ភ្នំពេញ ៖ រថយន្ត ១គ្រឿង បានបើកបុកបង្គោលភ្លើង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ ចេញពីកន្លែងកើតហេតុ បន្សល់ទុករថយន្តនៅជាប់ នឹងបង្គោលភ្លើង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវមហា វិថីឈ្នះ-ឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្កហេតុ ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7227 បើកបរក្នុងទិសដៅពី ត្បូង ទៅជើង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ពេលគាត់ធ្វើដំណើរកាត់កន្លែងកើតហេតុ បានប្រទះ ឃើញរថយន្ត CRV ពណ៌ទឹកប្រាក់១គ្រឿង បើកភ្លើងសុំផ្លូវភ្លឹបភ្លែតៗ នៅជាប់របងរោងចក្រកាត់ដេរសម្លៀកបំពាក់ “អ៊េភល អឹភែរឹល(ខេមបូឌា)” ជាប់រោងចក្របឺរី។ នៅពេលនោះ គាត់បានទៅមើលរថយន្តម៉ាក CRV នោះ ដោយឃើញស្នាមបុករះ ចំណែកគ្រែអាជីវករលក់ដូរនៅមុខរោងចក្រ ក៏រងការខូចខាតអស់ជាច្រើនផងដែរ ហើយរថយន្តនោះជ្រុលទៅបុកបង្គោលភ្លើងទៀត បណ្តាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ រីឯបង្គោលភ្លើង ក៏រងការខូចខាតតិចតួចដែរ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បានបញ្ជាក់ប្រាប់ថា រថយន្តបង្កហេតុ ឃើញមាន ស្នាមបុករះ ហើយបើកបរក្នុងទិសដៅពីត្បូង ទៅជើង ដោយមិនដឹងថា តើអ្នកបើកបរជាជនជាតិបរទេស ឬជា ជនជាតិខ្មែរ នោះទេ? ព្រោះនៅកន្លែងកើតហេតុ មិនឃើញអ្នកបើកបរ ឃើញតែមានឈាមនៅកន្លែងកើតហេតុ ហើយសង្ស័យអ្នកបើកបររងរបួសធ្ងន់។
បងប្អូនប្រជាពលរដ្ឋដដែល បានបញ្ជាក់ប្រាប់ទៀតថា បន្ទាប់ពីឃើញករណីរថយន្តបុកបង្គោលភ្លើងភ្លាមៗ ពួកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជាច្រើនម៉ោង ទើបសមត្ថកិច្ចមកដល់កន្លែងកើតហេតុ។ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ស្ទូចរថយន្តបង្កហេតុខាងលើ យកទៅរក្សាទុក រង់ចាំការដោះ ស្រាយនៅពេលក្រោយ៕