្ឋមន្រ្តីស សុខា ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយឧបនាយករដ្ឋមន្រ្តទៀ សីហា ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងឲ្យក្រសួងផ្សេងៗទៀតហ្នឹងទៅរណបជាមួយនឹងអាជ្ញាធរជាតិតូចមួយហ្នឹង ហើយយើងមើលរបៀបដឹកនាំរដ្ឋបាល គឺនៅក្នុងចង្កោមសេនាធិការនៃត្រកូលហ៊ុន ទាំងអស់ មិនឲ្យរលៀសចេញទេ “ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ ទោះបីជាលោកហ៊ុន សែន ពីដើមឡើយមិនចង់ឲ្យក្រសួងមហាផ្ទៃ ទៅឲ្យកូនចៅលោកស ខេង គ្រប់គ្រងក៏ពិតមែន ប៉ុន្តែធ្វើទៅវាអត់បាន ។ អ៊ីចឹងបានឲ្យក្រសួងមហាផ្ទៃ ទៅឲ្យខាងស ខេង គ្រប់គ្រងទៅ ប៉ុន្តែទោះបីឲ្យខាងលោកស ខេង គ្រប់គ្រង ក៏គេឲ្យមានអាជ្ញាធរជាតិមួយ ដែលក្រុមគ្រួសារគេគ្រប់គ្រងពីលើក្រសួងហ្នឹងដែរ ដូចជាឧទាហរណ៍អម្បាញ់មិញ ខ្ញុំលើកឡើងពីករណីលោកនេត សាវឿន អ៊ីចឹង ហើយដូចគ្នាដែរ ក្រសួងការពារជាតិ ហើយក្រសួងដទៃៗមួយចំនួនទៀតដែលគេយករដ្ឋមន្រ្តីទាំងអស់ចូលជាសមាជិកនៃអាជ្ញាធរជាតិហ្នឹង យើងមើលទៅ រដ្ឋបាលរញ៉េរញ៉ៃ ស៊ាំញ៉ាំ ប៉ុន្តែនៅក្នុងន័យដែលត្រកូលហ៊ុន ហ្នឹងជាអ្នកក្ដោបក្ដាប់ដដែល ។ ដូច្នេះខ្ញុំបញ្ជាក់ឡើងវិញ ហ៊ុន ម៉ានី ហ្នឹង គាត់ក្ដោបក្ដាប់បញ្ជីមន្រ្តីរាជការហើយ គាត់ដោះស្រាយបញ្ហាមួយចំនួនទៀត ទាំងក្ដោបក្ដាប់ទៅលើពួកក្រុមយុវជនផង តាមរយៈសហភាបសហព័ន្ធយុវជនកម្ពុជា របស់គេហ្នឹង ហើយគេក្ដោបក្ដាប់អាហ្នឹងផង គេកាន់រដ្ឋមន្រ្តីមុខងារសាធារណៈ ដើម្បីក្ដោបក្ដាប់បញ្ជីឈ្មោះមន្រ្តីរាជការទាំងអស់ផង ហើយគេក្ដោបក្ដាប់ ឬដោះស្រាយអីផ្សេងៗទៅលើពួកមន្រ្តី ក្នុងចំណោមមន្រ្តីផង ។ មានន័យថា អ្នកណាក៏ដោយ គឺបើមានបញ្ហាអី ត្រូវតែរកត្រកូលហ៊ុន ដើម្បីសុំភ្លើងខៀវ គេធ្វើអ៊ីចឹង អាហ្នឹងសេនារីយ៉ូក្នុងការក្ដោបក្ដាបអំណាច “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកម៉ែន ណាត អ្នកឃ្លាំមើលកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលកូនប្រុសទី៣ ​របស់សម្ដេចហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានីដែល​ជា​រដ្ឋមន្ត្រី​​ក្រសួង​​មុខងារ​​សាធារណៈ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស) តាម​សំណើ​​របស់សម្ដេចហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​​កែ​ទម្រង់​​រដ្ឋបាល​​សាធារណៈ​ ផ្អែក​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ជាដើម ។

នៅក្នុងព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ បានកំណត់​ក្នុង​មាត្រា​៣ ស្ដីពី​សមាសភាព និង​រចនាសម្ព័ន្ធ​របស់​គណៈកម្មាធិការ​នេះ ដោយ​កំណត់​រដ្ឋលេខាធិការ​មួយ​រូប​ របស់​ក្រសួង​ទាំង ២៨ និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​ពីរ​របស់​កម្ពុជា ជា​សមាជិក​របស់​គណៈកម្មាធិការ​នេះ ក្នុង​នោះ​តំណាង​​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង ២៥ ក៏​ត្រូវ​ចាត់​បញ្ចូល​ទៅ​ជា​សមាជិក​នៃគណៈកម្មាធិការ​នេះ​ផង​ដែរ។

ព្រះរាជក្រឹត្យខាងលើ បាន​កំណត់​ឱ្យ​មាន ៦​ជំពូក ២១​​មាត្រា ដើម្បី​​ដឹកនាំ និង​​សម្រប​សម្រួល​​ការ​​អនុវត្ត​​ការងារ​​កែ​ទម្រង់​រដ្ឋបាល​​សាធារណៈ ​ផ្អែក​លើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​​យុត្តិធម៌ និង​​កម្មវិធី​​កែ​ទម្រង់​​ដទៃ​​ទៀត​​ផង​​ដែរ ហើយ​​គណៈកម្មាធិការ​នេះ ​មាន​តួនាទី​លើក​សំណើ​ឱ្យ​រាជ​រដ្ឋាភិបាល​អនុម័ត​លើ​គោល​នយោបាយ កម្មវិធី​​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ ដែល​បម្រើ​ឱ្យ​ការ​កែទម្រង់​រដ្ឋបាល​​សាធារណៈ​ សម្រាប់​រដ្ឋាភិបាល​ថ្មី អាណត្តិទី៧ ​នេះ ។

សូមបញ្ជាក់ផងដែរថា ក្រៅពីតំណែងតួនាទីនិងមុខងារសំខាន់ៗខាងលើនេះ លោកហ៊ុន ម៉ានី ក៏ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា លើកទី៦ សម្រេចជ្រើសតាំងជាងអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ ក្នុងមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ ខណៈដែលសម្ដេចហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជាគណៈអធិបតីកិត្តិយស និងសម្ដេចម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ៕

RELATED ARTICLES