Thursday, January 23, 2025
Homeព័ត៌មានជាតិរក្សាគោលដៅនយោបាយ អេង ឆៃអ៊ាង ប្ដេជ្ញាដើរតាមសម រង្ស៊ី មិនប្ដូរយកតំណែង

រក្សាគោលដៅនយោបាយ អេង ឆៃអ៊ាង ប្ដេជ្ញាដើរតាមសម រង្ស៊ី មិនប្ដូរយកតំណែង

ភ្នំពេញៈ អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល និងជាអនុប្រធាននៃអតីតគណបក្សប្រឆាំអ (អតីតគណបក្សសង្រ្គោះជាតិ) លោកអេង ឆៃអ៊ាង ដែល កំពុងបន្តរស់និរទេសនៅឯសហរដ្ឋអាមេរិក រហូតទទួលបានសញ្ជាតិអាមេរិកនោះ បន្ទាប់ពីបានធានាយកប្រពន្ធកូន ទៅរស់នៅលើទឹកដីអាមេរិក អស់ហើយរួចមក បានប្រកាសប្ដេជ្ញាដើរតាមសម រង្ស៊ី អតីតមេបក្សប្រឆាំងប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) មិនប្ដូរឆន្ទៈ និងគោលដៅនយោបាយរបស់ខ្លួនឡើយ ខណៈដែលមុននេះ លោកអេង ឆៃអ៊ាង ធ្លាប់បានឆ្លើយតបបដិសេធទៅសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តិ និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលបង្ហើបថា និងឲ្យតំណែងធំ បើមកចុះចូលបក្សកាន់អំណាច ។

លោកអេង ឆៃអ៊ាង បានបង្ហោះក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបថតលោក ជាមួយភរិយា និងកូនស្រី ថតជាមួយលោកសម រង្ស៊ី និងលោកស្រី ជូឡូង សូមួរ៉ា ជាភរិយា រួមជាមួយលោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសំណេរថា “ គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ៣១ឆ្នាំ ហើយ (១១ វិច្ឆិកា ១៩៩២-១១ វិច្ឆិកា ២០២៣) ដែលខ្ញុំបានរៀនសូត្រ និងធ្វើការងារជាមួយលោកប្រធានសម រង្ស៊ី ហើយខ្ញុំនឹងធ្វើកិច្ចការបន្តទៅមុខទៀត ដោយមិនប្តូរឆន្ទៈ និងគោលដៅនយោបាយឡើយ ។ លាភសក្ការៈ និងមុខតំណែងមិនអាចមកប្តូរឆន្ទៈ និងគោលដៅនយោបាយរបស់ខ្ញុំបានឡើយ “ ។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោកអេង ឆៃអ៊ាង ក៏បានបញ្ជាក់ដែរថា “ ភាពស្អាតស្អំ និងការលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដឹកនាំធ្វើសកម្មភាពនយោបាយប្រឆាំងអំពើពុករលួយ អយុត្តិធម៌សង្គម និងអំណាចផ្ដាច់ការនៅកម្ពុជា របស់លោកសម រង្ស៊ី បានស្រូបទាញទាំងចិត្ត និងទាំងកាយរបស់ខ្ញុំ ឲ្យស្ថិតនៅលើវិថីនយោបាយជាមួយគាត់ (លោកសម រង្ស៊ី) តាំងពីខែធ្នូ ឆ្នាំ១៩៩២ រហូតបច្ចុប្បន្ន និងបន្តទៅមុខ ដោយគ្មានការផ្លាស់ប្ដូរចិត្តឡើយ ។ តួនាទី មុខតំណែង លាភសក្ការៈ ទោះកម្រិតណាក៏ដោយ មិនសំខាន់សម្រាប់ខ្ញុំឡើយ ។ អ្វីខ្ញុំចង់បាន ចង់ឃើញ គឺសង្គមខ្មែរ ដែលពលរដ្ឋរបស់ខ្លួន រស់នៅប្រកបដោយសុខដុមរមនាពិតប្រាកដ នៅក្នុងលំហសេរីភាពនិងប្រជាធិបតេយ្យ ហើយធនធានធម្មជាតិ ត្រូវបានការពារ ថែរក្សា និងពង្រីក ។ល។ “ ។

ជាចំណាប់អារម្មណ៍ចំពោះការប្ដេជ្ញាចិត្តរបស់លោកអេង ឆៃអ៊ាង ជាសហការី ខាងលើនេះ លោកគង់ សភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាមនុស្សត្រង់នឹងលោកសម រង្ស៊ី និងកំពុងរស់និរទេសនៅប្រទេសកាណាដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មិនមែនសម្រាប់លោកអេង ឆៃអ៊ាង ម្នាក់ទេ ដែលមានជំហរ មានឆន្ទៈ និងគោលដៅនយោបាយដើរតាមលោកសម រង្ស៊ី គឺរូបលោក និងមនុស្សនៅជុំវិញលោកសម រង្ស៊ី ទាំងអស់ សុទ្ធតែមានភាពស្មោះត្រង់ និងបង្ហាញឲ្យប្រជាពលរដ្ឋឃើញថា នៅតែបន្តស្មារតី គោលដៅ តាមរយៈការតស៊ូមតិ តាមរយៈការផ្លាស់ប្ដូរដោយបោះឆ្នោតនៅប្រទេសកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ ពង្រឹងសិទ្ធិសេរីភាព នីតិរដ្ឋ ឲ្យបានត្រឹមត្រូវ ។

លោកគង់ សភា បានមានប្រសាសន៍ថា “ បាទ! ខ្ញុំជឿថា សហការីដ៏ស្និទស្នាល ដ៏ជិតស្និទ្ធនៅជុំវិញលោកប្រធានសម រង្ស៊ី ច្បាស់ជាមានជំហររឹងមាំដូចឯកឧត្ដមអេង ឆៃអ៊ាង ដែរ គឺបង្ហាញពីភាពស្មោះត្រង់ និងមានឆន្ទៈ មានគោលដៅចំពោះជាតិ មាតុភូមិពិតប្រាកដ ដែលពួកយើងជាសហការីទាំងអស់នៅជុំវិញលោក គឺយកគោលការណ៍ និងការអភិវឌ្ឍគំនិតស្នេហាជាតិ ស្រលាញ់ជាតិ ស្រលាញ់ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍប្រទេសជាតិជាគោល មិនស្រលាញ់លាភសក្ការៈ មិនស្រលាញ់បុណ្យស័ក្ដិទេ ។ ដូច្នេះទង្វើទាំងអស់នេះហើយ បានជាឲ្យពួកយើងបន្តស្មារតី បន្តគោលដៅ ដើម្បីការផ្លាស់ប្ដូរ តស៊ូតាមរយៈការតស៊ូមតិ តាមរយៈការផ្លាស់ប្ដូរដោយបោះឆ្នោតនៅប្រទេសកម្ពុជា ហើយគោលដៅយើង គឺយើងស្ដារលទ្ធិប្រជាធិបតេយ្យ ពង្រឹងសិទ្ធិសេរីភាព នីតិរដ្ឋ ឲ្យបានត្រឹមត្រូវ ។ អានេះជាគោលដៅរបស់ពួកយើង ដែលជាសហការីដ៏ជិតស្និទ្ធរបស់លោកប្រធានសម រង្ស៊ី ។ ទោះបីពួកយើងបានតស៊ូជុំវិញលោក អស់រយៈពេលជាច្រើនឆ្នាំ ខ្លះ៣០ឆ្នាំជាង ខ្លះ២៧ឆ្នាំ ២៨ឆ្នាំ ដូចរូបខ្ញុំ ២៨ ២៩ឆ្នាំហើយ ។ អ៊ីចឹងភាពស្មោះត្រង់នេះ បង្ហាញឲ្យប្រជាពលរដ្ឋយើងថា មនុស្សដែលនៅជុំវិញលោកប្រធានសម រង្ស៊ី ជាមនុស្សដែលស្មោះត្រង់ និងបង្ហាញការជឿជាក់ឲ្យប្រជាពលរដ្ឋដឹង “ ។

ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការនាំយកប្រពន្ធកូនទៅរស់នៅសហរដ្ឋអាមេរិក របស់លោកអេង ឆៃអ៊ាង និងការប្តេជ្ញាដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី គឺជាសិទ្ធិសេរីភាពរបស់បុគ្គល បើគេយល់ថា ទៅខាងណាត្រូវ គេទៅតាមហ្នឹងទៅ គ្មានអ្នកណាទៅរារាំង ឬមួយទៅសម្លុតគំរាមកំហែងគាត់ ឲ្យគាត់ដើរតាមមេឧទ្ទាមក្រៅច្បាប់នោះទេ

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ អាហ្នឹងតាមខ្ញុំយល់ វាគ្រាន់តែជាការគិតរបស់បុគ្គលម្នាក់ៗ អ្នកនយោបាយម្នាក់ៗ គាត់គិតឃើញយ៉ាងម៉េច ឬមួយក៏គាត់ធ្វើយ៉ាងម៉េច អាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់ ។ ដូច្នេះគាត់ថាប្ដេជ្ញាដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស អាហ្នឹងគាត់ដើរតាម អាហ្នឹងជារឿងគាត់យល់ឃើញរបស់គាត់ អត់មានអ្នកណាបង្ខិតបង្ខំទេ ។ និយាយរួម គឺជាសិទ្ធិសេរីភាពរបស់បុគ្គល បើគាត់យល់ថា ទៅខាងហ្នឹងត្រូវ អាហ្នឹងគាត់ទៅតាមហ្នឹងទៅ ។ ឥឡូវគាត់និយាយថា គាត់បានដើរតាមទណ្ឌិតសម រង្ស៊ី ហ្នឹង អស់រយៈពេល៣១ឆ្នាំ ឥឡូវបើគាត់ចង់៣១ឆ្នាំទៀត ក៏ជាការល្អដែរ អាហ្នឹងជាសិទ្ធិរបស់គាត់ទេ អត់មានអ្នកណាបង្ខិតបង្ខំ រារាំង ឬមួយក៏គំរាមកំហែងអីគាត់ទេ អាហ្នឹងវាឆ្លុះបញ្ចាំងថា គាត់កំពុងតែមានសិទ្ធិសេរីភាពទូលំទូលាយខាងនយោបាយ សិទ្ធិពលរដ្ឋរបស់គាត់ អាហ្នឹងវាអ៊ីចឹង ។ អាហ្នឹងអត់មានអ្នកណាទៅរារាំង ឬមួយក៏ទៅសម្លុតគំរាមកំហែងគាត់ ឲ្យគាត់ដើរតាមមេឧទ្ទាមក្រៅច្បាប់ហ្នឹងទេ” ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ ប៉ុន្តែចំពោះគាត់ថា លាភសក្ការៈ និងមុខតំណែងមិនអាចមកប្តូរឆន្ទៈ និងគោលដៅនយោបាយរបស់គាត់បានឡើយនោះ អានេះវាគ្រាន់ជាការនិយាយបែបលួងចិត្តទេ ។ កន្លងទៅ ដែលគាត់ខំតស៊ូខាងនយោបាយ រហូតទៅដល់ចូលទៅក្នុងក្រុមអ្នកនយោបាយជ្រុលនិយមនៅកម្ពុជា ហើយរហូតដល់ខ្ចាត់ព្រាត់ទៅនៅក្រៅប្រទេស ឯនាយសមុទ្រនោះ អាហ្នឹងដោយសារអី? ក្រែងចង់បានអំណាច បានតួនាទីអ្ហែ៎? ដែលគាត់ខំប្រយុទ្ធប្រឆាំងនឹងគណបក្សកាន់អំណាច ដើម្បីដណ្ដើមយកកៅអីនៅក្នុងរដ្ឋសភា ឬមួយក៏អាសនៈនានានៅក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមួយក៏នៅក្នុងស្ថាប័នព្រឹទ្ធសភាហ្នឹង ក្រែងគាត់ចង់បានតួនាទីអ្ហែ៎? ក៏ប៉ុន្តែដោយសារតែការចង់បានរបស់គាត់ វាមិនដូចបំណងប្រាថ្នារបស់គាត់ អ៊ីចឹងទេបានជាវាធ្លាក់ចូលទៅក្នុងនយោបាយជ្រុលនិយមនេះ ដែលធ្វើឲ្យគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់របស់រដ្ឋ ។ អ៊ីចឹងទេបានជាគាត់ភ័យខ្លាចខ្លួនឯង គាត់រត់ទៅនៅក្រៅ ។ ដូច្នេះគាត់មិនមានសង្ឃឹមថា ត្រលប់ចូលស្រុកវិញទេ ។ អ៊ីចឹងគឺថា គាត់និយាយនេះ និយាយយកល្អមើលទេ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋនៅខាងក្រៅប្រទេស ឬមួយក៏អ្នកចុងកាត់មាត់ញក ដែលមិនយល់ដឹងអំពីសភាពការណ៍ពិតនៅកម្ពុជា ឲ្យយល់ច្រឡំតែប៉ុណ្ណោះទេ “ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ ភ្ជាប់ជាមួយចំណុចនេះដែរ ចំពោះការធានាយកប្រពន្ធកូនរបស់គាត់ទៅអាមេរិកជាមួយនោះ អារឿងក្រុមគ្រួសារបុគ្គល ខ្ញុំមិនលូកដៃចូលទេ អាហ្នឹងគឺថា គេធ្វើម៉េច ធ្វើទៅ ឲ្យវាត្រឹមត្រូវតាមច្បាប់ ចង់ទៅនៅប្រទេសក្រៅ អាហ្នឹងជារឿងគាត់ទេ ឲ្យតែប្រទេសក្រៅគេទទួល ហើយធ្វើអី រឿងប្រពន្ធ រឿងប្ដី អាហ្នឹងជារឿងបុគ្គលដោយឡែកពីគ្នាទេ ទោះបីក្នុងក្រុមគ្រួសារតែមួយក៏ដោយ ក៏ប៉ុន្តែវាមានការទទួលខុសត្រូវចំពោះមុខច្បាប់ខុសគ្នា ។ អ៊ីចឹងបើថា ប្រពន្ធកូនគាត់អត់មានអ្វីដែលទទួលខុសត្រូវនៅចំពោះមុខច្បាប់ទេ អាហ្នឹងវាអត់មានបញ្ហាទេ ហើយបើទៅក្រៅប្រទេស ចង់នៅក្រៅប្រទេស ឲ្យតែប្រទេសសាមីនោះគេទទួលទៅ អាហ្នឹងវាជាការស្រេចហើយ ដោយអត់មានពីណារារាំងគាត់ទេ តែបើសិនណាជាគាត់នៅក្នុងប្រទេស គាត់ធ្វើសកម្មភាពដើម្បីផលប្រយោជន៍ មហិច្ឆតារបស់ប្ដីគាត់ ឬមួយក៏គណបក្សគាត់ ឬក្រុមនយោបាយជ្រុលនិយមរបស់គាត់ អាហ្នឹងជារឿងមួយទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ។ និយាយទៅ ការយកប្រពន្ធកូនគាត់ទៅនៅអាមេរិកនេះ មិនពាក់ព័ន្ធនឹងការគំរាមកំហែងបំភិតបំភ័យរបស់គណបក្សកាន់អំណាចអីទេ អត់មានទេ អាហ្នឹងរឿងដូចខ្ញុំនិយាយអ៊ីចឹង បុគ្គលអេង ឆៃអ៊ាង ជារឿងបុគ្គលរបស់គាត់ ទទួលខុសត្រូវចំពោះមុខច្បាប់ ហើយចំពោះក្រុមគ្រួសារ តាំងពីប្រពន្ធ តាំងពីកូន បើគាត់អត់មានប្រព្រឹត្តបទល្មើសអី អាហ្នឹងគាត់ក៏គ្មានការទទួលខុសត្រូវចំពោះមុខច្បាប់ដែរ គ្មានបញ្ហាអីទេ “ ៕

RELATED ARTICLES