Thursday, January 23, 2025
Homeព័ត៌មានជាតិសង្គមខ្មែរ អ្នកវិភាគថា គួរបណ្តុះផ្នត់គំនិតបុរេសកម្ម កាត់បន្ថយផ្នត់គំនិតប្រតិកម្ម

សង្គមខ្មែរ អ្នកវិភាគថា គួរបណ្តុះផ្នត់គំនិតបុរេសកម្ម កាត់បន្ថយផ្នត់គំនិតប្រតិកម្ម

ភ្នំពេញៈ អ្នកវិភាគ បានលើកឡើងថា តាមការសង្កេតឃើញកន្លងមក នៅពេលព្រះវិហារនៅតាមវត្តអារាម សំណងអគារផ្សេងៗ ឬផ្លូវថ្នល់ ខូចខាតតិចតួច ពីដំបូងមិននាំគ្នាយកចិត្តទុកដាក់ជួសជុលនិងថែរក្សាឲ្យបានល្អឡើងវិញទេ គឺបែរជាទុកឲ្យបែកបាក់ខ្លាំង រហូតជួសជុលលែងកើត ទើបនាំគ្នាវាយកម្ទេចោល និងសង់ថ្មី ដែលធ្វើឲ្យអស់ថវិកាច្រើន ហើយចំណាយពេលយូរទៀត ដែលនេះបង្ហាញថា នៅក្នុងសង្គមខ្មែរ ផ្នត់គំនិងប្រតិកម្ម មានច្រើនជាងផ្នត់គំនិតបុរេសកម្ម ។ ដូច្នេះសង្គមខ្មែរ គូរបណ្ដុះផ្នត់គំនិតបុរេសកម្ម ដែលជាផ្នត់គំនិតវិជ្ជមាន ឲ្យបានច្រើន និងកាត់បន្ថយផ្នត់គំនិតប្រតិកម្ម ដែលអវិជ្ជមាន មិនជោគជ័យ ចោលឲ្យអស់ ដើម្បីសង្គមមានការរីកចម្រើនជឿនលឿន ។

លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ ប្រសិនបើព្រះវិហារខូចខាតតិចតួច គួរតែនាំគ្នាយកចិត្តទុកដាក់ជួសជុលនិងថែរក្សា ។ កុំចាំទាល់តែវាបាក់បែក ជួសជុលលែងកើត ទើបនាំគ្នាវាយចោល និងរៃលុយសាងសង់ថ្មី ពីព្រោះផ្នត់គំនិតបែបនេះ មិនធ្វើឱ្យព្រះពុទ្ធសាសនា រីកចម្រើនឡើយ។ ការរស់នៅក្នុងសង្គម​ក៏ដូចគ្នាដែរ  ប្រសិនបើមានបញ្ហាសង្គមកើតឡើង ឬ​អាច​នឹងកើតឡើង រដ្ឋនិងរាស្ត្រ គួររួមគ្នាដោះស្រាយ​និងទប់ស្កាត់ឱ្យ​ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ សង្គម​ខ្មែរ​គួរបណ្តុះផ្នត់គំនិតបុរេសកម្ម (proactive​ mindset) ឱ្យ​បានច្រើន និងកាត់បន្ថយផ្នត់គំនិតប្រតិកម្ម (reactive mindset) “ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកបណ្ឌិតប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សម្រាប់សង្គមមួយដែលមានលក្ខណៈរឹងមាំ រីកចម្រើន ជឿនលឿន គឺត្រូវបណ្ដុះផ្នត់គំនិតបែបបុរេសកម្មឲ្យច្រើន ឲ្យបានខ្ពស់នៅក្នុងសង្គម ហើយកាត់បន្ថយផ្នត់គំនិត ឥរិយាបថនៃការរស់នៅបែបប្រតិកម្មនិយម ពីព្រោះកាលណាប្រតិកម្មទៅ មិនសូវបានគិតគូរអី្វឲ្យបានវែងឆ្ងាយទេ ច្រើនតែឆ្លើយទៅតាមកំហឹងទល់កំហល់ ជាជាងការរិះរកនូវព័ត៌មាន ស្វែងយល់អំពីបុព្វហេតុ និងដំណោះស្រាយឲ្យបានសមស្របទៅនឹងព្រឹត្តិការណ៍ ហេតុការណ៍ ឬក៏បញ្ហាណាមួយនៅក្នុងសង្គម ។

លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “ បាទ! ខ្ញុំលើកទស្សនៈនេះឡើង គឺដោយសារតែមើលឃើញថា នៅក្នុងសង្គមយើងនេះ យើងច្រើនតែមិនសូវបានគិតគូរប្រមើលមើលទុកជាមុនទេ ទី១ យើងច្រើនតែចាំតែពេលបញ្ហាកើតឡើង បានរកវិធីដោះស្រាយ យើងអត់សូវបានគិតទុកជាមុន មានលក្ខណៈបង្ការទុក ឬក៏ប្រុងប្រយ័យទុកជាមុនឲ្យបានច្រើនទេ ។ ដូចករណីជាក់ស្ដែង បើយើងមើលទៅលើការរស់នៅប្រចាំថ្ងៃ ឧទាហរណ៍ជាក់ស្ដែង នៅពេលដែលវិហារ សំណង់អគារ ឬផ្លូវហ្នឹងវាខូចខាតតិចតួច មានគ្រលុក មានអីហ្នឹង មិនសូវយកចិត្តទុកដាក់មកជួសជុលឲ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យវាខូចខាតកាន់តែធំទៅ និងវិហារហ្នឹងបាក់បែកតិចតួចហ្នឹង អត់នាំគ្នាយកចិត្តទុកដាក់ជួសជុលថែទាំទេ ចាំទាល់តែវិហារហ្នឹងបាក់បែកខូចខាតក្នុងទ្រង់ទ្រាយធំរហូតដល់ជួសជុលលែងកើត លែងឡើងហើយ បាននាំគ្នាគិតគូរវ៉ៃវិហារចាស់ហ្នឹងចោល ធ្វើវិហារថ្មី រៃលុយ រៃកាក់ អំពាវនាវគ្រប់ទិសទី ។ អាហ្នឹងខ្ញុំមើលឃើញ ដូចជារឿងផ្លូវ ជាអីអ៊ីចឹង ទុកយូរទៅ វាខូចខាតកាន់តែធំ ។ ដូច្នេះអាការគិតយកចិត្តទុកដាក់បង្ការដោះស្រាយបញ្ហាទាន់វានៅតូច ហើយជួសជុលការបែកដែលវានៅទំហំទ្រង់ទ្រាយតូចដែលអាចកាត់បន្ថយទប់ស្កាត់កុំឲ្យវារីករាលដាលបណ្ដាលឲ្យខូចខាតកាន់តែធំហ្នឹង គឺជារឿងចាំបាច់ណាស់ នៅក្នុងការធានានូវសមិទ្ធផលដែលយើងបានកសាងមក ថែរក្សាអ្វីដែលយើងមាន និងបង្កើតថ្មីអ្វីដែលយើងចង់បាន ។ អាការគិតបែបនេះ គេហៅថាជាការគិតបែបបុរេសកម្ម ឬក៏ហៅថាជាផ្នត់គំនិតបែបបុរេសកម្ម ភាសាអង់គ្លេស គេហៅ proactive​ mindset ហ្នឹង ។ សង្គមយើងសព្វថ្ងៃនេះ មិនសូវនាំគ្នាគិតយកចិត្តទុកដាក់ទប់ស្កាត់អ្វីនឹងកើតឡើង នៅពេលដែលឃើញព្រឹត្តិការណ៍ និងហេតុការណ៍ណាមួយទេ ប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍ និងហេតុការណ៍ហ្នឹងកើតឡើង គឺសម្បូរអ្នកប្រតិកម្ម មានន័យថា អ្នកដែលពេលខ្លះគឺគាត់ឆ្លើយតបដោយអារម្មណ៍ ឆ្លើយតបដោយកំហឹង ឆ្លើយតបដោយការដាក់មនោសញ្ចេតនាហ្នឹងវាជ្រុលពេក ដែលពេលខ្លះទៅ វាធ្វើឲ្យខូចប្រយោជន៍ក៏មានដែរ ។ ដូច្នេះសម្រាប់សង្គមមួយដែលមានលក្ខណៈរឹងមាំ រីកចម្រើន ជឿនលឿន គឺត្រូវបណ្ដុះផ្នត់គំនិតបែបបុរេសកម្មហ្នឹងឲ្យច្រើន ឲ្យបានខ្ពស់នៅក្នុងសង្គម ហើយកាត់បន្ថយអាផ្នត់គំនិត ឥរិយាបថនៃការរស់នៅបែបប្រតិកម្មនិយម ពីព្រោះកាលណាប្រតិកម្មទៅ មិនសូវបានគិតគូរអី្វឲ្យបានវែងឆ្ងាយទេ ច្រើនតែឆ្លើយទៅតាមកំហឹងទល់កំហល់ ជាជាងការរិះរកនូវព័ត៌មាន ស្វែងយល់អំពីបុព្វហេតុ និងដំណោះស្រាយឲ្យបានសមស្របទៅនឹងព្រឹត្តិការណ៍ ហេតុការណ៍ ឬក៏បញ្ហាណាមួយនៅក្នុងសង្គម “ ។

លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ ហើយដើម្បីបណ្ដុះផ្នត់គំនិតបែបបុរេសកម្មហ្នឹង អាហ្នឹងគឺជាជំនាញមួយ ដែលទាល់តែទាំងអស់គ្នាហ្នឹងដាក់បញ្ចូលកម្មវិធីអប់រំបណ្ដុះបណ្ដាលកិច្ចការ ការពិភាក្សាឲ្យប្រជាពលរដ្ឋយើង ជាពិសេសគឺយុវជនក្មេងៗជំនាន់ក្រោយហ្នឹងមានការយកចិត្តទុកដាក់ពីបញ្ហាហ្នឹង ហើយយល់ដឹងអំពីសារប្រយោជន៍នៃការគិត ផ្នត់គំនិតតាមបែបបុរេសកម្មហ្នឹង ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ជីវិតផ្ទាល់ខ្លួន ទាំងការរស់នៅក្នុងសង្គម ក៏ដូចជាការធ្វើការងារក្នុងនាមជាអ្នកអាជីព ។ នៅពេលដែលយើងអាចបណ្ដុះអាហ្នឹងបានតាំងពីក្មេងទៅ ខ្ញុំជឿថា នឹងចូលរួមចំណែកធ្វើឲ្យសង្គមយើងហ្នឹងមានលំនឹងជាងមុន ពីព្រោះនៅពេលដែលសង្គមមួយសម្បូរមនុស្សដែលមានផ្នត់គំនិត ការគិតបែបបុរេសកម្មហ្នឹងច្រើនទៅ គាត់អាចប្រមើលមើលដឹងថា សង្គមហ្នឹងវានឹងកើតឡើងទៅយ៉ាងណា គាត់អាចគ្រប់គ្រងបច្ចុប្បន្នភាពបាន ហើយក៏អាចមានឥទ្ធិពលបញ្ចៀស និងកាច់ចង្កូតអ្វីដែលនឹងអាចកើតឡើងនៅពេលអនាគតផងដែរ ហើយការកាត់បន្ថយផ្នត់គំនិត និងការប្រព្រឹត្តិ រស់នៅបែបប្រតិកម្មនិយម នៅក្នុងសង្គមនេះ ក៏អាចបញ្ចៀសនូវភាពចលាចលមួយចំនួននៅក្នុងសង្គម ពីព្រោះបើនៅក្នុងសង្គមមួយសម្បូរតែមនុស្សប្រតិកម្មនិយមហ្នឹង ប្រជាពលរដ្ឋយើងហ្នឹងអាចងាយនឹងរងគ្រោះដោយសារតែព័ត៌មាន ដោយសារតែហេតុការណ៍ព្រឹត្តិការណ៍ណាមួយ អាការធ្វើអ្វីមួយតាមគ្នាឈូឆរ ទៅលិច ទៅកើតហ្នឹង ដោយមិនបានគិតពិចារណា វែកញែកឲ្យបានច្បាស់លាស់ អាហ្នឹងក៏ជាគ្រោះថ្នាក់មួយសម្រាប់សង្គមផងដែរ ។ សរុបទៅ ជាការពិត