ខេត្តកោះកុងៈ បន្ទាប់ពីសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សាឡង់បូមខ្សាច់ បានចាប់ផ្ដើមបូមខ្សាច់នៅក្នុងតំបន់រ៉ាមសារ កោះកាពិ ដែលជាតំបន់ការពារ នៅកៀកនឹងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងនោះ ចលនាមាតាធម្មជាតិ (Mother Nature Cambodia) និងសកម្មជនបរិស្ថាន បានទទូចសុំរាជរដ្ឋាភិបាល បញ្ឈប់ការបូមខ្សាច់ នៅតំបន់រ៉ាមសារ កោះកាពិនេះ ដោយបានលើកឡើងថា បើនៅតែបូមបន្តទៀត នឹងធ្វើឲ្យវិនាសធនធានធម្មជាតិអស់ជាមិនខាន ជាពិសេសប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ។
អង្គការចលនាមាតាធម្មជាតិ (Mother Nature Cambodia) ដែលធ្លាប់ចេញរបាយការណ៍ស្រាវជ្រាវស៊ើបអង្កេតកន្លងមក រកឃើញការនាំខ្សាច់ទៅលក់នៅក្រៅប្រទេសពុំមានរបាយការណ៍ច្បាស់លាស់ ដោយសង្ស័យមានជាប់ពាក់ព័ន្ធអំពើពុករលួយដែលនាំឲ្យបាត់ចំណូលពន្ធរបស់រដ្ឋ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិនោះ បានបង្ហោះរូបភាពសាឡង់ធំៗ កំពុងបូមខ្សាច់នៅតំបន់រ៉ាមសារ កោះកាពិ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសំណេរថា “ រយៈពេល៣ថ្ងៃចុងក្រោយនេះ សាឡង់បូមខ្សាច់ បានចាប់ផ្ដើមបូមខ្សាច់នៅក្បែរកោះបារាំង ( ក្នុងតំបន់រ៉ាមសារកោះកាពិ ជាតំបន់ការពារ ) ដែលនៅកៀកនឹងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង។ តំបន់ព្រៃកោងកាងពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិនេះ ធ្លាប់ត្រូវបានសាឡង់បូមខ្សាច់ច្រើនសន្ធឹកសន្ធាប់ទៅលក់នៅក្រៅប្រទេស រហូតបាត់បង់កោះមួយចំនួន និងបង្កផលប៉ះពាល់ដល់ជីវិតមច្ឆជាតិ ជីវៈចម្រុះ ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើការនេសាទ ។ ពួកយើងនៅតែទទូចទៅដល់រដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តកោះកុង សូមធ្វើការដោះស្រាយបញ្ហានេះជាប្រញាប់ ចៀសវាងមានការបូមខ្សាច់បន្តទៀត ដែលនាំឲ្យវិនាសធនធានធម្មជាតិ ។ ពួកយើងនៅតែទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពនេះ។ បើទោះបីជាមានការលើកឡើងថា ការបូមខ្សាច់នេះ មានអាជ្ញាប័ណ្ណក៏ដោយ។ យើងមិនគាំទ្រសកម្មភាពណាដែលបំផ្លាញទៅលើសម្បត្តិធនធានធម្មជាតិនោះទេ។ ក្នុងនាមជាអ្នកទទួលប្រាក់ខែពីរដ្ឋ សូមមេត្តាបម្រើរាស្ដ្រ បម្រើឲ្យផលប្រយោជន៍រួម ចៀសជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អំណាច បុណ្យស័ក្កិ “ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ យុវជនចលនាមាតាធម្មជាតិ កញ្ញាធួន ស្រីពៅ បញ្ជាក់ថា ពាក់ព័ន្ធនឹងការបូមខ្សាច់ នៅតំបន់រ៉ាមសារ កោះការពិ ដំបូងឡើយមានតែសាឡង់មួយប៉ុណ្ណោះផ្ទុកខ្សាច់ពេញ ហើយដឹកចេញពីកោះស្រឡៅ បន្ទាប់មកសាឡង់៣ផ្សេងទៀតក៏មកតាមក្រោយ។ នៅពេលសាកសួរទិសដៅសាឡង់នេះ ពីអ្នកភូមិនៅទីនោះ អ្នកភូមិបានប្រាប់ថា គឺសាឡង់បានដឹកទៅចាក់នៅឆ្នេរកោះកុងក្រៅ របស់អ្នកឧកញ៉ា លី យ៉ុងផាត់។ កញ្ញាស្រីពៅ បន្តថា នៅតំបន់កោះស្រឡៅ មិនត្រឹមតែមានសកម្មភាពបូមខ្សាច់ប៉ុណ្ណោះទេ ថែមទាំងមានការកាប់បំផ្លាញព្រៃកោងកាងផងដែរ ហើយនៅពេលជួបអ្នកភូមិនោះ ពួកគាត់ត្អូញត្អែរថា សាឡង់បូមខ្សាច់ បានលេចប្រេង បណ្ដាលឲ្យប៉ះពាល់ជីវចម្រុះនៅក្នុងទឹក និងធ្លាក់ចុះនូវផលនេសាទ ។ កញ្ញា បានសម្ដែងការសោកស្ដាយចំពោះការប្រើលេសអភិវឌ្ឍ ដើម្បីទាញយកផលចំណេញសម្រាប់មនុស្សមួយក្ដាប់តូច ប៉ុន្តែបង្កទុក្ខសោករាប់មិនអស់ដល់ពលរដ្ឋក្នុងតំបន់ ។
ជាមួយគ្នានោះដែរ លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន បានបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រទះឃើញសាឡង់បូមខ្សាច់ បានចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញ នៅតំបន់កោះស្រឡៅ ខេត្តកោះកុង បន្ទាប់ពីអាជីវកម្មបូមខ្សាច់ នៅតំបន់កោះស្រឡៅនេះ បានផ្អាកអស់រយៈពេល៨ឆ្នាំមកហើយ ក្រោយពីពលរដ្ឋធ្វើបាតុកម្មតវ៉ា។ លោកបន្តថា ចំពោះការបូមខ្សាច់នេះ កន្លងមកធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មិនសប្បាយចិត្តឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់របរនេសាទរបស់ពួកគាត់ ជាហេតុនាំឲ្យមានបាតុកម្មតវ៉ាពីប្រជាពលរដ្ឋ។
លោកសាន់ ម៉ាឡា បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពសាឡាង២ បូមខ្សាច់យ៉ាងសកម្ម ដាក់លើកប៉ាល់ដឹកខ្សាច់ដ៏ធំមួយ នៅតំបន់រ៉ាមសារ កោះកាពិ និងកោះស្រឡៅ ដោយលោកបានបញ្ជាក់ថា តំបន់កោះស្រឡៅ ស្ថិតក្នុងឃុំកោះកាពិ ខេត្តកោះកុង ជាតំបន់មួយដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ ពីព្រោះតំបន់នោះមានជីវចម្រុះ និងធនធានធម្មជាតិ ព្រមទាំងមានព្រៃកោងកាង ជាដើម។ ដូច្នេះរាជរដ្ឋាភិបាល គួរធ្វើការអភិវឌ្ឍតំបន់នោះ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ជាជាងការផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មបូមខ្សាច់ នាំឲ្យប៉ះពាល់ដល់ជីវចម្រុះ ធនធានធម្មជាតិ និងប៉ះពាល់ដល់របរនេសាទរបស់ប្រជាពលរដ្ឋ។
ដោយឡែក លោកម៉ា ចត្រា សកម្មជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពាក់ព័ន្ធធនធានធម្មជាតិនេះ រាជរដ្ឋាភិបាលល្មមឈប់លក់ដូរទៅឲ្យបរទេសទៀតទៅ គឺគួរច្នៃវាដោយខ្លួនឯង ឲ្យក្លាយជាផលិតផលសម្រេចនៅក្នុងស្រុក ដើម្បីនាំចេញទៅក្រៅប្រទេសវិញ ។ បើសិនជាច្នៃបាន វាជាចំណូលសេដ្ឋកិច្ចជាតិទាំងមូល បានទាំងកម្លាំងពលកម្មនៅក្នុងស្រុក គឺកម្មករក៏បានប្រាក់ខែ ឯរាជរដ្ឋាភិបាល ក៏បានពន្ធ ទៅតាមហ្នឹងដែរ ។
លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “ បាទ! ពាក់ព័ន្ធទៅនឹងការលក់ដូរនូវធនធានធម្មជាតិនេះ ខ្ញុំគិតថា រដ្ឋាភិបាលល្មមឈប់លក់ដូរទៀតទៅ យើងទុកកែច្នែខ្លួនឯងវិញ ។ យើងមើលដូចកន្លងមក សូម្បីតែរ៉ែ សូម្បីខ្សាច់ក៏លក់ទៅបរទេស សូម្បីតែឈើហ្នឹងក៏លក់ទៅបរទេស ។ ហេតុអីក៏រដ្ឋាភិបាលមិនមានគំនិតក្នុងការច្នៃប្រឌិតឲ្យវាទៅជាវត្ថុសម្រេច ដើម្បីនាំចេញ? ហេតុអីក៏រដ្ឋាភិបាលយើងចូលចិត្តក្នុងការចេញនូវវត្ថុធាតុដើមបែបនេះ? សាមសិបឆ្នាំហើយ រដ្ឋាភិបាលគួរតែមានធនធានដើម្បីធ្វើការអភិវឌ្ឍវាដោយខ្លួនឯង គួរតែមានការកែច្នៃវាដោយខ្លួនឯង ជាជាងការលក់ឲ្យបរទេស ។ យើងមើលរដ្ឋយើងនាំចេញសព្វបែបយ៉ាង ឲ្យតែពាក់ព័ន្ធទៅនឹងវត្ថុធាតុដើម ។ មិនថាតែធនធានធម្មជាតិទេ សូម្បីតែស្រូវហ្នឹង យើងមើលរដ្ឋយើងហេតុអីអត់អាចទាក់ទាញអ្នកវិនិយោគិនឲ្យមកវិនិយោគទៅជាវត្ថុសម្រេចដើម្បីនាំចេញ ។ យើងមើលដូចស្រូវ យើងអត់កែច្នៃវាជាអង្ករ យើងនាំចេញស្រូវទៅបរទេស ខណៈបរទេសជិតខាង គេនាំចេញអង្ករទៅប្រទេសផ្សេងទៀត ។ អាហ្នឹងគេចំណេញលើយើងច្រើនតង់ ហេតុអីក៏យើងអត់អាចទាក់ទាញវិនិយោគិនឲ្យគេមកជួយកែច្នៃផលិតផលក្នុងស្រុកហ្នឹង ឲ្យវាទៅជាផលិតផលសម្រេច ដើម្បីដាក់នៅលក់នៅទីផ្សារអន្តរជាតិ? “។
លោកម៉ា ចិត្រា បន្តថា “ អាហ្នឹងជាការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថា រដ្ឋាភិបាលមកដល់ពេលនេះ គួរតែមានលទ្ធភាពក្នុងការធ្វើរឿងមួយនេះ ព្រោះរដ្ឋាភិបាលគាត់តែងអះអាងថា រដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសអីអ៊ីចឹងជាដើម ។ អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាលគួរតែរកគន្លឹះណាមួយដើម្បីកែច្នៃវាឡើងវិញ ទាំងស្រូវក៏ដោយ ទាំងធនធម្មជាតិក៏ដោយ ព្រៃឈើក៏ដោយ ។ យើងឃើញកន្លងមក អ្វីដែលយើងបានដឹងកន្លងមកហ្នឹង គឺមានក្រុមហ៊ុននាំចេញឈើដែលមិនមែនជាឈើកែច្នៃហ្នឹងទៅលក់ឲ្យប្ររទេសទៀត ។ អាហ្នឹងហើយដែលជាបញ្ហានៅក្នុងប្រទេសយើង ដែលរដ្ឋាភិបាលត្រូវតែពិចារណាក្នុងការដោះស្រាយវា ព្រោះបើសិនជាយើងច្នៃបាន វាជាចំណូលសេដ្ឋកិច្ចជាតិទាំងមូល បានទាំងកម្លាំងពលកម្មនៅក្នុងស្រុកយើង ក៏បានប្រាក់ខែ រដ្ឋាភិបាល ក៏បានពន្ធទៅតាមហ្នឹងដែរ ។ អាហ្នឹងខ្ញុំយល់ឃើញថា រដ្ឋាភិបាលគួរតែគិតគូរទៅរឿងហ្នឹងឡើងវិញ “ ។
ជុំវិញការលើកឡើងរបស់អង្គការមាតាធម្មជាតិ និងសកម្មជនបរិស្ថាន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានទេ កាលពីម្សិលមិញ ។
ប៉ុន្តែទោះយ៉ាងណា កាលពីឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានបញ្ឈប់ការនាំខ្សាច់គ្រប់ប្រភេទ ពីខេត្តកោះកុង ចេញទៅលក់នៅក្រៅប្រទេស។ កាលនោះ ក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ការបញ្ឈប់នេះ គឺដើម្បីចៀសវាងការបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថាន ជលសាស្ត្រ និងសង្គម រួមទាំងដើម្បីការពារផលប្រយោជន៍សាធារណៈ រយៈពេលវែង ។ ជាងនេះទៅទៀត ក្រសួងរ៉ែនិងថាមពល យល់ឃើញថា ខ្សាច់និងខ្សាច់ល្បាយភក់ គឺជាធនធានរ៉ែមានតម្លៃ និងជាវត្ថុធាតុដើមសំខាន់ ចាំបាច់មិនអាចខ្វះបានសម្រាប់វិស័យសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា។ ដូច្នេះក្រៅពីបញ្ឈប់ការនាំចេញ ក្រសួង ក៏កំណត់គោលការណ៍សំខាន់ៗ យ៉ាងហោច៤ គឺមានដូចជា ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ មិនត្រូវបង្កផលប៉ះពាល់ដល់លំនឹងជលសាស្ត្រ ឬធ្វើឲ្យខូចបរិស្ថានធម្មជាតិ, មិនត្រូវបង្កឲ្យប៉ះពាល់ប្រែប្រួលទម្រង់សណ្ឋានរូបសាស្ត្រនៃផ្លូវទឹក ឬធ្វើឲ្យបាក់ច្រាំង និងមិនត្រូវបំពុលគុណភាពទឹកជាដើម ។
