ភ្នំពេញៈ ស្របពេលដែលកម្ពុជាមកដល់ពេលនេះ បានប្រារព្ធខួបលើកទី៧០ នៃទិវាឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នោះ អ្នកឃ្លាំមើល អ្នកវិភាគ និងអ្នកនយោបាយ បានលើកឡើងថា កម្ពុជា ងាយនឹងធ្លាក់ក្រោមឥទ្ធិពលនៃអាណានិគមនិយមបែបថ្មី បើដរាបណាសេដ្ឋកិច្ចកម្ពុជា វិស័យយោធា និងអភិបាលកិច្ចនៅតែទន់ខ្សោយដូចក្នុងពេលបច្ចុប្បន្ន ។
អ្នកឃ្លាំមើល អ្នកវិភាគ និងអ្នកនយោបាយ បញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំង រយៈពេល ៧០ឆ្នាំមកហើយ ប៉ុន្តែដោយសារឆ្លងកាត់សម័យកាលសង្គ្រាមត្រជាក់ រវាងប្រទេសមហាអំណាច របបវាលពិឃាតខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ សម្លាប់ជាតិសាសន៍ឯង សង្គ្រាមស៊ីវិល និងការដឹកនាំបែបផ្ដាច់ការផងនោះ ធ្វើឱ្យកម្ពុជា កាន់តែប្រឈមនឹងការធ្លាក់ក្រោមអាណានិគមបែបថ្មី ពីសំណាក់បរទេស ។ ដូច្នេះរាជរដ្ឋាភិបាល ត្រូវលើកកម្ពស់ការផ្សះផ្សាជាតិ និងយុត្តិធម៌សង្គម ដើម្បីពង្រឹងឯករាជ្យភាពជាតិ ពង្រឹងវិស័យសេដ្ឋកិច្ច យោធា និងធនធានមនុស្ស កុំឲ្យទន់ខ្សោយ។
លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដោយសារតែនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន លម្អៀងទៅរកប្រទេសចិន ខណៈព្រំដែនគោក និងទឹករបស់កម្ពុជា នៅតែប្រឈមនឹងការបាត់បង់ទៅឱ្យប្រទេសជិតខាងផងនោះ ឯករាជ្យភាពរបស់ប្រទេសកម្ពុជា សព្វថ្ងៃនេះ មិនរឹងមាំនោះឡើយ ។ បានន័យថា កម្ពុជាងាយធ្លាក់ក្នុងអាណានិគមបែបថ្មី បើនៅតែទន់ខ្សោយដូចបច្ចុប្បន្ន ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ ខ្ញុំសូមជូនយោបល់ថា កាលរដ្ឋាភិបាលលោកហ៊ុន សែន ហ្នឹងគាត់ទន់ខ្សោយទៅហើយ គាត់គ្មានលុយ គ្មានកាក់ ខ្ចីបរទេស កម្ចីបរទេស ឡើងចូលម៉ឺនលានដុល្លារទៅហើយ ក្នុងគម្រោងខ្ចី១ឆ្នាំៗនោះ ហើយយើងសងទៅគេវិញ ក៏ពាន់លានដុល្លារដែរ ហើយក្នុងហ្នឹងកម្ចីជាង៤០%ហ្នឹង គឺចិន ដែលយើងជំពាក់ចិនរហូតដល់ជាង៤០% ហើយតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឆ្នាំ២០១៩ ២០២០ ២០២១ កន្លងទៅហ្នឹង គឺកម្ពុជាយើងជំពាក់បំណុលបរទេសហ្នឹង វាចូលជាង១ម៉ឺនលានដុល្លារទៅហើយ ហើយយើងគិតមើល ១ម៉ឺនលានដុល្លារ ហើយយើងជំពាក់ចិនប៉ុន្មាន បើជាង៤០% នៃ១ម៉ឺន គឺវាជាង៤០% ហើយជាង៤០% យើងគិតជាធម្មតា គឺវាចូលជាង៤ពាន់លានដុល្លារហើយ វាច្រើន! ហើយមកដល់២០២៣នេះ ធ្វើច្បាប់ស្ដីពីគម្រោងថវិកាជាតិឆ្នាំ២០២៣ សម្រាប់ចាយវាយឆ្នាំ២០២៤ យើងឃើញថា រដ្ឋាភិបាលមានគោលបំណងកាត់បន្ថយការចំណាយ ។ មើលទៅវាធ្ងន់ធ្ងរ ហើយយើងខ្ចីចិន ក៏វាពិបាកដែរ ចិនឲ្យខ្ចីច្រើនហើយ ហើយសព្វថ្ងៃហ្នឹង ប្រទេសចិនខ្លួនឯងក៏មានបញ្ហាសេដ្ឋកិច្ចដែរ ពួកអ្នកវិនិយោគ ពួកអ្នករកស៊ីមួយចំនួនហ្នឹង ដោយសារមានបញ្ហាសេដ្ឋកិច្ចក្នុងស្រុកចិនហ្នឹងហើយ ដែលធ្វើឲ្យពួករកស៊ីនៅស្រុកខ្មែរហ្នឹង ជនជាតិចិនហ្នឹងរត់ទៅស្រុកវិញ ដូចអគារនៅកំពង់សោម អគារកន្លែងផ្សេងៗទុកចោលកណ្ដាលដី កន្លែងខ្លះធ្វើហើយ កន្លែងខ្លះធ្វើមិនហើយអ៊ីចឹងទៅ ដោយសារស្រុកចិនហ្នឹងមានបញ្ហាដែរ “ ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ អ៊ីចឹងពាក់ព័ន្ធចំណុចនេះ ដោយសារអី? ដោយសារយើងជាប់បំណុលចិនជាពិសេសហ្នឹងច្រើន ហើយយើងមានការព្រួយបារម្ភ ។ ព្រួយបារម្ភយ៉ាងម៉េច? យើងជំពាកចិន យើងងាកទៅចិនជ្រុលពេក ដូចលោកហ៊ុន ម៉ាណែត និយាយថា មិនត្រូវធ្វើនយោបាយងាកទៅខាងណាជ្រុលទេ ប៉ុន្តែគាត់ងាកទៅចិនជ្រុល ដោយសារអី? ដោយសារគាត់បង្រ្កាបអ្នកប្រជាធិបតេយ្យ ហើយកាលណាបង្រ្កាបអ្នកប្រជាធិបតេយ្យហើយ វាខុសនឹងកិច្ចសន្យារបស់រដ្ឋាភិបាលលោកហ៊ុន សែន ហ្នឹង ដែលសន្យាជាអន្តរជាតិ ជាមួយនឹងសហភាពអឺរ៉ុប ដែលសន្យាជាអន្តរជាតិជាមួយសហរដ្ឋអាមេរិក ថាត្រូវគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយដល់ពេលគាត់បំពានសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យដូចសព្វថ្ងៃហ្នឹង អ៊ីចឹងបានគេដកបញ្ហាប្រព័ន្ធអនុគ្រោះពន្ធផង ហើយនិងគេដាក់ទណ្ឌកម្មទៅលើពួកមន្រ្តីរដ្ឋាភិបាលផង ។ ដល់អ៊ីចឹងធ្វើឲ្យទំនាក់ទំនងជាមួយនឹងលោកសេរី វាអន់ វាទន់ខ្សោយ ហើយដល់ហើយខំពង្រឹងទំនាក់ទំនងជិតដិតតែជាមួយចិនហ្នឹង ។ ម៉្លោះហើយវាធ្វើឲ្យយើងវាងាយផុយស្រួយ ហើយរដ្ឋាភិបាលកម្ពុជា យើងត្រូវដឹងថា នៅក្នុងប្រទេសអាស៊ានហ្នឹង គឺកម្ពុជាជាចំណុចកណ្ដាល ដូចសហរដ្ឋអាមេរិកចោទប្រកាន់ពីកំពង់ផែនៅរាមអ៊ីចឹង ពីព្រោះគេបារម្ភថា កម្ពុជាហ្នឹងអូសទាញប្រទេសមួយចំនួនទៀតនៅក្នុងអាស៊ានហ្នឹងទៅចូលនៅក្រោមឥទ្ធិពលរបស់ចិន ។ អ៊ីចឹងវាមានជម្លោះនៅក្នុងតំបន់ មានជម្លោះនយោបាយនៅក្នុងតំបន់ ដែលធ្វើឲ្យមានការប្រទាញប្រទង់គ្នា ដោយសារតែកម្ពុជា ជាចំណុចកណ្ដាល “ ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ មែនហើយសហរដ្ឋអាមេរិក គេមានការជិតដិតជាមួយវៀតណាម គេមានការជិតដិតជាមួយនឹងថៃ ជាងយើង ប៉ុន្តែគេនៅតែបារម្ភពីកម្ពុជាដដែលហ្នឹង ។ អាហ្នឹងវាអ៊ីចឹង ហើយយើងជាប្រទេសទន់ខ្សោយផង ហើយសព្វថ្ងៃហ្នឹងយើងជាប់បំណុលចិន អ៊ីចឹងយើងងាយ ដូចជាការគ្រប់គ្រងកំពង់ផែរាមហ្នឹង ដូចជាគ្រប់គ្រងព្រលានយន្តហោះនៅសៀមរាប នៅភ្នំពេញអីហ្នឹង សុទ្ធតែចិនគេទាមទារចំណែកគ្រប់គ្រងហើយ ។ ដូច្នេះយើងមានការព្រួយបារម្ភ វាជាហានិភ័យរបស់យើង អាហ្នឹងវាងាយធ្លាក់នៅក្នុងអាណានិគមបែបថ្មីៗ ដោយសារអី? ដោយសារកម្ពុជាយើងអត់មានសមត្ថភាពក្នុងការពង្រឹងនយោបាយជាតិ តែមានសមត្ថភាពនៅក្នុងការពង្រឹងនយោបាយបុគ្គល គ្រួសារបក្ខពួក អាហ្នឹងដែលធ្វើឲ្យវាងាយគ្រោះនោះ ។ បើសិនជារដ្ឋាភិបាលហ្នឹងងាកមករកការស្ដារប្រជាធិបតេយ្យ ការកសាងទំនុកចិត្តនៅក្នុងចំណោមផ្ទៃក្នុងជាតិខ្លួនឯងវិញ អាហ្នឹងយើងគិតថា វាងាយដោះស្រាយទេ បញ្ហាហ្នឹង វាអត់ពិបាកទេ ។ កាលណាដោះស្រាយបញ្ហាជាតិបាន មិនថាអាមេរិក អឺរ៉ុប ឬក៏ចិនអីទេ យើងនៅតែទំនាក់ទំនងល្អទេ ក្នុងនយោបាយការទូតនោះ ហើយយើងបានទទួលអត្ថប្រយោជន៍ច្រើនណាស់ពីប្រទេសអស់ហ្នឹង ដូចចិនរាល់ថ្ងៃរកស៊ីជាមួយអាមេរិក រកស៊ីជាមួយអឺរ៉ុបអ៊ីចឹង ព្រោះចិនគាត់មហាអំណាច ពួកហ្នឹងក៏ត្រូវការរកស៊ីជាមួយអឺរ៉ុបដែរ ជាមួយអាមេរិកដែរ ដើម្បីអី? ដើម្បីដោះដូរទំនិញ និងដាក់វិនិយោគអីផ្សេងៗហ្នឹង ។ ដូច្នេះវាមានការទាក់ទងគ្នាទេ ហើយដល់កម្ពុជាយើង កាលណាយើងមើលរំលងអាហ្នឹងហើយ វាមានផលវិបាកដូចសព្វថ្ងៃអ៊ីចឹង អាហ្នឹងមួយទៅ ហើយមួយទៀត ពេលដែលរដ្ឋាភិបាលកម្ពុជាជិតដិតជាមួយចិន សួរថា វៀតណាមគេសប្បាយចិត្តទេ? គេអត់សប្បាយចិត្តទេ ព្រោះវៀតណាមគេមានទម្លាប់គេជាបងធំនៅក្នុងប្រទេសឥណ្ឌូចិន មានកម្ពុជា វៀតណាមខ្លួនឯង និងឡាវ ហើយសព្វថ្ងៃគេនៅតែតាំងខ្លួនគេជាបងធំរបស់កម្ពុជាអ៊ីចឹង ។ អ៊ីចឹងគេមិនសប្បាយចិត្តទេ ហើយវៀតណាមយើងដឹងហើយ គេមានទំនាក់ទំនងល្អល្អូកល្អិនជាមួយអឺរ៉ុប ជាមួយសហរដ្ឋអាមេរិកសព្វថ្ងៃ ហើយបានទទួលអត្ថប្រយោជន៍ច្រើនណាស់ពីលើពីប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប និងពីអាមេរិក ឃើញទេ? ហើយដល់ពេលកម្ពុជាយើង ដោយសារយើងគិតតែពីអំណាចក្រុមគ្រួសារបុគ្គល និងបក្ខពួក យើងវារអិលចេញពីផលប្រយោជន៍របស់អាមេរិក របស់អឺរ៉ុប ក៏ប៉ុន្តែវៀតណាមគេរអិលចូល អ៊ីចឹងយើងស្ថិតនៅមាត់ជ្រោះ “ ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្ថែមថា “ អាកន្លែងហ្នឹងដែលយើងបារម្ភថា បើកម្ពុជានៅតែបណ្ដោយខ្លួន ហើយធ្វើខ្លួនដូចសព្វថ្ងៃទៀត មិនព្រមកែសម្រួលដូចសព្វថ្ងៃអ៊ីចឹង ហើយចេះតែបន្តក្ដោបក្ដាប់អំណាច ចែកផលប្រយោជន៍ក្នុងបក្ស ក្នុងក្រសួង ឲ្យតែក្រុមគ្រួសារខ្លួនឯង គ្នាឯងដូចសព្វថ្ងៃហ្នឹង ខ្ញុំគិតថា ហានិភ័យវាខ្ពស់ វាបារម្ភច្រើន ហើយផលប៉ះពាល់វិបត្តិសង្គមនៃឥទ្ធិពលអំណាចមានអ្វីខ្លះ? ឧទាហរណ៍ បញ្ហាបុរី បញ្ហាប្រជាពលរដ្ឋទិញផ្ទះបង់រំលស់ ។ អាហ្នឹងឧទាហរណ៍តូចមួយទេ ប្រជាពលរដ្ឋពីដើមឡើយមានលុយទិញផ្ទះបង់រំលស់ ហើយបុរីក៏មានលុយក្នុងការលក់ ក្នុងការទិញដែរ ប៉ុន្តែឥឡូវហ្នឹងបុរីហ្នឹងមិនមានលុយទិញផ្ទះពីប្រជាពលរដ្ឋវិញទេ ប្រជាពលរដ្ឋហ្នឹងស្ដាប់មើលទៅ គាត់ថា គាត់សុខចិត្តខាត៥០% ឲ្យតែខាងបុរីពិភពថ្មីហ្នឹងហ៊ានទិញ ប៉ុន្តែបុរីហ្នឹងប្រកាសក្ស័យធនទៅទៀត លោកហុង ពីវ ហ្នឹង ។ អាហ្នឹងផលវិបាក ហើយបើមានការជជែកគ្នា ខ្ញុំអាចជជែកពីផលវិបាកមួយចំនួនទៀត ថាហេតុអីបានជាទាំងម្ចាស់បុរី ទាំងធនាគារ ទាំងប្រជាពលរដ្ឋ ដែលទទួលរងនូវផលវិបាកហ្នឹង ហើយផលវិបាកហ្នឹងវាអត់មានអីច្រើនទេ ដូចបានលើកឡើងខាងលើហ្នឹង បើយើងស្វែងយល់អំពីទំហំនៃការក្ដោបក្ដាប់នយោបាយ និងការបែងចែកអំណាចសព្វថ្ងៃហ្នឹង យើងទទួលរងនូវផលប៉ះពាល់ហើយ ប៉ុន្តែពូករដ្ឋាភិបាល គេមិនយល់ដូចយើងទេ គេយល់ដូចយើងម៉េចកើត បើយល់ដូចយើង មានន័យថា យើងគិតពីផលប្រយោជន៍ជាតិ វាបានផលចំណេញដល់ផលប្រយោជន៍ជាតិ ហើយប្រជាពលរដ្ឋបានសុខសាន្តទាំងអស់គ្នា តែគេមិនយល់ដូចយើង នៅត្រង់ថា គេខ្លាចបាត់អំណាចរបស់គេ ខ្លាចខាតផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ អាហ្នឹងដែលជាផលវិបាក “ ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយជើងចាស់ បានបញ្ជាក់ថា កម្ពុជានឹងមិនអាចមានឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញនោះឡើយ ប្រសិនបើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនលើកកម្ពស់នីតិរដ្ឋ និងការផ្សះផ្សាជាតិ។ លោកបានរំលឹកថា ព្រះបាទនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើឱ្យកម្ពុជាបានឯករាជ្យជាតិពេញលេញ មិនមែនដោយសារតែព្រះអង្គដឹកនាំប្រទេសបែបនីតិមាត់ ដែលមានន័យថា សេចក្ដីសម្រេចអ្វីគ្រប់យ៉ាង អាស្រ័យតែលើអ្នកដឹកនាំតែម្នាក់នោះទេ ប៉ុន្តែដោយសារតែការអនុវត្តច្បាប់បានល្អតាំងពីថ្នាក់ភូមិ ឃុំ រហូតដល់ថ្នាក់លើ ។ ដូច្នេះលោកបណ្ឌិតឡៅ ម៉ុងហៃ ស្នើសុំឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ ពង្រឹងឯករាជ្យភាពរបស់ខ្លួន តាមរយៈការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅដដែលនោះថា “ អ៊ីចេះ! មានគំនិតអាណានិគមហ្នឹងយូរហើយ គឺអាណានិគមចាស់ ហើយនិងអាណានិគមថ្មី គឺមានតាំងពីមុនយើងមានសង្រ្គាម ។ អាណានិគមថ្មី ការត្រួតត្រាតាមរយៈសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ អាហ្នឹងគ្រាន់តែរលឹកទុកមួយឡែក ដើម្បីយល់ទេ ។ ប៉ុន្តែឥឡូវនេះ ខ្មែរយើងហ្នឹងថាមានអាណានិគមរបៀប (បែប) ថ្មី អាហ្នឹងគឺរបៀបអ៊ីចឹង គឺមិនខុសពីន័យពីដើមទេ អាណានិគមថ្មី ។ យកឧទាហរណ៍ជាក់ស្ដែង វៀតណាមនៅតែមានឥទ្ធិពលមកលើប្រទេសកម្ពុជា ហើយចិនក៏មានឥទ្ធិពលជាងវៀតណាមទៅទៀត តាមរយៈសេដ្ឋកិច្ចជំនួយ មិត្តភាពរវាងប្រទេសមហាអំណាច ហើយនិងប្រទេសតូចមួយហ្នឹង ។ ដូច្នេះអាណានិគមរបៀបថ្មីនេះ គេអាចថាបាន ដូចវៀតណាមធ្លាប់មកត្រួតត្រាយើងជាអាណានិគមហ្នឹង យើងក៏អរគុណគេដែលបានមករំដោះចេញពីខ្មែរក្រហមអ៊ីចឹងទៅ ម៉្លោះហើយវានៅជាប់អ៊ីចឹងទៅ ។ ខ្ញុំយកឧទាហរណ៍ជាក់ស្ដែងមួយចុះ! រឿងអីប្រមុខរដ្ឋ ឬមន្រ្តីជាន់ខ្ពស់វៀតណាមមកប្រទេសកម្ពុជាម្ដងៗ នៅក្នុងសេចក្ដីថ្លែងការណ៍រួមហ្នឹង ថាសុំឲ្យរដ្ឋាភិបាលខ្មែរយើងហ្នឹងមើលជនជាតិគេផង ។ អាហ្នឹងរបៀបដូចលូកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសឯករាជ្យក៏ថាបានដែរ ព្រោះរឿងហ្នឹងរឿងគេតើ! ហើយយើងនេះម៉េចមិនសុំឲ្យមើលជនជាតិខ្មែរកម្ពុជាក្រោមដែរទៅ? តែយើងអត់ដែលសុំអ៊ីចឹងទេ ហើយអត់ដែលដាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមទេ ផ្ទុយពីជនជាតិគេ ចេះតែហូរចូលមកជាប់រហូត ទាំងចិន និងវៀតណាម ។ អាហ្នឹងក៏ជាទិដ្ឋភាពមួយទៀត ឬក៏សារជាតិមួយទៀតនៃអាណានិគមថ្មីហ្នឹង រួចយើងអត់ដឹងខ្លួនទេ បន្តិចម្ដងៗទៅ ។ ដូច្នេះបើសួរថា ត្រូវធ្វើយ៉ាងម៉េចដើម្បីទប់ស្កាត់កុំឲ្យមានអាណានិគមបែបថ្មីនេះ? គឺយើងត្រូវគ្រប់គ្រងស្ថានការណ៍ហ្នឹងឲ្យបាន ដូចជាជំនួយគេមកអ៊ីចឹង យើងមានភាពម្ចាស់ការ ។ ខ្ញុំយកឧទាហរណ៍ជាក់ស្ដែងមួយ យើងអត់គ្រប់គ្រងសន្តិសុខក្រុងព្រះសីហនុទេ ដែលយើងហ្នឹងមិនដឹងយ៉ាងម៉េច បែរជាទៅចាត់ទុកក្រុងព្រះសីហនុហ្នឹងជាទីក្រុងចិន (China Town) រួចឲ្យគេមកសង់អី ក៏ស្វាគមន៍គេអ៊ីចឹងទៅ ក៏ប៉ុន្តែយើងត្រួតត្រាអាហ្នឹងអត់បាន ដូចជាឧក្រិដ្ឋកម្មអីផ្សេងៗហ្នឹង មកលេងល្បែងអីអ៊ីចឹង ហើយយើងឲ្យគេមកសួ្រលអ៊ីចឹងទៅ ហើយដល់គេប្រព្រឹត្តឧក្រិដ្ឋកម្ម យើងយ៉ាងម៉េច? គឺយើងត្រូវការជំនួយបច្ចេកទេសពីគេ គឺខាងនគរបាល ឬអ្នកស៊ើបការណ៍របស់ចិនហ្នឹងមកជួយ ហើយក៏អត់កាត់ទោសគេទៀត គឺបញ្ជូនទៅប្រទេសគេទៅទៀត ដែលយើងនេះជាប្រទេសអធិបតេយ្យ វាត្រូវតែកាត់ទោសគេនៅហ្នឹង ហើយកាត់ទោសហើយ បើមានកិច្ចព្រមព្រៀងបញ្ជូនអ្នកទោសឲ្យជាប់គុកនៅស្រុកកំណើតគេហ្នឹង ក៏បញ្ជូនទៅ ក៏ប៉ុន្តែយើងអត់កាត់ទោសគេនេះ យើងបាត់បង់អធិបតេយ្យ ដោយយើងចេះតែបញ្ជូនទៅគេងាយៗអ៊ីចឹង ខ្ញុំថាអត់ល្អទេ “ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “មួយទៀតនោះ គឺរឿងវិនិយោគទុនរបស់គេមកហ្នឹង ឬក៏ជំនួយគេមក ជាគម្រោងអីផ្សេងៗហ្នឹង យើងក៏គួរសុំឲ្យគេប្រើប្រាស់ពលកម្មខ្មែរឲ្យច្រើន ។ គម្រោងមួយៗហ្នឹង ឃើញតែចិនមក ទាំងពីកម្មករក៏មក ដែលយូរទៅ គេធ្វើទាំងអស់ ហើយដូចជាគម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះសៀមរាបហ្នឹង គម្រោងយូរណាស់ សុទ្ធតែ៥០ឆ្នាំឯណោះ ២ជំនាន់មនុស្ស មេដឹកនាំហ្នឹង២ជំនាន់ ។ ម៉្លោះហើយតើយើងហ្នឹងត្រូតត្រាបានទេ? ហើយម្យ៉ាងទៀត បើកាលណាគេមានផលប្រយោជន៍សេដ្ឋកិច្ចកាន់តែធំទៅៗ ហើយយើងក៏ត្រូវការពឹងពាក់គេនោះ អាហ្នឹងហើយយើងចង់ មិនចង់ ក៏ត្រូវតែធ្វើតាមគេដែរ ហើយយើងថាអភិវឌ្ឍៗ តាមពិតអភិវឌ្ឍហ្នឹងដោយសារគេហ្នឹង ហើយខ្ញុំយកឧទហរណ៍មួយចុះ! ខ្ញុំឃើញច្បាស់ គេចុះផ្សាយនៅវៀតណាមហ្នឹង គេអភិវឌ្ឍកម្ពុជា គឺដោយសារវៀតណាមទេ គេមករំដោះ គេមកជួយកសាងប្រទេសកម្ពុជាឡើងវិញទេ ឯចិនអត់និយាយទេ គឺនឹកក្នុងចិត្ត ឥតនិយាយ ដូចក្រមង៉ុយ គាត់ថាអ៊ីចឹង ខ្មែរយើងរលាយទ្រព្យ អភ័ព្វខ្លួន ។ ហើយរឿងមួយទៀត យើងចាំបាច់ត្រូវតែឯកភាពគ្នា ។ បើរាល់ថ្ងៃនៅតែទាស់គ្នាអ៊ីចឹងទេ មិនបាច់ទេ ព្រោះទាស់គ្នា មានន័យថា ដើម្បីពង្រឹងអំណាចហ្នឹង គឺអ្នកមានអំណាចហ្នឹងទៅពឹងគេទៅ អ្នកអត់អំណាចទៅពឹងគេទៅ ។ ម្ល៉ោះហើយយើងហ្នឹងរកមូលមាត់គ្នា ហើយឯកភាពគ្នាទៅ ដើម្បីការពារផលប្រយោជន៍យើង ។ មើលដូចជាវៀតណាមមកប្រទេសកម្ពុជាពេលសង្រ្គាមអ៊ីចឹង អាហ្នឹងខុសច្បាប់អន្តរជាតិ តែយើងចេះតែទទួលទៅៗ ហើយចិនក៏អ៊ីចឹងដែរ យើងចេះតែទទួលទៅៗ ដល់យូរទៅ មិនត្រឹមតែនៅកំពង់សោមជាទីក្រុងចិនទេ នៅភ្នំពេញក៏សុទ្ធតែចិនដែរ ។ ហើយមួយទៀត រឿងទប់ស្កាត់នេះ មិនត្រូវលក់ដី ជួលដី ផ្តល់សម្បទានដីសេដ្ឋកិច្ចក្នុងស្រុកជាប់ព្រំដែន ឲ្យទៅបរទេស ឬទៅខ្មែរដែលអត់ឪពុកម្តាយមានសញ្ជាតិខ្មែរនោះទេ ហើយត្រូវបណ្តុះបណ្តាលឲ្យខ្មែរចេះរកស៊ីដូចបរទេសដែលមករកស៊ីនៅស្រុកខ្មែរ “ ។
ដោយឡែក លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដើម្បីកុំឲ្យធ្លាក់ក្នុងអាណានិគមបែបថ្មី កម្ពុជា ត្រូវគោរពនីតិរដ្ឋ ជាពិសេសរដ្ឋធម្មនុញ្ញ ហើយអនុលោមទៅតាមសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ មានតម្លាភាពនៃតុល្យភាពអំណាចទាំង៣ នីតិប្បញ្ញតិ្ត ប្រតិបត្តិ និងតុលាការ ត្រូវចេះរៀនសូត្រទៅនឹងការធ្វើសេដ្ឋកិច្ច និងនយោបាយការទូតរបស់ប្រទេសយួន ដែលប្ដូរមកពីសត្រូវសួពូជ មកចងសម្ព័ន្ធផ្នែកសេដ្ឋកិច្ចនយោបាយការទូតយ៉ាងរឹមាំ ជាមួយសហរដ្ឋអាមេរិក ត្រូវមានឆន្ទៈជាតិ ម្ចាស់ការ សហការគ្នា ឯកភាពជាតិផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា បើយើងមិនគោរពនីតិរដ្ឋ ជាពិសេសរដ្ឋធម្មនុញ្ញ ហើយអនុលោមទៅតាមសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលប្រទេសអតីតចុះហត្ថលេខីហ្នឹង គេធានានិងការពារមិនឲ្យមានការរំលោភអធិបតេយ្យភាព ឯករាជ្យភាព អធិបតេយ្យភាព អព្យាក្រឹតភាព បូរណភាពទឹកដីអីជាដើម ពីសំណាក់បរទេសហ្នឹង ដូចជាប្រទេសចិន យួន សៀម ឡាវ ហ្នឹង សុទ្ធតែអតីតប្រទេសចុះហត្ថលេខី ដែលធានាគោរពទៅតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស ។ អ៊ីចឹងខ្ញុំមើលឃើញថា បើសិនកម្ពុជាឈរនៅជំហរអព្យាក្រឹត មិនលម្អៀងទៅមហាអំណាចណាមួយទេ ហើយយើងម្ចាស់ការ មានន័យថា ឯកភាពផ្ទៃក្នុងជាតិ ទាំងអង្គការសង្គមស៊ីវិល ទាំងគណបក្សក្រៅរដ្ឋាភិបាល ទាំងបក្សកាន់អំណាច ត្រូវគោរពនីតិរដ្ឋ ហើយឯកភាពផ្ទៃក្នុងជាតិជាមុនសិន បាននាំឲ្យយើងរឹងមាំនូវនយោបាយអព្យាក្រឹត ធានាការពារដោយរដ្ឋធម្មនុញ្ញ ហើយធ្វើឲ្យយើងមានលំនឹងសេដ្ឋកិច្ច មានពហុគំនិតនៃអំណាចនីតិប្បញ្ញតិ្ត ដែលមានបក្សក្រៅរដ្ឋាភិបាលចូលរួមនៅក្នុងរដ្ឋសភា សេរីពហុបក្ស ហើយរដ្ឋាភិបាលនីតិប្រតិបត្តិហ្នឹងត្រូវគោរពឯករាជ្យភាព គោរពឆន្ទៈសេ្នហាជាតិ កំណែទម្រង់ និងអភិបាលកិច្ចល្អរបស់ខ្លួនហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋមានការជឿជាក់ ហើយចូលរួមសកម្មនៅក្នុងការជួយកសាងប្រទេសជាតិ ដោយសេរីនិងយុត្តិធម៌ សន្តិភាព ត្រឹមត្រូវ អាចទទួលយកបានហ្នឹង គឺថា ពលរដ្ឋមិនស្ថិតនៅក្នុងឥទ្ធិពលនៃការគំរាមកំហែង ពលរដ្ឋមានសេរីភាពក្នុងការនិយាយស្ដី រិះគន់ស្ថាបនា ។ អាហ្នឹងហើយដែលធ្វើឲ្យយើងបង្កើតនូវភាពរឹងនៃឯកភាពជាតិ បន្ទាប់មកយើងពង្រីកនូវសកលភាវូបនីយកម្មសេដ្ឋកិច្ចជាមួយនឹងសហគមន៍អន្តរជាតិ ប៉ុន្តែចេញអំពីការកែច្នៃចង្វាក់ផលិតកម្មសេដ្ឋកិច្ចក្នុងស្រុកហ្នឹងជាមួយនឹងស្មារតីជាតិនិយម ការគាំទ្រសេដ្ឋកិច្ចរបស់ខ្លួន ផលិតផលរបស់ខ្លួន ជាជាងយើងឲ្យតម្លៃទៅដល់ទីផ្សារសេរី ។ យើងឯកភាពហើយ ប្រទេសសេរី គឺថា ទីផ្សារសេរីនៃការនាំចូលមិនអាចឃាត់ឃាំងគេបាន ប៉ុន្តែយើងមានរបៀបផ្ទៃក្នុងសេដ្ឋកិច្ចខ្លួនឯង ដូចជាកត្តាណាដែលជាផលិតផលធនធានធម្មជាតិដើមរបស់យើងអាចផលិតបាន អាចបង្កើតរោងចក្រចង្វាក់ផលិតកម្មវេចខ្ចប់នាំចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស គឺថា យើងត្រូវប្រឹងដោយខ្លួនឯង ចេញពីវត្ថុធាតុដើមរបស់យើង ចេះពីផលិតផលជាតិនិយមរបស់ខ្មែរមុន អាហ្នឹងខ្ញុំថា វាចាប់ផ្ដើមនៃការរឹងមាំហើយ ។ ប៉ុន្តែបើដូចបច្ចុប្បន្ន យើងឃើញរដ្ឋាភិបាលហាក់ដូចធ្លាក់ទៅក្នុងអាណានិគមបែបនយោបាយការទូតក្ដី អាណានិគមសេដ្ឋកិច្ចក្ដី ទៅនឹងភូមិសាស្រ្តនយោបាយនៃប្រទេសមហាអំណាចទៀត ខ្ញុំមើលឃើញប្រទេសកម្ពុជាហាក់បីដូចជារណបនូវឥទ្ធិពលនយោបាយប្រយោលពីចិន ពីយួន ហើយសេដ្ឋកិច្ចគឺហាក់បីដូចជាពឹងផ្អែកទៅនឹងប្រទេសពីរហ្នឹងជាងប្រទេសថៃ ឬក៏ប្រទេសជប៉ុនអីទៅទៀត ប៉ុន្តែយើងមិនមានតឹកតាង ភ័ស្តុតាងណាជាការចង្អុលបង្ហាញ តែជាការមើលឃើញតាមរបៀបជាក់ស្ដែងនៃជំនួញជូញដូរសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយ ជាមួយនឹងប្រាក់កម្ចី “ ។ លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងយើងឃើញនៅក្នុងការដឹកនាំសេដ្ឋកិច្ច ក៏ដូចការដឹកនាំគ្រប៉គ្រងប្រទេស នៃនីតិរដ្ឋ វានៅមានភាពទន់ជ្រាយ ហើយវាឆកចន្លោះនៃការធូរលុងផ្នែកច្បាប់ ទាក់ទងទៅនឹងឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាចទៅទៀត ហ្នឹងហើយធ្វើឲ្យយើងលម្អៀងទៅរកប្រទេសដែលជាប្រទេសផ្ដាច់ការ ប្រទេសកុម្មុយនីស្ត ហើយយើងថែមទាំងបង្ហាញការរិះគន់ទៅដល់សហគមន៍អន្តរជាតិ នៃប្រទេសលោកសេរី ដូចជាសហភាពអឺរ៉ុប ដូចជាសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែយើងភ្លេចគិតថា ប្រជាពលរដ្ឋត្រូវការសេដ្ឋកិច្ចជាសកល ហើយទូលំទូលាយ ដោយមិនយកសម្ពាធឥទ្ធិពលនយោបាយមកគ្របដណ្ដប់ផ្នែកសេដ្ឋកិច្ច ទីផ្សារសេរី ហើយក៏យើងដឹងអំពីអ្វីជាខ្លួនយើង សម្រាប់ប្រទេសជាតិយើង សម្រាប់សកលភាវូបនីយកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីយើងទទួលបាននូវអ្វីជាសក្ដានុពល ឯករាជ្យភាពជាតិ អធិបតេយ្យភាព មិនលម្អៀង មិនមានការចង្អុលបង្ហាញពីមហាអំណាចណា ទាល់តែយើងបង្ហាញតម្លាភាពក្នុងការដឹកនាំ មានន័យថា តម្លាភាពនៃតុល្យភាពអំណាចរវាងនីតិប្បញ្ញតិនៃរដ្ឋសភា ដែលតំណាងឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យបក្សនយោបាយដែលមានអាសនៈនៅក្នុងសភា ហើយអំណាចនៃរដ្ឋាភិបាល ទៅនឹងអំណាចតុលាការ ។ អាហ្នឹងហើយបានយើងជឿជាក់ទៅនឹងឯករាជ្យភាពរបស់ប្រទេសជាតិ ជាពិសេសយើងត្រូវចេះរៀនសូត្រទៅនឹងការធ្វើសេដ្ឋកិច្ច និងនយោបាយការទូតរបស់ប្រទេសយួន ទៅនឹងការចងសម្ព័ន្ធផ្នែកសេដ្ឋកិច្ចនយោបាយការទូតជាមួយសហរដ្ឋអាមេរិក ។ យើងដឹងហើយថា ប្រទេសយួន និងសហរដ្ឋអាមេរិក ជាសត្រូវសួពូជ្រនឹងគ្នា អាហ្នឹងទី១ ។ យើងមើលប្រទេសជប៉ុន សម្ព័ន្ធមិត្តជប៉ុន ទៅនឹងសហរដ្ឋអាមេរិក ជាសត្រូវសួពូជ ទាក់ទងទៅនឹងការទម្លាក់គ្រាប់បរមាណូស្អីៗហ្នឹង តែទីបំផុតគេចងសម្ព័ន្ធភាពគ្នាឡើងវិញ ហើយបង្កើតសេដ្ឋកិច្ច បង្កើតភូមិសាស្រ្តនយោបាយ សន្ដិសុខតំបន់ ទៅនឹងពិភពលោក ហើយចុះកម្ពុជាយើង ខ្មែរគ្នាឯង ម៉េចក៏យើងបង្កើតសត្រូវនឹងគ្នា ហើយយើងមិនអាចធ្វើជាមិត្តភាពក្នុងការប្រកួតនយោបាយ ការចង្អុលបង្ហាញ ការពិគ្រោះយោបល់ទាក់ទងទៅនឹងសេដ្ឋកិច្ច ទាក់ទៅនឹងស្ថិរភាពនយោបាយ សន្តិសុខក្នុងប្រទេស តំបន់ និងសកលភាវូបនីយកម្មទូទៅអីហ្នឹង? “ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងនិយាយជារួម យើងចង់ឃើញកម្ពុជាហ្នឹងចេះអង្គុយតុសន្ទនា ចេះអង្គុយតុផ្ដល់គំនិត ទស្សនវិជ្ជា ការដឹកនាំគូសវាសនៃប្លង់មេ (Master Plane) ក្នុងការពង្រឹងសន្តិសុខជាតិរបស់ខ្លួន ក្នុងការទំនាក់ទំនងការទូតជាមួយនឹងបរទេស ក្នុងការពង្រីកកែច្នៃចង្វាក់ផលិតកម្ម បង្កើនសេដ្ឋកិច្ចអីជាដើមហ្នឹង គឺថា យើងត្រូវចេះជជែកគ្នារវាងខ្មែរនិងខ្មែរ គូប្រកួតនយោបាយ ក៏ដូចជាអ្នកបណ្ឌិតសេដ្ឋកិច្ចទាំងឡាយអីហ្នឹង ។ អាហ្នឹងហើយដែលជាជំហានដំបូង ដែលយើងកុំចាត់ទុកខ្មែរគ្នាជាសត្រូវ យើងត្រូវបង្ហាញនូវការជឿជាក់ជាក់គ្នា រកចំណុចណាជាការរីកចម្រើនរបស់ជាតិ ហើយចំណុចណាជាការទប់ស្កាត់ជាមួយនឹងដៃគូប្រជែងផ្នែកសេដ្ឋកិច្ច ប្រទេសជិតខាង ដូចជាយួន ដូចជាសៀម តើគេដើរដល់ណា? ហើយគេនៅគិតយកបរទេសជាសត្រូវដូចសម័យសង្រ្គាមវៀតណាម ដូចសម័យឈ្លានប្រទេសកម្ពុជា ក៏ដូចជាបច្ចុប្បន្នហ្នឹង តើគេប្រកួតប្រជែងសេដ្ឋកិច្ចតំបន់យ៉ាងម៉េច? សកលភាវូបនីយកម្មពិភពលោកយ៉ាងម៉េច? អ៊ីចឹងកម្ពុជាត្រូវចេះរៀនមើលគេ ហើយក៏យើងត្រូវរកអាចំណុចណាដែលជាចំណុចខ្លាំង ចំណុចខ្សោយ ចំណុចដែលរួបរួមជាតិគ្នា ហើយប្រឹងពង្រីកសេដ្ឋកិច្ច ប្រឹងពង្រឹងនីតិរដ្ឋទៅ អាហ្នឹងហើយវានឹងទៅមុខទៅបាន គឺវាមិនអាចខ្វះដៃគូនៃគូប្រកួតប្រជែងនយោបាយ គណបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន អ្នកបណ្ឌិត អ្នកប្រាជ្ញសេដ្ឋកិច្ចអីជាដើម គឺសុទ្ធតែជាកត្តាគន្លឺះរួមសម្រាប់កសាងជាតិ ខ្ញុំគិតថា នៅលើឆន្ទៈអ្នកដឹកនាំ ម្ចាស់ការ ជាប្រទេសមួយស្មើមុខ ស្មើមាត់ ទោះប្រទេសតូច ប្រទេសធំ ប្រទេសមាន ក្រ ក៏យើងជាប្រទេសស្មើមុខស្មើមាត់នៅក្នុងសមាជិកនៃអង្គការសហប្រជាជាតិ ហើយយើងមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២១ តុលា ១៩៩១ ជាអាវក្រោះ អមតៈ លុះរលាយប្រទេស បានថាកិច្ចព្រមព្រៀងសន្តិភាពដែលការពារកុំឲ្យបរទេសរំលោភអធិបតេយ្យភាព បូរណភាពទឹកដីបាននោះ គឺកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងឯង ដែលយើងត្រូវយកមកប្រើ រដ្ឋាភិបាលម្ចាស់ការ យើងកុំផ្ដេកផ្ដួល ជាពិសេសប្រាក់បំណុល ប្រាក់កម្ចី បើកាលណាយើងខ្ចីប្រាក់គេច្រើនទៅៗ យើងត្រូវរណបនយោបាយការបរទេស អ៊ីចឹងគេឲ្យរបស់ស្រណោះដៃ អាហ្នឹងហើយជាការគ្រោះថ្នាក់ជាតិ ដែលធ្វើឲ្យជាតិអត់ឯកភាពជាតិ អត់ឯករាជ្យ អត់មានអ្វីដែលធានាការពារអធិបតេយ្យភាព បូរណភាពទឹកដីអីហ្នឹង គឺយើងទន់ខ្សោយទាំងឯករាជ្យភាព យើងទន់ខ្សោយទាំងសេដ្ឋកិច្ច ងាយនឹងគេជិះជាន់ ងាយនឹងគេខ្ចីដៃប្រទេសកម្ពុជា ជាជំនួញ ជាប្រទេសឆ្លងកាត់នូវអ្វីជាអសន្តិសុខ អស្ថិរភាពនយោបាយ ដូចយើងឃើញហើយ គឺថា ប្រទេសចិន ប្រទេសយួន គឺគាត់បង្ក យកកម្ពុជាធ្វើជាប្រទេសបង្កើតនូវឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មសម្លាប់មនុស្ស ឧក្រិដ្ឋកម្មជួញដូរមនុស្ស ឧក្រិដ្ឋកម្មលាងលុយកខ្វក់អីជាដើមហ្នឹង កន្លែងល្បែងស៊ីសង សុទ្ធតែជាជនឧក្រិដ្ឋ ដែលមកពីប្រទេសចិន ប្រទេសយួន យូរៗឃើញប្រទេសកូរ៉េខាងត្បូងអីតិចតួច ប៉ុន្តែភាគច្រើនបានសញ្ជាតិជាខ្មែរទៅទៀត ។ អ៊ីចឹងអាទាំងអស់នេះហើយជាការរៀបចំរបស់អ្នកដឹកនាំ ត្រូវតែមានឆន្ទៈជាតិ ហើយម្ចាស់ការ ហើយសហការគ្នា ឯកភាពជាតិផ្ទៃក្នុងខ្មែរគ្នាឯងជាមុនសិន ។ យើងកុំទៅបន្ទោសបរទេសពីការលូកផ្ទៃក្នុងជាតិ អធិបតេយ្យភាពជាតិខ្មែរ គឺដោយសារយើងខ្សោយ ។ កាលណាយើងខ្សោយ គេវ៉ៃលុក គេឆក់ឱកាសយកប្រទេសកម្ពុជា ជាប្រទេសជួញដូរសេដ្ឋកិច្ច ប្រទេសដែលទាញផលធនធានធម្មជាតិ មានន័យថា ភោគទ្រព្យជាតិហ្នឹង ត្រូវបានគេមកយក ដោយសារយើងជំពាកលុយគេ ដោយសារយើងរណបគេ ។ អ៊ីចឹងរ៉ែមាស ព្រៃឈើ ហើយនិងរ៉ែផ្សេងហ្នឹង គឺថាងាយនឹងអស់ផលប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរនោះ “ ៕