ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិអ្វីដោះស្រាយមិនចេញ បានគិតខ្លី បញ្ចប់ជីវិតខ្លួនឯង ដោយលោត ពីលើស្ពានជ្រោយចង្វា ចូលទឹកទាំងកំរោល បណ្តាលឱ្យលិចបាត់ខ្លួនឈឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។បុរសដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះទ្រី ប៉ូយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ៣៣ ១-០០៨៥ ធ្វើដំណើរឡើងទៅលើស្ពានជ្រោយចង្វា។ លុះមកដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូ រួចដោះស្បែកជើង និងទុកកាបូប ក្បែរម៉ូតូ រួចស្ទុះលោតចូលទឹកតែម្តង។
ប្រភពដដែល បន្តថា បន្ទាប់ពីលោតចុះដល់ក្នុងទឹកទន្លេភ្លាម ជនរងគ្រោះលិចចូលក្នុងទឹកបាត់តែម្តងមិន ឃើញផុសឡើងមកវិញសោះ ហើយភ្លាមនោះ អ្នកប្រទះឃើញហេតុការណ៍ ប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ច ដើម្បីឱ្យមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ និងបានរកឃើញសម្ភារៈ ដែលជនរងគ្រោះ បន្សល់ទុក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ៣៣ ១-០០៨៥ ស្បែកជើង ក្រវាត់ពណ៌ខ្មៅ ១គូ មួកការពារសុវត្ថិភាព ពណ៌ខ្មៅ១ និងកាតាបចំនួន១ រួមទាំងកាតបេឡាជាតិរបប សន្តិសុខសង្គម ១សន្លឹក និងកាតវ៉ាក់សាំងកូវីដ ១សន្លឹក មានឈ្មោះទ្រី ប៉ូយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ។សម្ភារៈរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល៕