គួរបញ្ជាក់ដែរថា តំបន់រ៉ាមសារ គឺជាតំបន់ដីសើមដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យនៃតំបន់ដីសើមដែលមានសារសំខាន់ជាអន្តរជាតិ ជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍ ដូចជា វត្តមានប្រភេទសត្វកម្រ និងកំពុងរងគ្រោះ,ជីវចម្រុះ, វដ្តនៃជីវិត និងជម្រក ជាដើម។ អនុសញ្ញាតំបន់ដីសើម ឬអនុសញ្ញារ៉ាមសារ ត្រូវបានបង្កើតឡើងនៅក្រុងរ៉ាមសារ ប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៧១។ កម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញានេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩ ។ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានចុះបញ្ជីតំបន់រ៉ាមសារចំនួន៥ ដែលស្ថិតក្នុងខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា រួមមានៈ ១. តំបន់រ៉ាមសារបឹងទន្លេឆ្មារ ២. តំបន់រ៉ាមសារស្ទឹងត្រែង ៣. តំបន់រ៉ាមសារព្រែកទាល់ ៤. តំបន់រ៉ាមសារស្ទឹងសែន និង៥. តំបន់រ៉ាមសារកោះកាពិ ស្ថិតក្នុងខេត្តកោះកុង (មានផ្ទៃដីទំហំ១២ម៉ឺនហិកតារ និងត្រូវបានចុះបញ្ជីលេខ៩៩៩ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ។ ប៉ុន្តែនៅឆ្នាំ២០២៣ តំបន់រ៉ាមសារកោះកាពិ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ សម្រេចកែប្រែតំបន់រ៉ាមសារកោះកាពិ ពីផ្ទៃដីទំហំ ១២.០០០ហិកតារ មកផ្ទៃដីទំហំ ១៤.០២៩ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីធានាការពារជីវចម្រុះ បរិស្ថាន និងធម្មជាតិ។
យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានឱ្យដឹងថា អនុក្រឹត្យនេះ មានគោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងបរិស្ថាន , ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងកិត្យានុភាពជាតិលើឆាកអន្តរជាតិ លើការគ្រប់គ្រងតំបន់ដីសើម ប្រកបដោយភាពឈ្លាសវៃ និងនិរន្តរភាព ។
បើតាមអនុក្រឹត្យនេះ ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកោះកុង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ដោយឡែក លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី មានជាអាទិ៍ ដីលំនៅឋាន ដីស្រែចម្ការ ដីអាស្រ័យផលស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិ អនុក្រឹត្យនេះ ។
បើតាមក្រសួងបរិស្ថាន តំបន់រ៉ាមសារកោះកាពិ ផ្ដល់ប្រភពសារធាតុចិញ្ចឹម គាំទ្រដល់ការនេសាទតាមឆ្នេរសមុទ្រ ហើយវាមានព្រៃកោងកាង ដែលជាជម្រករបស់សត្វស្លាបកម្រ ដូចជា សត្វត្រយ៉ងយក្ស និងថនិកសត្វ ដែលកំពុងរងការគំរាមកំហែងជាសកល ដូចជា ពង្រួល និងស្វាព្រាម ជាដើម…៕