Thursday, January 23, 2025
Homeព័ត៌មានជាតិព្រះអង្គចន្ទមុនី ព្រហ្មខឹម វាសនា ថាល្បីព្រោះគ្រូវិបស្សនាលោកជើងទូលលើក្បាល

ព្រះអង្គចន្ទមុនី ព្រហ្មខឹម វាសនា ថាល្បីព្រោះគ្រូវិបស្សនាលោកជើងទូលលើក្បាល

ខេត្តសៀមរាបៈ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បានលើកឡើងថា ព្រះសង្ឃធុតង្គ ព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ល្បីដោយសារគ្រូវិបស្សនា លើកជើងដាក់ទូលក្បាល ។ ប៉ុន្តែពុទ្ធបរិស័ទជាច្រើន ជាពិសេសគ្រូវិបស្សនាផ្ទាល់ ដែលគោរពជឿលើព្រះអង្គចន្ទមុនី ថាជាអ្នកមានបុណ្យ ជាទេវតាដើរដី បានឆ្លើយតបទៅលោកខឹម វាសនា ថា ព្រះសង្ឃធុតង្គ ចន្ទមុនី ល្បី ដោយសារមានបុណ្យបារមី គួរឲ្យគោរព ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្នុងការថ្លែងទៅកាន់សាវ័ក និងសមាជិក LDP នៅក្នុងចម្ការ នាជើងភ្នំគូលែន លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបន្តវាយប្រហារ និងជេរប្រមាថព្រះសង្ឃធុតង្គ ចន្ទមុនី ចៅអធិការវត្តចន្ទប្បជោត្តនារាម វត្តតាសុត ខេត្តកំពង់ឆ្នាំង ដែលកំពុងល្បីស្ទើរពេញមួយនគរខ្មែរ ថាជាលោកឪសួង ទី២ ទេវតាដើរដី ដោយហៅព្រះអង្គថា “អារុកដី” ជាពិសេសលោកខឹម វាសនា បានលើកឡើងថា ព្រះអង្គចន្ទមុនី មិនល្បីសមទេ តែដោយសារតែគ្រូវិបស្សនាម្នាក់ លើកជើងព្រះអង្គដាក់ទូលលើក្បាល ទើបចាប់ផ្ដើមល្បីតាំងពីនោះមក ។

លោកខឹម វាសនា បានថ្លែងនៅពេលនោះថា “អាទេវតារុកដីនោះបក់ផ្លិត អ្ហូ!…ឡឺកឺសុទ្ធ! អាទេវតាហ្នឹង អញថា បានត្រឹមឆ្កែគ្រាន់បើហើយ អាហ្នឹងទេវតាហ្នឹង ហើយព្រះពុទ្ធថាម៉េច? ព្រះពុទ្ធថា គោរពបូជាបុគ្គលដែលមិនគួរបូជា ដូចពីណា? ថាដូចអារុកដីហ្នឹង ចុះនរក ដែលគេធាក់ពីក្រោយ វាល្ងង់! ឥឡូវទៅរកអារុកដីហ្នឹងទៀតហើយ! នគរខ្មែរនេះ កើតរឿងហួសហេតុៗ ដូចតែនគរខ្មែរហ្នឹង រឿងលោកិយហ្នឹង សាច់រឿង តួឯកកើតនៅនគរហ្នឹង ។ អ្ហែងមើលជំនាន់អាពតមើល? អ្ហែងដើររកទៅ ទូទាំងពិភពលោក ដែលមានអាណាសម្លាប់ជនជាតិឯង? ខ្មែរសម្លាប់ជនជាតិឯងអស់៣លាននាក់ អត់ដឹងរឿងអី ឈ្លោះគ្នារឿងសាសនាអត់ទេ ឈ្លោះគ្នារឿងអីអត់ទេ សម្លាប់គ្នារឿងអី? អញមិនដឹងដែរ ហើយមីងឯងអីថីហ្នឹងទៅជំនាន់អាពតហ្នឹង? អញមិនដឹងដែរ កាលហ្នឹងសម្ដេចហៅទៅ អញទៅនឹងគេទៅ ងាប់ទៅ អ៊ីចឹង! ហើយសូរថាងាប់ហ្នឹង មនុស្សចាស់ទៅ គេវ៉ៃយើង? អត់ទេ! កូនក្មេងអូសកាំភ្លើងផុតពីដីហ្នឹង ហើយបណ្ដើរមនុស្សចាស់ទាំងហ្វូងៗទៅវ៉ៃចោល ដូចអាទេវតារុកដីហ្នឹងអ៊ីចឹង គ្នាគ្មានចង់ល្បីអីហើយ ទើរៗទៅ ទៅនាំគ្នាយកជើងទៅដាក់លើក្បាល ដល់ពេលតែឃើញគ្រូវិបស្សនាយកជើងដាក់លើក្បាលប៉ុណ្ណឹងហើយថតបង្ហោះអ៊ីចេះអ៊ីចុះ ល្បីទៅ! ហ៊ឺ! អញថារឿងលោកិយហ្នឹង គឺថា រឿងតួឯក រឿងចម្លែកៗហ្នឹងកើតក្នុងនគរខ្មែរ នគរកណ្ដាល ហើយឲ្យតែតួអ្ហែងហ្នឹង គឺថា ទប់ខ្លួនមិនទាន់ទេ អាសាច់រឿងលោកិយហ្នឹងទាញទៅហើយ យល់ទេ? ឡប់ទៅហើយ! “ ។

ទោះបីយ៉ាងណា ជុំវិញការប្រមាថរបស់លោកខឹម វាសនា ខាងលើនេះ ជាងថតរូបអាជីពម្នាក់ ដែលជាអ្នកនៅក្បែរព្រះធម្មវនវាសី ចន្ទមុនី និងជាប្រជាពុទ្ធបរិស័ទម្នាក់ដែលមានជំនឿលើព្រះអង្គចន្ទមុនី ដូចប្រជាពុទ្ធបរិស័ទជាច្រើនទៀតនោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សម្ដីរបស់លោកខឹម វាសនា មិនមែនត្រឹមតែប្រមាថព្រះអង្គចន្ទមុនី មួយអង្គទេ កន្លងមកព្រះសង្ឃដទៃទៀតក្នុងព្រះពុទ្ធសាសនា ក៏មេបក្ស LDP ដែលតាំងខ្លួនជាព្រហ្មរក្សាលោក និងជាស្ដេចចក្រ រូបនេះ ធ្លាប់បានជេរប្រមាថផងដែរ ។ ដូច្នេះលោកមិនចង់តបតអីច្រើនទេ គ្រាន់តែចង់បញ្ជាក់ថា បាបកម្ម អ្នកណាសាង អ្នកនោះទទួល ហើយរឿងជំនឿសាសនា គ្មានអ្នកណាបង្ខំអ្នកណាឲ្យគោរពជឿទេ គឺជាការដោយការសង្កេតនិងការកំណត់ក្នុងចិត្តដោយខ្លួនឯង ។ បានន័យថា ព្រះសង្ឃធុតង្គចន្ទមុនី ល្បីល្បាញ ដោយសារតែពុទ្ធបរិស័ទមើលឃើញថា មានសីលបរិសុទ្ធពិតប្រាកដ និងមិនអួតអាងដូចខឹម វាសនា និងគ្រូមន្តអាគមអូមអាមផ្សេងៗនោះទេ គឺមិនមែនសុខៗព្រះអង្គល្បីទៅកើតទេ ។

បុរសខាងលើ បាននិយាយថា “ បាទ! សម្រាប់ខ្ញុំផ្ទាល់អត់ទៅរវល់នឹងរឿងដែលអត់ប្រយោជន៍នោះទេ គឺអត់មានប្រយោជន៍ទេ ព្រោះជាទូទៅ ខាងខឹម វាសនា តែប៉ុណ្ណឹងហើយ គឺឲ្យតែមានអ្នកណាងើបឡើង (ល្បី) ហើយ គឺគាត់ចាប់ផ្ដើមតោងពីគេ ។ អ៊ីចឹងវាអត់ជាបញ្ហាទេ គឺបើនិយាយទៅ គា្រន់តែជាអ្នកកំប្លែងមួយលេងសើចទេ ។ យ៉ាងណា ជុំវិញការប្រមាថនេះ ខ្ញុំគ្រាន់តែអាចបញ្ជាក់ថា អ្នកណាធ្វើ អ្នកហ្នឹងទទួល ។ មានន័យថា គាត់ (ខឹម វាសនា) ធ្វើអី គាត់ទទួលហ្នឹងហើយ ។ អ៊ីចឹងយើងអត់ទៅរវល់ជាមួយពួកហ្នឹងទេ (ក្រុម LDP) ។ អ្វីដែលសំខាន់នោះ ទាក់ទងភាពល្បីល្បាញរបស់ព្រះអង្គចន្ទមុនី នេះ ពុទ្ធបរិស័ទគាត់ជឿទៅលើអ្វីដែលគាត់បានឃើញ គឺទង្វើនិងសកម្មភាពរបស់លោកចេញមកតែប៉ុណ្ណឹង តាំងពីដើមដល់ចប់ គឺលោកតែប៉ុណ្ណឹង លោកអត់មានអួតអាងអីទេ លោកធម្មតាបែបលោក គ្រាន់តែអ្វីដែលលោកល្បីនេះ គឺដោយសារភាពបរិសុទ្ធរបស់លោក ភាពស្មោះត្រង់របស់លោក បើលោកនិយាយ គឺលោកបានធ្វើ ។ ជារួមទៅ សម្រាប់រឿងដែលពុទ្ធបរិស័ទ្ធជឿ គឺជឿទៅលើរឿងដែលលោកបានធ្វើ គឺលោកគ្រូគាត់មានភាពបរិសុទ្ធរបស់គាត់ គាត់អត់បានទៅអួតអាងអីទេ ហើយគាត់ក៏អត់ដែលបានយកផលប្រយោជន៍ពីអ្នកណាទៅដាក់ខ្លួនឯងដែរ” ។

គួររំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បុរសចំណាស់ម្នាក់ ដែលជាវេជ្ជបណ្ឌិត និងជាគ្រូវិបស្សនា ដែលគោរពជឿយ៉ាងមុតមាំទៅលើព្រះសង្ឃធុតង្គ ចន្ទមុនី បានលើកជើងព្រះអង្គ ដាក់លើក្បាលរបស់គាត់ នៅពេលក្រាបថ្វាយបង្គំព្រះអង្គ ធ្វើឲ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើល និងបានបញ្ចេញមតិរិះគន់ថា ជាទង្វើមិនស័ក្ដិសម ហើយក៏មានចែករំលែក ល្បីតៗគ្នានៅពេលនោះដែរថា ព្រះសង្ឃចន្ទមុនី មានព្រះជន្ម ១២២ ព្រះវស្សាទៀតផង និងខ្លះទៀតល្បីថា ជាលោកឪសួង ទី២ ទេវតាដើរដី ជាដើម ។

ក្រោយពីមហាជនផ្ទុះការរិះគន់ និងផ្ទុះការរិះគន់វែកញែករួចមក មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង បានចេញលិខិតស្រាយបំភ្លឺមួយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោកឧបាសកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ថោង នីដាមុនី រួមជាមួយពុទ្ធបរិស័ទចំនួន ១០០ នាក់ បានទៅជួបព្រះតេជគុណស៊ុន ចាន់វីរៈ ហៅចន្ទមុនី ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបានសួរសំណួរចំនួនពីរ ទៅកាន់ព្រះតេជគុណ ហើយបន្ទាប់ពីព្រះតេជគុណបានឆ្លើយសំណួរត្រឹមត្រូវ លោកសាស្ត្រារ្យ ក៏បានថ្វាយបង្គំ និងសុំព្រះតេជគុណលើកជើងដាក់លើក្បាល ប៉ុន្តែព្រះតេជគុណបានបដិសេធ ដោយមានថេរដីកាប្រាប់ថា គ្រាន់តែថ្វាយបង្គំបានហើយ។ តែទោះជាយ៉ាងណា លោកសាស្រ្តាចារ្យថោង នីដាមុនី មិនព្រម ហើយបន្តថ្វាយបង្គំ រួចយកដៃទាញជើងព្រះតេជគុណដាក់លើក្បាលរបស់គាត់តែម្តង ដោយព្រះតេជគុណពុំបានដឹងខ្លួនមុននោះទេ។

ដោយឡែក ពាក់ព័ន្ធរឿងល្បីតៗគ្នាថា មានព្រះជន្ម១២២ព្រះវស្សា គឺពុំមានជាការពិតនោះទេ ដោយព្រះអង្គចន្ទមុនី បានបញ្ជាក់ឲ្យដឹងថា លោកសាស្ត្រារ្យថោង នីដាមុនី និងក្រុមញាតិរបស់គាត់បានសួរអាចារ្យនៅក្នុងវត្ត អំពីរូបសំណាកលោកឪសួង ហើយអាចារ្យ បានបកស្រាយថា លោកឪសួង បានសុគត អស់រយៈពេល ៧៨ព្រះវស្សា មកហើយ។ គិតមកទល់បច្ចុប្បន្ន បើលោកឪសួង នៅមានជីវិត ប្រហែលព្រះជន្ម១២០ព្រះវស្សា មិនមែនព្រះអង្គមានព្រះជន្ម១២២ព្រះវស្សានោះទេ ហើយព្រះអង្គក៏បានយល់ព្រមអនុវត្តតាមការណែនាំរបស់ព្រះមន្រ្តីសង្ឃខេត្ត និងមន្រ្តីសង្ឃស្រុក ដោយសន្យាថា នឹងមិនឲ្យមានបញ្ហាអ្វីកើតឡើងទៀតទេ ។

បន្ទាប់ពីពេលនោះមក ស្រាប់តែព្រះធម្មវនវាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានការ​ចាប់អារម្មណ៍ និងការគោរព ជឿជាក់​ពីសំណាក់អ្នកកាន់ព្រះពុទ្ធសាសនា និងអ្នក​មានជំនឿ​ ដោយប្រជាពលរដ្ឋ​រាប់​រយរាប់ពាន់​នាក់ បានចូលទៅថ្វាយបង្គំព្រះអង្គ​ និងចង់ឃើញ​ព្រះភ័​ក្ត្រ​ព្រះ​អ​ង្គ​​ផ្ទាល់ ដល់ទីអារ៉ាម និងល្បីសុសសាយពេញផ្ទៃប្រទេស មកទល់សព្វថ្ងៃ ដែលពេលព្រះអង្គនិមន្តទៅណា តែមានប្រជាពុទ្ធបរិស័ទទៅចោមរោមថ្វាយបង្គំ សុំពរជ័យភ្លូកទឹកភ្លូកដី ៕

RELATED ARTICLES