Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីជលផល តាមរកមុខអ្នកឆក់ផ្សោតងាប់

មន្ត្រីជលផល តាមរកមុខអ្នកឆក់ផ្សោតងាប់

ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ប្រកាសថាដាក់ទោសធ្ងន់ចំពោះអ្នកឆក់សត្វផ្សោត បណ្តាលឱ្យងាប់ និងសន្យាផ្តល់រង្វាន់ដល់អ្នករាយការណ៍ដល់សមត្ថកិច្ចទៀតផង។

លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចំពោះបញ្ហានេះ រដ្ឋបាល ជលផល នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆក់នេះ និងដាក់ទោស ទណ្ឌធ្ងន់ដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។

ជាមួយគ្នានេះ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផល នឹងផ្តល់ ជូននូវរង្វាន់លើកទឹកចិត្តផងដែរ។

សូមបញ្ជាក់ថា សត្វផ្សោត មួយក្បាល បានងាប់អណ្តែតទៅទើរនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ក្នុងទឹកដីខេត្តស្ទឹងត្រែង ដែលត្រូវបានគេប្រទះឃើញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនេសាទម្នាក់ ឈ្មោះប៊ន បុត ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកបានប្រទះឃើញសត្វផ្សោតងាប់ នៅចំណុចកើតហេតុខាងលើ បានរាយការណ៍ទៅឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍កោះជ្រឹមភ្លាមៗ គ្រានោះដែរ ក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍កោះជ្រឹម បានបន្តផ្តល់ព័ត៌មានដល់មន្ត្រីខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF ដើម្បីមកពិនិត្យ និងធ្វើកោសល្យវិច័យ។

ក្រោយពីធ្វើកោសល្យវិច័យ និងវាស់ថ្លឹងរួច ក្រុមការងារបានឱ្យដឹងថា សត្វផ្សោតដែលងាប់ ជាផ្សោតឈ្មោល មានទម្ងន់ ៦៥គីឡូក្រាម ប្រវែង ១៩៤សង់ទីម៉ែត្រ អាយុប្រមាណ៧ឆ្នាំ និងមានស្នាមជាំលើក្បាល និងដងខ្លួន។ មូលហេតុនៃការងាប់ ដោយសាអ្នកនេសាទប្រើឧបករណ៍ឆក់។

គួរបញ្ជាក់ដែរថា សម្រាប់ក្នុងឆ្នាំ២០២៣ នេះ ផ្សោតកើតបាន ចំនួន៨ក្បាល និងងាប់ ៥ក្បាល ក្នុងនោះកូនផ្សោត ងាប់២ក្បាល ជំទង់ ២ក្បាល និងងាប់ដោយចាស់ជរា ១ក្បាល។ បច្ចុប្បន្នសត្វផ្សោត ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មានប្រមាណ ៣០ក្បាល៕

RELATED ARTICLES