Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទស្រីស្អាត ជាប់ខ្នោះ២

ឆក់ទូរស័ព្ទស្រីស្អាត ជាប់ខ្នោះ២

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបនឹងត្រឡប់មកពីដើរលេងកោះពេជ្រ ធ្វើដំណើរជិតដល់ផ្ទះ លើកទូរស័ព្ទ ហៅ អ្នកផ្ទះឱ្យបើកទ្វារ ស្រាប់តែលេខមុខជនសង្ស័យជាក្មេងស្ទាវ ២នាក់ ជិះម៉ូតូ ១គ្រឿង មកអែបក្បែរ រួចឆក់ទូរ ស័ព្ទបានសម្រេច តែត្រូវនារីរងគ្រោះជិះម៉ូតូប្រដេញតាម បណ្តើរ ស្រែកឆោឡោថា “ចោរឆក់ទូរស័ព្ទ” បណ្តើរ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចល្បាត ជួយប្រដេញតាម រហូតធ្វើឱ្យជនសង្ស័យភ័យ ដួលម៉ូតូ ក៏ត្រូវសមត្ថកិច្ច ចាប់ ក្របួចជាប់បានទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ផ្លូវ១៦៣ កែងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន។

ជនសង្ស័យជាចោរឆក់ទូរស័ព្ទ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះយិន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងសាក់រូប ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះនាង ចាន់ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ (ជាអ្នកធ្វើសកម្មភាព)។ រីឯវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-5962 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ដោយឡែកជនរងគ្រោះ មានឈ្មោះ ខន ចាន់ឌី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួល ម្តុំផ្លូវ ៤៦០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌចម្ការមន បានបាត់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11។

តាមសម្តីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ចេញពីកោះពេជ្រ ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន ដោយជិះធ្វើ ដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជិតដល់ផ្ទះទៅហើយ នាងដកទូរស័ព្ទដៃ ម៉ាក iPhone 11 ដើម្បីតេហៅអ្នកផ្ទះបើកទ្វារ ពេលនោះស្រាប់តែលេចមុខជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃរបស់នាងបានសម្រេច ហើយបន្ថែមល្បឿនម៉ូតូ ជិះទៅមុខតែម្តង។

ជនរងគ្រោះ បន្តថា ខណៈពេលនោះដែរ នាងបានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកឱ្យគេជួយ។ គាប់ជួនពេលនោះ ជួបនឹងកម្លាំងចម្រុះរបស់អធិការដ្ឋានខណ្ឌចម្ការមន កំពុងតែល្បាតនៅតំបន់នោះ ក៏ជួយប្រដេញចាប់ រហូតចេញពីកន្លែងកើតហេតុ បានប្រហែល ១០០ម៉ែត្រ ស្រាប់តែជនសង្ស័យដួលម៉ូតូ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងនាំខ្លួនជនសង្ស័យ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាល ទួលទំពូងទី២ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំង២នាក់ ពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទរបស់នារីរងគ្រោះប្រាកដមែន តែពេលដួលម៉ូតូនោះ ទូរស័ព្ទរបស់ជនរងគ្រោះ មិន ដឹងជាខ្ទាតបាត់ទៅណានោះទេ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដើម្បីឱ្យ សមត្ថកិច្ចចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES