ភ្នំពេញៈ អ្នកវិភាគបានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋខ្មែរ បើថ្ងៃនេះ មិនគិតអយុត្តិធម៌សង្គម និងសេដ្ឋកិច្ច ដែលបានកើតឡើងមកលើខ្លួននោះទេ នៅថ្ងៃស្អែក ជីវិតនឹងដូចសត្វនៅទីសត្តឃាត ដែលរង់ចាំតែទទួលរងនូវការកាប់សម្លាប់ដើម្បីបំពេញក្រពះ ឬផលប្រយោជន៍របស់មនុស្សដែលមានគំនិតទុច្ចរិត ។
លោកបណ្ឌិតសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ បើអ្នកគ្មានពេលគិតពីរឿងអយុត្តិធម៌សង្គម និងអយុត្តិធម៌សេដ្ឋកិច្ចទេ នៅថ្ងៃស្អែក ឬថ្ងៃអនាគតនៃជីវិតរបស់អ្នក គឺមិនខុសពីមនុស្ស ឬសត្វដែលកំពុងរស់នៅទីក្នុងសត្តឃាតឡើយ” ។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកសេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ្វីដែលលោកលើកឡើងពីចំណុចនេះ គឺក្នុងគោលបំណងធ្វើឲ្យគ្រប់គ្នាមានការអភិវឌ្ឍផ្នត់គំនិត ដើម្បីឆ្ពោះទៅកាន់សុខសន្តិភាពមួយ និងមានការអភិវឌ្ឍទៅលើជំនាញពាក់ព័ន្ធជាមួយនឹងការផ្ដល់ ឬក៏ការត្រិះរិះពិចារណាពាក់ព័ន្ធនឹងវិធីសាស្រ្តដើម្បីកែលម្អសង្គម ឲ្យមានតុល្យភាពនយោបាយ សេដ្ឋកិច្ច និងយុត្តិធម៌សង្គម លុបបំបាត់នូវរាល់ទង្វើអវិជ្ជមានដែលកើតមាន ក្នុងនោះមានទាំងអំពើរំលោភច្បាប់ អំពើពុករលួយ អំពើផ្សេងៗទៀត ទាក់ទងនឹងការរើសអើងផ្នែកនយោបាយ ហើយបើកឲ្យមានសេរីភាព ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ តែមួយ ដោយគ្មានការបែងចែកនិន្នាការនិងបក្ខពួក សម្រាប់កម្ពុជាទាំងមូល ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “ ការពិតទៅ ការលើកឡើងរបស់ខ្ញុំនេះ គឺនិយាយអំពីពេលវេលារបស់មនុស្សយើងម្នាក់ៗ ក្នុងនាមជាម្ចាស់អំណាច ម្ចាស់ប្រទេស ជាកោសិកានៃសង្គម ហើយនៅពេលដែលយើងជាម្ចាស់ យើងអត់មានពេលគិតពីរឿងអយុត្តិធម៌នៅក្នុងសង្គម និងអយុត្តិធម៌សេដ្ឋកិច្ច ។ អ៊ីចឹងយើងដឹងហើយថា មនុស្សដែលគ្មានពេលគិតបែបនេះ គាត់នឹងក្លាយទៅជាជនរងគ្រោះនៅថ្ងៃមួយ នៅពេលដែលព្រឹត្តិការណ៍មួយមកដល់ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ មិនថានៅក្នុងសង្គមកុម្មនីស្ត កាលណាយើងរស់នៅក្រោមឥទ្ធិពលនៃអំណាច ហើយយើងរស់ទាំងត្រដាបត្រដួសជាមួយនឹងភាពអយុត្តិធម៌នៅក្នុងសង្គម អ៊ីចឹងយើងមិនខុសពីសត្វដែលគេដាក់នៅក្នុងទ្រុង ហើយរង់ចាំតែទទួលរងនូវការកាប់សម្លាប់ ដើម្បីបំពេញនូវក្រពះ ឬក៏បំពេញនូវផលប្រយោជន៍របស់មនុស្សដែលមានគំនិតទុច្ចរិតនៅក្នុងសង្គម ដោយពួកគាត់មិនខ្វល់អំពីសុខទុក្ខ ឬក៏តម្រូវការចាំបាច់របស់មនុស្សម្នាក់ៗនៅក្នុងសង្គមនោះទេ ។ ដូច្នេះហើយក្នុងស្ថានភាពដែលយើងមើលឃើញពីបញ្ហាសង្គម យើងគួរតែនាំគ្នាចូលរួមធ្វើការទិតៀន ធ្វើការផ្ដល់នូវយោបល់ ដើម្បីកែលម្អនូវរាល់ចំណុចអវិជ្ជមានទាំងឡាយ ដែលកំពុងតែកើតមាន ដើម្បីធានាឲ្យបាននូវសុវត្ថិភាពយុត្តិធម៌សង្គមរបស់យើងទាំងអស់គ្នា “ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ កាលណាយើងក្លាយទៅជាមនុស្សបាត់បង់នូវឧត្ដមគតិ លែងខ្វល់ពីរឿងអយុត្តិធម៌សង្គម វាមិនខុសពីសត្វដែលមិនខ្វល់អំពីគុណធម៌ សីលធម៌ ឬក៏ច្បាប់ទេ គឺរស់ដើម្បីតែរស់ រស់និងគ្មានចក្ខុវិស័យដើម្បីធ្វើឲ្យមានការរីកចម្រើន ឬក៏សង្គមមានសណ្ដាប់ធ្នាប់មួយ ដែលអាចគ្រប់គ្នាទទួលយកបានឡើយ ។ ដូច្នេះហើយបញ្ហាទាំងអស់ដែលកើតឡើងនៅក្នុងសង្គមរបស់យើង គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺភាគីម្ចាស់ឆ្នោត ហើយបើសិនជាម្ចាស់ឆ្នោតមិនមានឆន្ទៈនៅក្នុងការការពារអំណាចខ្លួនឯង ដូច្នេះអ្នកដែលយើងបោះឆ្នោត ហើយផ្ដល់អំណាចទៅឲ្យគាត់ គាត់នឹងយកទៅប្រើប្រាស់នៅក្នុងបរិបទមួយដែលប្រាសចាកអំពីគោលដៅដែលយើងចង់ឲ្យគាត់ធ្វើជាមនុស្សល្អ ដើម្បីជួយដោះស្រាយបញ្ហានូវរឿងអយុត្តិធម៌របស់យើង ។ ដូច្នេះកាលណាអ្នកដែលទទួលសន្លឹកឆ្នោតពីយើងមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមនុស្ស ឬក៏ជាអ្នកដឹលនាំដែលមានសីលធម៌ ឬក៏មានទសពិធរាជធម៌ទេ យើងត្រូវតែពិចារណាឡើងវិញថា តើបុគ្គលដែលយើងផ្ដល់អំណាចឲ្យ ស័ក្ដិសមនឹងទទួលយកអំណាចដែលយើងជាម្ចាស់ហ្នឹងផ្ដល់ឲ្យអត់? ដូច្នេះយើងមិនទៅទម្លាក់គាត់ ឬក៏ធ្វើអីគាត់ទេ ក៏ប៉ុន្តែយើងគួរតែធ្វើការទិតៀន ដើម្បីតម្រង់ទិសគាត់ ឲ្យគាត់ក្លាយទៅជាបុគ្គលម្នាក់ដែលស្គាល់គុណហើយនិងទោស នៅពេលដែលយើងជាម្ចាស់អំណាច ម្ចាស់ឆ្នោតពិតប្រាកដក្លាយទៅជាជនរងគ្រោះ ហើយពួកគាត់ដែលជាអ្នកទទួលបានអំណាចហ្នឹង បែរទៅជាមនុស្សឈរឱបដៃមើលរឿងអយុត្តិធម៌ រឿងទុច្ចរិត រឿងដែលកំពុងតែកើតមានមកលើខ្លួនយើង ដែលជាម្ចាស់អំណាចទៅវិញ “ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ ដូច្នេះហើយអ្វីដែលខ្ញុំបានលើកឡើងនេះ គឺគ្រាន់តែចង់បញ្ជាក់អំពីចក្ខុវិស័យមួយរបស់យើងម្នាក់ៗ ក្នុងនាមជាប្រជាពលរដ្ឋ នៅក្នុងនាមជាម្ចាស់ឆ្នោត ក្នុងនាមជាម្ចាស់ប្រទេស ស្របតាមរដ្ឋធម្មនុញ្ញហ្នឹង គួរតែធ្វើការត្រិះរិះ ហើយងាកមកចូលរួមទិតៀនទៅលើភាពអវិជ្ជមាននៅក្នុងសង្គម ដែលបង្កឡើងដោយក្រុមអ្នកនយោបាយប្រជាភិថុតិ ក្រុមអ្នកនយោបាយអត្តាបុគ្គល ហើយនិងក្រុមមន្រ្តីដែលជ្រកក្រោមឥទ្ធិពលអំណាច ធ្វើការគាបសង្កត់ទៅលើមនុស្សទន់ខ្សោយ ទៅលើប្រជាពលរដ្ឋដែលគាត់កំពុងតែត្រូវយុត្តិធម៌ ដើម្បីបន្តជីវភាព ណឬក៏ជីវិតនៅក្នុងសង្គមកម្ពុជារបស់យើង ។ ដូច្នេះសរុបសេចក្ដីមក អ្វីដែលខ្ញុំលើក គឺក្នុងគោលបំណងធ្វើឲ្យគ្រប់គ្នាមានការអភិវឌ្ឍផ្នត់គំនិត ដើម្បីឆ្ពោះទៅកាន់សុខសន្តិភាពមួយ និងមានការអភិវឌ្ឍទៅលើជំនាញពាក់ព័ន្ធជាមួយនឹងការផ្ដល់ ឬក៏ការត្រិះរិះពិចារណាពាក់ព័ន្ធនឹងវិធីសាស្រ្តដើម្បីកែលម្អសង្គម ឲ្យមានតុល្យភាពនយោបាយ សេដ្ឋកិច្ច ហើយនិងយុត្តិធម៌សង្គម លុបបំបាត់នូវរាល់ទង្វើអវិជ្ជមានដែលកើតមាន ក្នុងនោះមានទាំងអំពើរំលោភច្បាប់ អំពើពុករលួយ អំពើផ្សេងៗទៀត ទាក់ទងនឹងការរើសអើងផ្នែកនយោបាយ ហើយបើកឲ្យមានសេរីភាព ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ តែមួយ ដោយគ្មានការបែងចែកនិន្នាការនិងបក្ខពួក សម្រាប់កម្ពុជា ទាំងមូល “ ៕