ភ្នំពេញ ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានក្រសួងអប់រំ ប្រកាសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្ត កណ្តាល និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់មណ្ឌលដទៃទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជននិងកីឡា លេខ ១៧ អយក.សប្រព ចុះថ្ងៃ ព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បញ្ជាក់ថា បេក្ខជន ប្រឡងជាប់ សរុប ៩៨ ៤៦០នាក់ ត្រូវជា ៧២,៨៩ភាគរយ នៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ បេក្ខជន ជាប់និទ្ទេស A ចំនួន ១៦៧៣នាក់, និទ្ទេស B ចំនួន ៦៩៦៤នាក់, និទ្ទេស C ចំនួន ១៨៣០៨នាក់, និទ្ទេស D ចំនួន ៣៤២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧២៦៩នាក់។
គួបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះ ឈ្មោះប្រឡង សរុប ១៣៧ ៤១២នាក់ (ស្រី ៧៣ ២៧៨នាក់) មានមណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥៥៤៣ បន្ទប់។

ក្រោយបញ្ចប់ដំណើរការប្រឡងសំណេរ ក្រសួងអប់រំ យុវជននិងកីឡា ឲ្យដឹងថា គ្រោងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែដោយសារដំណើរការកំណែនិងស្រង់បូកពិន្ទុ ដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ត្រូវបានបញ្ចប់មុនកាល កំណត់ ទើបក្រសួង សម្រេចប្រកាសលទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ មុនកាលកំណត់៕ ខៀវទុំ