Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ញើថ្នាំញៀន១គីឡូ ទៅវៀតណាម ជាប់ខ្នោះ៣នាក់

ផ្ញើថ្នាំញៀន១គីឡូ ទៅវៀតណាម ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាប ករណីបញ្ជូនគ្រឿងញៀនតាមកញ្ចប់បញ្ញើ ពីកម្ពុជា ទៅវៀតណាម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀត ណាម ចំនួន ៣នាក់ រឹបអូសថ្នាំញៀន ជិត១គីឡូក្រាម និងសារធាតុមិនច្បាស់ ជាង៦០គីឡូក្រាមថែមទៀត។

ប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែន ប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

តាមប្រភពពីសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទទួលព័ត៌មានពីតំណាង ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ពីភ្នំពេញ ទៅក្រុងហូជីមិញ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា កម្លាំងជំនាញ (ក៥) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការត្រួតពិនិត្យឥវ៉ាន់បញ្ញើមិនប្រក្រតី ចំនួន២ ឡាំងក្រដាស។

បន្ទាប់ពីពិនិត្យរកឃើញកញ្ចប់ម្សៅពណ៌ស ជាសារធាតុញៀនប្រភេទកេតាមីន ៥ថង់ ទម្ងន់ ៩៩២ក្រាម និងសារធាតុរាវចំនួន ១០៤កញ្ចប់ ទម្ងន់ជាង៦០គីឡូក្រាម។ ដោយឡែកជនសង្ស័យទាំង៣នាក់ ដែល ត្រូវសមត្ថកិច្ចចាប់ខ្លួន រួមមាន ទី១-ឈ្មោះង្វៀង វ៉ាន់ហ៊ីប ភេទប្រុស អាយុ២៣ឆ្នាំ (កើតឆ្នាំ២០០០)។ ទី២-ឈ្មោះង្វៀង វ៉ាន់ធឹង ភេទប្រុស អាយុ២២ឆ្នាំ (កើតឆ្នាំ២០០១) និងទី៣-ឈ្មោះង៉ូ វីហ្វឿង ភេទប្រុស អាយុ២៣ឆ្នាំ (កើតឆ្នាំ២០០០)។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES