Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ច្រឡំ ខ្ទេចម៉ូតូ២គ្រឿង ជាប់ខ្នោះ៥

កាប់ច្រឡំ ខ្ទេចម៉ូតូ២គ្រឿង ជាប់ខ្នោះ៥

ខេត្តបាត់ដំបង ៖ ក្មេងទំនើង ១ក្រុម ប្រដាប់ដោយកាំបិត ស្ទើរគ្រប់ដៃ បានធ្វើសកម្មភាពជិះម៉ូតូទៅរកមុខ គូទំនាស់ ដែលមានរហស្សនាមក្រុម GS លុះទៅដល់ឃើញម៉ូតូគេចតលើផ្លូវ នឹកស្មានថាជាម៉ូតូរបស់គូទំនាស់ ក៏ព្រួតកាប់កម្ទេច អស់២គ្រឿង រួចជ្រុលកាប់ថែមទាំងរថយន្តគេ ១គ្រឿងទៀត ដែលចតក្បែរនោះ ហើយក៏នាំ គ្នាគេចខ្លួនអស់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបបានក្រុមជនបង្ក ចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី ១-ឈ្មោះឆៃ គឹមហួ ភេទប្រុស មានលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ទី២-ឈ្មោះជា ចំណាន ភេទប្រុស មានលំនៅ ភូមិចម្ការ សំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។ ទី៣-ឈ្មោះឡុង សុផូ ភេទប្រុស មានលំនៅ ភូមិសាលាបា ឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ទី៤-ឈ្មោះអន វិឆៃ ភេទប្រុស មានលំនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និងទី៥-ឈ្មោះហុន ចាន់យ៉ា ភេទប្រុស មានលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង។ រីឯសម្ភារៈដកហូត រួមមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ១ គ្រឿង។ កាំបិតផ្គាក់ដងឈើ ចំនួន ១ដើម។ កាំបិតប៉័ងតោ ចំនួន១។ កាំបិតកែច្នៃ ចំនួន១ និងកាំបិតកែច្នៃដង ឈើ ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទណ្ឌ ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ ករណីកាប់បំផ្លាញម៉ូតូរបស់ជនរង គ្រោះឈ្មោះបឹង សូបិន ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូ ចំនួន ២គ្រឿង និងឈានដល់ការឃាត់ខ្លួនបានក្រុមជនបង្កហេតុ សរុបចំនួន៥នាក់ នាំយកមកសាកសួរ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា មូលហេតុដែលនាំទៅ ដល់ករណីកាប់បំផ្លាញទ្រព្យសម្បត្តិបែបនេះ គឺក្រុមជនសង្ស័យខាងលើមានគ្នាច្រើន បានលើកគ្នាទៅរកកាប់ ក្រុមម្ខាងទៀត ដែលមានរហស្សនាម ក្រុមGS ដែលអ្នកដឹកនាំ ក្រុមគេ ប្រាប់ថាក្រុម GS កំពុងមានវត្តមាន នៅទីកន្លែងកើតហេតុខាងលើ និងទុកម៉ូតូនៅទីនោះ ដូច្នេះក្រុមនេះសំដៅទៅកាប់បំផ្លាញម៉ូតូនោះតែម្តង។ ប៉ុន្តែដោយសារអ្នកកាប់ ទទួលព័ត៌មានមិនច្បាស់ ក៏ទៅកាប់ច្រឡំម៉ូតូអ្នកដទៃ ដែលមិនដឹងរឿងអ្វីសោះ បណ្តាលឱ្យខូចខាត ហើយមុន ពេលគេចខ្លួនពីកន្លែងកើតហេតុ ក្រុមនេះបានកាប់ទៅលើរថយន្ត ១គ្រឿងថែម ទៀត ដែលឈប់នៅក្បែរនោះ។

ជុំវិញករណីខាងលើ សមត្ថកិច្ចកំពុងបន្តស្វែងរកមេខ្លោងដែលកំពុងគេចខ្លួនពីមូលដ្ឋាន និងសមាសភាពក្រុម GS ដើម្បីមានវិធានការតាមនីតិវិធី។

ជនសង្ស័យទាំង៥នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមផ្លូវច្បាប់៕

RELATED ARTICLES