Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរខេត្តកោះកុង ស្រាវជ្រាវករណីមន្ត្រី ច្រាន គ្នាដួលអុកគូទ

អាជ្ញាធរខេត្តកោះកុង ស្រាវជ្រាវករណីមន្ត្រី ច្រាន គ្នាដួលអុកគូទ

ខេត្តកោះកុង ៖ អាជ្ញាធរខេត្តកោះកុង កំពុងបើកកិច្ចប្រជុំបន្ទាន់មួយ លើករណីបុរសម្នាក់ ជាសមាជិកក្រុម ប្រឹក្សាស្រុកបទុមសាគរ វាយតប់គ្នាជាមួយមន្ត្រីនគរបាលម្នាក់ អំឡុង ពេលប្រតិបត្តិការផ្អាកសកម្មភាព ការចាក់ដីគ្មានច្បាប់។

លោកសុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រោយ ទទួលបានព័ត៌មានទាក់ទិននឹងការវាយតប់គ្នារវាងលោកភិន រុច សមាជិកក្រុមប្រឹក្សាស្រុកបទុមសាគរ ជាមួយអភិបាលរងស្រុក និងមន្ត្រីនគរបាល លោកបានបើកកិច្ចប្រជុំបន្ទាន់មួយ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិនិត្យស្រាវជ្រាវអំពីអង្គហេតុឱ្យពិតប្រាកដ មុននឹងមានវិធានការដ្ឋបាល និងផ្លូវច្បាប់។

គួរបញ្ជាក់ថា ថ្មីៗនេះតាមរយៈវីដេអូឃ្លីបមួយ បង្ហាញថា លោកភិន រុច សមាជិកក្រុមប្រឹក្សាស្រុកបទុមសាគរ បានប្រតាយប្រតប់គ្នាជាមួយសមត្ថកិច្ច កើតជាហិង្សាមួយប្រាវ ករណីលោកខេង សំខាន់ អភិបាលរងស្រុក បទុមសាគរ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុក បានថតរូបលោកភិន រុច ជាក្រុមប្រឹក្សាស្រុក ដោយគ្មានការអនុញ្ញាត នៅពេលដែលរដ្ឋបាលស្រុក ចុះទៅហាមឃាត់សកម្មភាពចាក់បំពេញដី ក្រោមហេតុ ផលគ្មានច្បាប់អនុញ្ញាតស្ថិតនៅក្នុងភូមិអណ្តូងទឹក ស្រុកបទុមសាគរ។

តាមរយៈសកម្មភាពក្នុងវីដេអូនោះ ទំនងជាលោកក្រុមប្រឹក្សាខឹង ហើយស្ទុះទៅសួរនាំលោកខេង សំខាន់ អភិបាលរងស្រុក ដែលថតរូបគាត់ តែត្រូវបាននគរបាលមួយរូប ព្យាយាមឃាត់ ទើបកើតមានការប្រតាយ ប្រតប់គ្នា រុញលោកក្រុមប្រឹក្សា បណ្តាលឱ្យដួលអុកគូទលើដី ហើយលោកក្រុមប្រឹក្សា ស្ទុះទៅវាយបក តែមិនចំគោលដៅ ហើយក៏ស្ទុះទៅចង្អុលសួរនាំលោករ៉ែម សុធា មន្ត្រីសាលាស្រុក ត្រូវជាមនុស្សជំនិត របស់អភិបាលស្រុក រឿងថតរូបលោក។

គួរបញ្ជាក់ថា រដ្ឋបាលស្រុកបទុមសាគរ បានចុះហាមឃាត់សកម្មភាពចាក់ដីនោះ បានអូសយកគ្រឿង ចក្រភាគីលោកក្រុមប្រឹក្សា ទៅសាលាស្រុក តែត្រូវបានក្រឡាប់នៅលើផ្លូវ ហើយអ្នកអូសគ្រឿងចក្រនោះ នាំគ្នាគេចបាត់អស់។

លោក ភិន រុច ដែលជាសមាជិកក្រុមប្រឹក្សាស្រុកបទុមសាគរ និងជាភាគីចាក់ដី ពុំអាចសុំការបកស្រាយ បំភ្លឺបានទេ ជុំវិញសកម្មភាពរបស់លោកនិងអាជ្ញាធរស្រុកដែលប្រតាយប្រតប់គ្នានៅទីតាំងដីទំនាស់ខាងលើ។ចំណែកលោកក្រូច បូរីសីហា អភិបាលស្រុកបទុមសាគរ បានបញ្ជាក់ប្រាប់ថា អាជ្ញាធរស្រុកកំពុងកសាង សំណុំរឿងតាមនីតិវិធីរដ្ឋបាល និងផ្លូវច្បាប់ ទៅកាន់រដ្ឋបាលខេត្ត ខណៈទីតាំងដីដែលលោកភិន រុច ចាក់ដីនោះ ជាដីគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង មិនមែនជាដីធ្លីកម្មសិទ្ធីរបស់លោកភិន រុច នោះទេ៕

RELATED ARTICLES