ភ្នំពេញ៖ពិធីការិនីហង្សមាសរស់ សុធាវី បានចេញសារថានាងត្រូវអវត្តមានពីកញ្ចក់ទូរទស្សន៍ និងក្រុមហ៊ុនAgency មួយចំនួនដែលគេកក់រួចហើយ តែមិនអាចធ្វើការងារទាំងនោះបាន ពិសេសគឺម្ចាស់រោងការដល់ទៅ៩រោង ការទទួលធ្វើMC ឲ្យក្រុមហ៊ុនឯកជនមួយរយៈពេល៣ថ្ងៃ ក្នុងថ្ងៃបុណ្យអុំទូក ដែលត្រូវអាកខានទៅវិញ ខណៈដែលនាងក៍បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំហង្សមាស និងបណ្ដារក្រុមហ៊ុនទាំងឡាយដែលមានការយោគយល់ដល់នាងទទួលការងារទាំងនោះរួចតែមិនបានបំពេញនោះដែរ។ក្រោយមានការលើកឡើងបែបនេះមានការសង្ស័យថាសុធាវី អាចនឹងលាឈប់ជាMC ពីស្ថានីយ៍ទូរទស្សន៍ហង្សមាស ឬអាជីពសិល្បៈបានជានាងត្រូវឆាចោលការងារទាំងនោះជាច្រើនក្នុងពេលតែមួយបែបនេះ។
ជុំវិញរឿងរ៉ាវនេះពិធីការិនីរស់ សុធាវី បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកកាលពីរសៀលថ្ងៃទី២០ វិចិ្ឆកា ថានាងពិតជារវល់ច្រើនមែននៅអំឡុងខែ១១ និង១២ ចុងឆ្នាំ២០២៣ នេះព្រោះការងារខ្លះគេកក់នាងមុនតាំងពីកន្លះឬ១ឆ្នាំឯណ្ណោះ ហើយនាងក៍ឆ្លើយOK ។ប៉ុន្ដែពេលនេះនាងមិនអាចធ្វើបានដោយសារតែមានការបន្ទាន់ទាក់ទងបញ្ហាផ្ទាល់ខ្លួនទាក់ទងជាមួយក្រុមគ្រួសារ ហើយនាងត្រូវចេញទៅក្រៅស្រុករយៈពេលដល់ទៅ៤សប្ដាហ៍ឯណ្ណោះ ដើម្បីធ្វើកិច្ចការងារមួយចំនួនដែលត្រូវបំពេញ។ប៉ុន្ដែពិធីការិនីរូបស្រស់រូបនេះថានាងមិនអាចនិយាយបានទេថាតើការងារដែលនាងនឹងទៅធ្វើនោះជារឿងអ្វី ព្រោះជារឿងឯកជន។
តាមរយៈការងារខាងលើដែលរស់ សុធាវី ត្រូវលុបចោល(Cancel )នោះត្រូវបានគេប្រមាណថាមានតម្លៃនៃប្រាក់ចំណូលម៉ឺនដុល្លារ បើនាងមិនអាកខានទេ។ប៉ុន្ដែដោយសារតែមានការងារចាំបាច់ត្រូវបំពេញ ហេតុនេះហើយសុធាវី អាចនឹងវិលវិញនៅចុងខែ១២ ឬដើមឆ្នាំ២០២៤ ពោលគឺនាងមិនបោះបង់ឬចាកចេញពីអាជីពសិល្បៈជារៀងរហូតនោះទេ ដែលមានន័យថានៅពេលបំពេញកិច្ចការដែលនាងចាត់ទុកថាជារឿង”បន្ទាន់”នៅក្រៅស្រុកចប់នាងនឹងវិលវិញជាមិនខាន ទាំងនៅហង្សមាស និងតាមបណ្ដារក្រុមហ៊ុនAgency ទាំងឡាយដូចមុន។
ថ្វីត្បិតតែរស់ សុធាវី មិនបញ្ជាក់ថានាងត្រូវទៅបរទេសធ្វើកិច្ចរឿងអ្វីដែលសំខាន់មិនអាចពន្យាពេលបានក្ដី ប៉ុន្ដែមានតារាខ្លះសង្ស័យថាសុធាវី អាចនឹងទៅបំពេញឯកសារដើម្បីទទួលបានទិដ្ឋាការ(Visa) ទៅរស់នៅបារាំង ជាអាចិនត្រេយ៍ ងាយស្រួលនាងចេញចូលខ្មែរ បារាំង …។ប៉ុន្ដែរឿងរ៉ាវទាំងនោះមិនត្រូវបានពិធីការនីហង្សមាសរូបនេះបញ្ជាក់នោះទេដោយនាងគ្រាន់តែប្រាប់ថាទៅក្រៅស្រុកដល់ទៅ៤អាទិត្យ ។ចំណែកFan របស់នាងក៍ចង់ឃើញសុធាវី បន្ដអាជីពសិល្បៈឡើងវិញជាធម្មតាក្នុងពេលដ៍ឆាប់វិញដែរ ព្រោះក្រៅពីរូបសម្រស់ទាក់ទាញសុធាវី ជាអ្នកពូកែអត្ថាធិប្បាយម្នាក់ក្នុងនាមជាMC ហើយនាងក៍មានសីលធ័មល្អទាំងនៅក្នុងរង្វង់សិល្បៈនិងជាមួយមហាជន។
គូររំលឹកថារស់ សុធាវី បានរៀបការជាមួយអាណិកជនខ្មែរមកពីបារាំងដែលជាអ្នកជំនួញម្នាក់កាលពីខែឧសភា ឆ្នាំ២០១៥ ហើយចំណងស្នេហាជាង៨ឆ្នាំនេះអ្នកទាំងពីរទទួលបានកូន២នាក់(ស្រី១)។ពិធីការិនីរូបនេះតាំងពីប្រឡូកសិល្បៈដំបូងរហូតដល់ចូលរោងការនាងមិនធ្លាប់ប៉ះរឿងអាស្រូវណាមួយនោះទេ ហើយនាងលេចធ្លោស្ថិតក្នុងចំណោមពិធីការិនីហង្សមាសលំដាប់ជូរមុខនាពេលបច្ចុប្បន្នផងដែរ។ប្រភពបានឲ្យដឹងថាម្ចាស់កម្មវិធីជាច្រើនពេញចិត្តនាងព្រោះសុធាវី និយាយបានល្អមិនចាញ់MC ល្បីៗជារៀមច្បងឡើយ ហេតុនេះហើយបានជាគ្រាន់តែឈានចូលរដូវក្ដៅនៅចុងឆ្នាំ២០២៣ នេះភ្លាមនាងមានម្ចាស់រោងការកក់ដល់ទៅ៩រោងរួមទាំងកម្មវិធីជាច្រើនទៀត ប៉ុន្ដែគូរឲ្យស្ដាយដែលនាងត្រូវអាកខានបែបនេះ។
ក្រៅពីរស់ សុធាវី តារាដែលមានគូស្នេហ៍ជាអាណិកជនខ្មែរនៅបារាំងមានដូចជាអ្នកនាងជិន សេរិយ៉ា ,ឈាន នីហ្សា,ម៉េង កែវពេជ្ជតា និងផូ មុន្នីពៅ(ស្វាមីជនជាតិបារាំង)ជាដើម ។សម្រាប់សុធាវី វិញធ្លាប់បង្ហើបថានាងអាចចេញចូលទៅទៅបារាំង តែមិនទាន់ចង់ទៅរស់នៅស្រុកគេជាអចិនត្រេយ៍ទេ ព្រោះនាងនៅតែស្រលាញ់អាជីពសិល្បៈហើយចង់បន្ដ ប៉ុន្ដែនាងចង់ឲ្យកូនៗទៅសិក្សារនៅបារាំង ។
ទស្សនិកជនរងចាំមើលថារស់ សុធាវី នឹងវិលរកអាជីពចាស់វិញនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ ២០២៤ ?