Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរបរទេស៣នាក់ ស្ទាក់ប្លន់គ្នាឯង ជាប់ខ្នោះ២

 ចោរបរទេស៣នាក់ ស្ទាក់ប្លន់គ្នាឯង ជាប់ខ្នោះ២

ខេត្តកំពត ៖ បុរសជាជនបរទេសម្នាក់ បើករថយន្តសំដៅទៅកម្សាន្តនៅខេត្តកែប លុះទៅដល់ចូលចាក់សាំង ក្នុងស្ថានីយប្រេងមួយកន្លែង បានជួបជនបរទេសចំនួន៣នាក់ ក្នុងនោះ មានម្នាក់ជាមនុស្សធ្លាប់ស្គាល់គ្នា បានបើករថយន្តមកកាក់ពីមុខ រួចចុះមកប្លន់យកទូរស័ព្ទដៃ ចំនួន២គ្រឿង និងប្រាក់ ចំនួន១៥០០ដុល្លារ រួចនាំ គ្នាបើករថយន្តគេចខ្លួនបាត់ លុះជនរងគ្រោះប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ឈានដល់ការឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីជនបរទេសស្ទាក់ប្លន់គ្នាឯងនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចស្ថានីយ ប្រេងឥន្ធនៈ តេលា មួយកន្លែង ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ CHAUDHARY FAHAD សញ្ជាតិប៉ាគីស្ថាន បាត់បង់ ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាក iPhone14 ចំនួន១គ្រឿង និងម៉ាក SAMSUNG Galaxy ពណ៌ខ្មៅ ចំនួន១គ្រឿង) និងលុយចំនួន១៥០០ដុល្លារ។

របាយការណ៍ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្ត ១គ្រឿង ម៉ាកហាយឡែន ដឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9132 តែម្នាក់ឯងគោលបំណងទៅខេត្តកែប លុះធ្វើដំណើរ មកដល់ស្ថានីយប្រេងឥន្ធនៈ តេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូក ក៏បានឈប់ ចាក់ប្រេង ស្រាប់តែត្រូវក្រុមជនសង្ស័យ ៣នាក់ មានម្នាក់ជាជនជាតិប៉ាគីស្ថាន (ធ្លាប់ស្គាល់គ្នា) ឈ្មោះ ABBAS AMJAD ភេទប្រុស ស្នាក់នៅកែប ជិះរថយន្ត ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ BF-5495 មកពីកែប។ ពេលនោះ ជនរងគ្រោះបម្រុងជិះចេញពីកន្លែងចាក់ប្រេង ស្រាប់តែក្រុមជនសង្ស័យ បានជិះរថយន្តមកបាំងមុខឡានរបស់ជនរងគ្រោះ រួចហៅជនរងគ្រោះឱ្យចុះពីរថយន្ត ហើយលូកយកសម្ភារ ពីហោប៉ៅជនរងគ្រោះ។ ពេលយកបាន ក្រុមជនសង្ស័យ បានជិះរថយន្តគេចសំដៅទៅទីរួមខេត្តកំពត។

ក្រោយទទួលបានព័ត៌មានភ្លាម និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងជំនាញបានបើកការស្រាវជ្រាវជាបន្តបន្ទាប់ លុះរំលងបានប៉ុន្មានម៉ោង ក្រោយមក សមត្ថកិច្ចឈានដល់ការបង្ក្រាបក្រុមជនសង្ស័យ បានចំនួន២នាក់ ទី១-ឈ្មោះ ABBAS AMJAD ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិប៉ាគីស្ថាន និងទី២-ឈ្មោះ TAL WINDER ភេទប្រុស អាយុ៣៤ឆ្នាំ ជាជន ជាតិឥណ្ឌា។ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីចាត់ការ បន្តតាមនីតិវិធី។ រីឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោស តាមច្បាប់៕

RELATED ARTICLES