Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងឪស្រឡាញ់ម៉ែចុងជាង កូនដុតផ្ទះចោល

ខឹងឪស្រឡាញ់ម៉ែចុងជាង កូនដុតផ្ទះចោល

ខេត្តព្រៃវែង ៖ បុរសម្នាក់ ក្រោយពីលែងលះប្រពន្ធ បានត្រឡប់មករស់នៅជាមួយឪពុកបង្កើតរបស់ខ្លួនវិញ លុះក្រោយមក បុរសជាឪពុក មានប្រពន្ធក្រោយ នៅក្នុងភូមិជាមួយគ្នា ក៏ចេញទៅរស់នៅជុំប្រពន្ធក្រោយបាត់ ដោយទុកឱ្យកូនប្រុសនៅផ្ទះតែម្នាក់ឯង លុះខឹងឪពុកស្រលាញ់ម្តាយចុងជាង មិនសូវខ្វល់ខ្វាយគិតគូរពីកូនៗ ក៏បែកគំនិតដុតផ្ទះឪពុកចោល បណ្តាលឱ្យឆេះអស់គ្មានសល់ ទីបំផុតត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីដុតផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ ចំណុចភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកពាមជរ។

ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ មានឈ្មោះវ៉ន វឿន អាយុ៥៤ឆ្នាំ មានប្រពន្ធ ក្រោយឈ្មោះ ចន ឡា អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាកូនប្រុសមាន ឈ្មោះវឿន សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជាបុរស ពោះម៉ាយ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យបានលែងលះប្រពន្ធនៅខេត្តពោធិ៍សាត់ ហើយមកចាំ ផ្ទះឱ្យឪពុក នៅចំណុចភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកពាមជរ ដោយឪពុកមិនបាននៅផ្ទះដែលឆេះនេះទេ គាត់នៅផ្ទះប្រពន្ធក្រោយ ស្ថិតក្នុងភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ចម្ងាយពីផ្ទះឆេះ ប្រហែល ៣០០ម៉ែត្រ ។

លុះមកដល់វេលាកើតហេតុខាងលើ ព្រោះតែខឹងឪពុកមិនគិតគូរដល់ខ្លួន គិតតែពីប្រពន្ធក្រោយ ជនសង្ស័យ បានយកភ្លើងដុតផ្ទះរបស់ឪពុក ដែលខ្លួនកំពុងជ្រកកោនរាល់ថ្ងៃ ដោយមិនមាននឹកស្តាយស្រណោះឡើយ។ ភ្លាមៗនោះ ប្រជាពលរដ្ឋក្បែរនោះ បានរាយការណ៍មកកាន់កម្លាំងនគរបាលជំនាញ ដើម្បីចុះជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កន្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពាមជរ ចុះអន្តរាគមន៍ពន្លត់ភ្លើង និងតាមឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ។

ករណីនេះ មិនមានបង្កឱ្យមនុស្សរងរបួសឡើយ ដោយបានបណ្តាលឱ្យខាតផ្ទះមួយខ្នង និងសម្ភារៈ ប្រើ ប្រាស់ក្នុងផ្ទះ សរុបជាថវិកា ចំនួនប្រមាណ៨លានរៀល។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ធ្វើការឃាត់ខ្លួន និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES