Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្សារសន្តិភាព២ ខ្ទេច ៤១៩តូប

ភ្លើងឆេះផ្សារសន្តិភាព២ ខ្ទេច ៤១៩តូប

ភ្នំពេញ ៖ តូបលក់ដូររបស់អាជីវករ ប្រមាណជាង២០០តូប រួមជាមួយនឹងទំនិញ សម្ភារៈទាំងអស់នៅក្នុងតូប ស្ថិតនៅក្នុងផ្សារបុរីសន្តិភាព២ ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញខ្ទេចអស់ទាំងស្រុង នៅវេលាពាក់កណ្តាលអធ្រាត្រ ដោយមូលហេតុផ្តើមចេញពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្សារបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះដំបូង ចេញពីតូបនៅ កណ្តាលផ្សារ រួចទើបឆេះរាលដាលទៅដល់តូបខាងៗជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅ។ ម៉្យាងទៀត នៅពេល កំពុងតែឆេះតិចៗនោះ គឺពុំមាននរណាបានដឹងភ្លាមៗនោះទេ ព្រោះតូបទាំងអស់ត្រូវបានបិទទ្វារ ដោយម្ចាស់ តូបនីមួយៗបាននាំគ្នាទៅដេកនៅផ្ទះរៀងៗខ្លួនអស់ទៅហើយ។

ប្រភពដដែល បន្តថា លុះរហូតដល់ភ្លើងឆេះកាន់តែខ្លាំងឡើង ទើបដឹង ហើយនាំគ្នាមកពន្លត់ ប៉ុន្តែពន្លត់ពុំឈ្នះ ឡើយ ដោយសារភ្លើងឆេះពេញបន្ទុកទៅហើយ។ ក្រោយមក កម្លាំងអាជ្ញាធរមូលដ្ឋាន បានចេញអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីបណ្តាអង្គភាព និងក្រុមហ៊ុននានា មកជួយអន្តរាគមន៍បាញ់ទឹក ពន្លត់។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រុមពន្លត់អគ្គិភ័យ បានធ្វើការពន្លត់ភ្លើង រហូតដល់វេលាម៉ោងជាង៨ព្រឹក ថ្ងៃដដែល ទើបអណ្តាតភ្លើងរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ហើយចំពោះមូល ហេតុនៃការឆាបឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ហេតុការណ៍អគ្គិភ័យខាងលើ បានបំផ្លាញតូបលក់ដូររបស់អាជីវករ អស់ ចំនួន៤១៩តូប រួមទាំងអីវ៉ាន់ និងសម្ភារៈនៅក្នុងតូបទាំងអស់តែម្តង។ ប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ ឬបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះឡើយ៕

RELATED ARTICLES