Saturday, March 15, 2025
Homeព័ត៌មានជាតិពលរដ្ឋមកពីខេត្តព្រះវិហារ​ជិត​២០០​នាក់ មាន​ទំនាស់​ដីធ្លីមក​តវ៉ាមុខ​ក្រសួង

ពលរដ្ឋមកពីខេត្តព្រះវិហារ​ជិត​២០០​នាក់ មាន​ទំនាស់​ដីធ្លីមក​តវ៉ាមុខ​ក្រសួង

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យ២៥៣គ្រួសារ រស់នៅខេត្ត ព្រះវិហារ ដែលបាត់បង់ដីធ្លីតាំងពីឆ្នាំ២០១២ ដោយសារកង​កម្លាំងមាន​សមត្ថ​កិច្ច​​ធ្វើការឈូស ឆាយវាយកម្ទេចផ្ទះ សាលារៀន វត្តអារាម រឹបអូសយកទាំង​ដី​សាង​សង់លំនៅឋាន ស្រែ ចម្ការរបស់ពួកគាត់ បានធ្វើដំណើរមកដល់មុខ ក្រសួង​​មហាផ្ទៃ ស្ថិតនៅតាមផ្លូវព្រះនរោត្តម ក្រុម៧៤ ស្ថិតនៅភូមិ១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

លោកគិន ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ អតីតយោធា ស្នាក់នៅភូមិស្វាយជ្រុំ ឃុំ​កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ថា ព្រឹក នេះគាត់មកតវ៉ានៅមុខ​ក្រសួង​មហាផ្ទៃ ដោយ ឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​សម្តេច​នាយករដ្ឋមន្ត្រីហ៊ុន សែន និង លោកជំទាវបណ្ឌិតប៊ុន រ៉ានី សូមឱ្យ​ជួយ​ដោះ សាយវិវាទដីធ្លីដែលមានទំនាស់ តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចប្បន្ន ត្រូវអាជ្ញាធរ និងកង-កម្លាំងប្រដាប់អាវុធឃុបឃិតគ្នាវាយកម្ទេចផ្ទះ សាលារៀន និងវត្តអារាមពួកគាត់ចោលអស់ គ្មានសល់។

ប្រជាពលរដ្ឋបន្តទៀតថា គាត់រស់នៅ លើដីមានទំនាស់នោះ តាំងពីឆ្នាំ១៩៩៩ មាន ឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ មានប្រជាពល​រដ្ឋសរុប២៥៣​គ្រួសារ និងដីទំហំ ៣៣៥៣ហិកតារ រួមទាំងដីស្រែចម្ការ និង ដំណាំដាំដុះរបស់​ប្រជាពលរដ្ឋ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ពួកគាត់បានយកញត្តិមកដាក់នៅ ក្រសួង​មហាផ្ទៃម្តងហើយ តែមិនទាន់ឃើញ មានដំណោះស្រាយសោះ ទើបពួក​គាត់នាំគ្នា មកម្តងទៀត ដើម្បីពន្លឿនឱ្យឆាប់ដោះស្រាយ ឱ្យបានលឿនផង ពី​ព្រោះពួកគាត់សព្វថ្ងៃគ្មាន កន្លែងស្នាក់នៅប្រកបរបរចិញ្ចឹមជីវិតទេ។ បន្ទាប់ ពី​ពួកគាត់ចេញពីក្រសួងមហាផ្ទៃហើយបាននាំគ្នាទៅស្ថានីយទូរទស្សន៍ហង្ស-​មាស ដើម្បីជួយ ផ្សព្វផ្សាយ រួចក៏ចេញទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ រួចត្រឡប់ទៅខេត្ត ព្រះវិហារវិញ៕ គួន ចំរើន

RELATED ARTICLES