Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្រុមចាប់ជំរិត វ៉ៃខ្នោះ៤១នាក់

បង្ក្រាបក្រុមចាប់ជំរិត វ៉ៃខ្នោះ៤១នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ បានធ្វើការ ឡោមព័ទ្ធនិងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៤១នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ចាប់ជំរិត និងល្បែង អនឡាញខុសច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងនារីម្នាក់ជាជន ជាតិវៀតណាម ចេះនិយាយភាសាខ្មែរ និងអះអាងថា ប្អូនប្រុសរបស់នាង ត្រូវបានគេចាប់ជំរិត ទារប្រាក់ចំនួន២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង។ ប៉ុន្តែក្រុមឧក្រិដ្ឋជន បានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ស្ត្រីជាបងស្រីរបស់ជនរងគ្រោះ បានប្រាប់ឱ្យដឹងទៀតថា ប្អូនប្រុសរបស់នាង បានផ្ញើសារប្រាប់ ពីទីតាំង ដែលក្រុមចាប់ជំរិតនោះ មកឱ្យនាង គឺស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ច មកទីតាំង ខាងលើនេះតែម្តង។

ក្នុងរង្វង់ប្រតិបត្តិការខាងលើ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះមកដល់ឡោម ព័ទ្ធទីតាំងមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យសរុប ចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេស ចំនួន៣៣នាក់ (ស្រី១) និងជនជាតិខ្មែរ ចំនួន៨នាក់។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្ត ចំនួន៤គ្រឿង រួមមាន រថយន្តម៉ាករ៉ូលរ៉ូយ ១គ្រឿង ម៉ាកធុនត្រា ១គ្រឿង ម៉ាកអាល់ហ្វាត ១គ្រឿង ម៉ាកឡង់គ្រីសឺរ ១គ្រឿង ទូរស័ព្ទដៃ ចំនួន១៧គ្រឿង និងម៉ូតូ ២គ្រឿង។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននាំយកមកសាកសួរនិងរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES