Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការ ដកបញ្ឈរជើងមេប៉ុស្តិ៍ ចុះរារាំងការ សម្តែងល្ខោនបាសាក់

ស្នងការ ដកបញ្ឈរជើងមេប៉ុស្តិ៍ ចុះរារាំងការ សម្តែងល្ខោនបាសាក់

ខេត្តក្រចេះ ៖ នាយប៉ុស្តិ៍នគរបាលមួយរូប ផឹកស្រាស្រវឹង បានទៅរារាំងក្រុមល្ខោនបាសាក់ ដែលកំពុង សម្តែងជូនប្រជាពលរដ្ឋទស្សនា នៅក្នុងពិធីបុណ្យកឋិនមួយ នៅក្នុងវត្ត ដោយថាការសម្តែងល្ខោន មិន បានសុំច្បាប់ពីគាត់ដែលជាអ្នកគ្រប់គ្រងមូលដ្ឋាន ធ្វើឱ្យការសម្តែងល្ខោន ត្រូវផ្អាកកណ្តាលទី ធ្វើឱ្យប្រជា ពលរដ្ឋ អ្នកទស្សនា ក្តៅក្រហាយ រិះគន់លោកមេប៉ុស្តិ៍នោះ រហូតផ្អើលដល់លោកស្នងការសម្រេចដកមេ ប៉ុស្តិ៍ដែលចង់ឡើងឆាកល្ខោននោះ បញ្ឈរជើង ជាការព្រមាន។ហេតុការណ៍មេប៉ុស្តិ៍ចុះរារាំងការសម្តែងល្ខោននេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកម្មវិធីបុណ្យកឋិនទានមួយ ក្នុងវត្តអូរលុង ស្ថិតក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។លោកនាយប៉ុស្តិ៍ដែលចុះរារាំងការសម្តែងល្ខោននោះ មានឈ្មោះយឹង សំអឿន ហៅដួង ជានាយប៉ុស្តិ៍នគរ បាលរដ្ឋបាលស្រែចារ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ វិច្ឆិកា២០២៣ ដែលជាយប់ទី៣ នៃការសម្តែងសិល្បៈ ល្ខោនបាសាក់ ជូនប្រជាពលរដ្ឋទស្សនា ក្នុងពិធីបុណ្យកឋិនទាន នៅក្នុងបរិវេណវត្តអូលុង ភូមិអូរលុង ឃុំ ស្រែចារ ស្រុកស្នួល ស្រាប់តែលេចមុខលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ បានចុះទៅរករឿង និងឱ្យ បញ្ឈប់ការសម្តែងសិល្បៈល្ខោនបាសាក់។ ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល ពាក់ស័ក្តិ៣ និងទំនងជាស្រវឹង ស្រាផង លោកនាយប៉ុស្តិ៍ បាននិយាយចោទប្រកាន់ក្រុមសិល្បៈល្ខោនបាសាក់ ខាងលើ ថាមិនបានជូនដំណឹង និងបង្ហាញលិខិតអនុញ្ញាតណាមួយដល់ខ្លួនដែលជាអ្នកគ្រប់គ្រងក្នុងមូលដ្ឋានឡើយ។

ភ្លាមៗនោះ ក្រុមសិល្បៈល្ខោនបាសាក់ បានប្រតិកម្ម ដោយបានលើកឡើងថា ក្រុមខ្លួន មិនមែនមកសម្តែង ដោយចិត្តឯងនោះទេ ការរៀបចំឈុតឆាកសម្តែងនេះ គឺព្រះចៅអធិការវត្ត ជួលមកសម្តែង ហើយការសម្តែង នេះ បាន២យប់រួចមកហើយ ទើបនៅយប់ទី៣ ស្រាប់តែមានការហាមឃាត់ឲ្យបញ្ឈប់ការសម្តែង។ក្រោយការប្រតិកម្មខ្លាំងៗពីសំណាក់ក្រុមសិល្បៈនិងប្រជាពលរដ្ឋ លោកមេប៉ុស្តិ៍នោះ បានបង្វែរកំហុសនោះ ទៅព្រះចៅអធិការវត្ត ថាមិនបានផ្តល់ដំណឹងដល់ខ្លួនជាអាជ្ញាធមូលដ្ឋាន លុះក្រោយពីព្រះចៅអធិការវត្ត ពន្យល់ហេតុផល និងបង្ហាញថាបានសុំច្បាប់អនុញ្ញាតតាំងពីថ្នាក់ស្រុក រួចហើយ ទើបនាយប៉ុស្តិ៍នោះ បាន ឡើងបកស្រាយ និងសុំទោស នៅលើឆាកល្ខោនផងដែរ។

ក្រោយកើតមានករណីបែបនេះ បានធ្វើឱ្យមហាជនជាច្រើន បានសម្តែងនូវមតិរិះគន់ ផ្អើលពេញបណ្តាញសង្គម ដោយលើកឡើងថា នគរបាលមូលដ្ឋាន មិនមានសមត្ថកិច្ចក្នុងការចេញច្បាប់អនុញ្ញាតឱ្យសម្តែងល្ខោនបាសាក់ ទេ គឺមានតែសាលាឃុំ សាលាស្រុក តែប៉ុណ្ណោះ ហើយនគរបាលមូលដ្ឋាន មានតួនាទីត្រឹមការពារសន្តិសុខ សណ្តាប់ធ្នាប់ជុំវិញកន្លែងសម្តែងតែប៉ុណ្ណោះ។

ចំណែកខ្លះទៀត បានលើកឡើងថា ករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ខេត្តក្រចេះ ចុះទៅរករឿង និងរារាំងការសម្តែសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិននេះ គឺធ្វើឱ្យតែពលរដ្ឋក្តៅក្រហាយ រហូត ស្នើដល់លោកស្នងការនគរបាលខេត្តក្រចេះ ពិចារណាដកបញ្ឈរជើង ឬផ្អាកការងារមេប៉ុស្តិ៍នេះ ហើយ បញ្ជូនគាត់ទៅរៀនសូត្របន្ថែមទៀតផង។

ទីបំផុត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឈ្មោះយឹង សំអឿន ហៅដួង នោះ ត្រូវបានលោកស្នងការ សម្រេចដកបញ្ឈរជើង និងតែងតាំងមេស្តិ៍ស្តីទី ជំនួសផងដែរ។លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ជុំវិញបញ្ហានេះ លោកមានវិធានការរួចហើយ ដោយដកលោកមេប៉ុស្តិ៍នោះ មកបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកស្នងការ បន្តថា លោកបានចាត់ចែងឱ្យមានមេប៉ុស្តិ៍ស្តីទី និងក៏សូម អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបង្ហោះរឿងនេះ ហើយខាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានសួរនាំ ដោយវិជ្ជាជីវៈ។

ជុំវិញករណីខាងលើនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ថា បន្ទាប់ពីទតួលព័ត៌មានលើបណ្តាញសង្គម ថាមានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងល្ខោនក្នុងពិធីបុណ្យកឋិនទាន នៅវត្តអូរលុង ក្នុងភូមិអូលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ភ្លាម ស្នងការនគរបាលខេត្ត បានចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលស្រែចារ មកសាកសួរបំភ្លឺ ពិតជាបានសួររកលិខិតអនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្តែងប្រាកដមែន ទើបក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យចំពោះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងត្រូវមកបង្ហាញមុខ នៅការិ យាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ។

ស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើកាតអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រីនៃស្នង ការដ្ឋាននគរ បាលខេត្ត។ ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏សូមថ្លែងអំណរគុណ និងត្រៀមដើម្បី ទទួលរាល់កិច្ចសហការ ការរិះគន់ដើម្បីស្ថាបនា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញ ផ្សព្វផ្សាយសង្គមព័ត៌មាន៕

RELATED ARTICLES