ដើម្បីបណ្ដុះផ្នត់គំនិតបែបបុរេសកម្មបាន ទាល់តែមានការយកចិត្តទុកដាក់អប់រំបណ្ដុះបណ្ដាលរឿងទស្សនវិជ្ជា រឿងពលរដ្ឋវិជ្ជា រឿងការអប់រំខាងផ្នែកផ្លាស់ប្ដូរផ្នត់គំនិតហ្នឹងឲ្យបានច្រើន ទើបអាចបណ្ដុះកើត ។ បើសិនជាបណ្ដោយឲ្យសង្គមយើងសព្វថ្ងៃនេះដឹកមុខដោយប្រព័ន្ធផ្សព្វផ្សាយសង្គម Social Medea ហ្នឹង គឺថាពិបាកណាស់ ពីព្រោះអ្នកដែលជា Content Creator អ្នកបង្កើតមាតិកា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្នឹង គេមានរបៀបវារៈ គេមានគោលដៅរបស់គេ ។ អ៊ីចឹងគេអាចទាញទៅ ដើម្បីជាប្រយោជន៍ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែក្នុងនាមជាស្ថាប័នអប់រំ អ្នកធ្វើកិច្ចការងារសង្គមហ្នឹងត្រូវតែយកចិត្តទុកដាក់នៅក្នុងការបណ្ដុះគំនិត មនសិការ ជំនាញនៅក្នុងការគិតរបស់ប្រជាពលរដ្ឋយើង ឲ្យមានការគិតត្រិះរិះពិចារណា មានផ្នត់គំនិតជាមនុស្សបុរេសកម្ម ឲ្យបានច្រើន ទើបអាចធ្វើឲ្យសង្គមយើងហ្នឹងមានការផ្លាស់ប្ដូរ មានភាពនឹងន ប្រជាពលរដ្ឋយើងនឹងអាចគ្រប់គ្រងជោគវាសនា ទាំងអនាគតខ្លួនឯង ក៏ដូចជាអនាគតរបស់សង្គមជាតិផងដែរ “ ។

ស្រដៀងគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ផ្នត់គំនិតបុរេសកម្ម និងផ្នត់គំនិតប្រតិកម្ម ផ្នត់គំនិតទាំងពីរនេះ អាចប្រើប្រាស់ដើម្បីផលប្រយោជន៍បាន តែប្រសិនជាប្រើប្រាស់មិនល្អ វានឹងក្លាយទៅជាបញ្ហានាំទុក្ខទៅដល់ខ្លួន ឬអាចធ្វើឲ្យបញ្ហាតូចក្លាយទៅជាបញ្ហាធំ នៅពេលដែលគ្មានមូលដ្ឋានរឹងមាំ នៅក្នុងការវិនិច្ឆ័យ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ ទាក់ទងជាមួយនឹងផ្នត់គំនិតប្រតិកម្ម ហើយនិងផ្នត់គំនិតបុរេសកម្ម បើយើងមើលទៅលើពាក្យពីរនេះ គឺមានន័យផ្សេងគ្នា ។ ប្រតិកម្ម មានន័យថា ឆ្លើយតបទៅនឹងរឿងអ្វីមួយដែលបានកើតឡើងរួចហើយ ទៅលើរឿងវិជ្ជមាន ឬក៏ទៅលើរឿងអវិជ្ជមានណាមួយ ឬក៏ធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ ឬក៏ប៉ះពាល់ទៅដល់កម្មសិទ្ធិណាមួយដែលបានសម្ដែងចេញជាផ្លូវការ ឬក៏ចេញជារូបរាង ឬក៏អាចជាគំនិតផ្ដួចផ្ដើម ដែលផ្ដល់ជាមុន នូវព្រឹត្តិការណ៍ដែលបម្រុងនឹងកើតឡើង ហើយប្រតិកម្មនេះ គឺជាអាវុធមួយដែលយើងមើលឃើញថា អាចមានចំណុចល្អ និងចំណុចមិនល្អ ក្នុងពេលទន្ទឹមគ្នា ។ រីឯពាក្យថា បុរេសកម្ម ពាក្យថា សកម្ម យើងដឹងហើយថា គឺជាការងារដែលធ្វើជាប់លាប់ មិនដកថយ ក៏ប៉ុន្តែយើងមើលលើការប្រើពាក្យទៅលើ បុរេ មានន័យថា ការវិនិច្ឆ័យទុកជាមុន ។ ដូច្នេះការប្រតិកម្មដែលមានលក្ខណៈត្រៀមទុកជាមុន ឬក៏យើងអាចនិយាយថា សកម្មដែរ ក៏ប៉ុន្តែសកម្មក្នុងរឿងដែលកើតឡើង ក៏វាជាចំណុចល្អ ដែលគិតថា វាចាំបាច់ ដែលមនុស្សត្រូវធ្វើការវិនិច្ឆ័យជាមុន ចំពោះព្រឹត្តិការណ៍ដែលកើតឡើង ។ ក៏ប៉ុន្តែចំពោះពាក្យបុរេសកម្មនេះ បើសិនជាមនុស្សដែលពុំមានមូលដ្ឋាន ចំណេះដឹងគ្រប់គ្រាន់ ឬក៏គាត់មិនមាននូវទិន្នន័យ ឬក៏មិនមានភ័ស្តុតាងជាក់លាក់ឲ្យបានប្រាកដជាប្រជាទេ អាចនឹងធ្វើឲ្យមានការសម្រេចចិត្តមួយដែលផ្ទុយ ឬប្រាសចាកពីការពិត ដែលការងារនេះ វាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់រឿងរ៉ាវកាន់តែធំឡើង ប៉ះពាល់រឿងរ៉ាវកំពុងតែកើតមាននៅក្នុងស្ថានភាពមួយ ដែលមិនទាន់ចេញជារូបរាងពិតប្រាកដ “ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ ដូច្នេះការធ្វើបុរេសកម្ម គឺជារឿងមួយដែលអាចកើតឡើងដែរ ក៏ប៉ុន្តែគួរតែកើតឡើងដោយសតិសម្បជញ្ញៈ ប្រកបដោយការទទួលខុសត្រូវ ប្រកបដោយការវិភាគ និងការប្រមូលផ្ដុំនូវភ័ស្តុតាងនិងទិន្នន័យឲ្យបានសព្វគ្រប់ ។ ដូច្នេះនៅក្នុងការដែលយើងមើលទៅលើផ្នត់គំនិតទាំងពីរនេះ វាអាចធ្វើឲ្យមានការយល់ច្រឡំរវាងគ្នាខ្លះ ដែលមើលទៅ ថាវាជាសកម្មភាព ឬជាគំនិតដែលនឹងដាក់ចេញដើម្បីឆ្លើយតបទៅនឹងការងារដែលកើតឡើង ហើយភាគច្រើនបើសិនជាប្រៀបធៀបទៅលើពាក្យពេចន៍ នៃពាក្យទាំងពីរនេះ ផ្នត់គំនិតប្រតិកម្ម មានន័យថា រឿងហ្នឹង គឺគាត់បានដឹងច្បាស់ ឬគាត់បានឃើញរឿងនោះកើតឡើងជាក់លាក់ច្បាស់នៅក្នុងពេលអនាគតអីហ្នឹង គឺអាចធ្វើប្រតិកម្មបាន ប៉ុន្តែប្រតិកម្មក៏ត្រូវតែមានភ័ស្តុតាង មានអំណះអំណាងច្បាស់លាស់ដែរ បើសិនជាប្រតិកម្ម ដោយគ្រាន់តែការពារនូវផលប្រយោជន៍ ហើយប្រតិកម្មដោយប្រើហិង្សា វានឹងនាំឲ្យជះផលអវិជ្ជមានទៅដល់ខ្លួនវិញជាច្រើនថែមទៀត ហើយការធ្វើឲ្យមានគំនិត ឬក៏ផ្នត់គំនិតបុរេសកម្មនេះ គឺសំដៅទៅលើការរៀបចំខ្លួនមុន និងចាប់ផ្ដើមធ្វើការសន្និដ្ឋានជាក់លាក់ណាមួយ ទៅលើព្រឹត្តិការណ៍ ឬក៏អ្វីដែលបានកើតឡើង ឬក៏ត្រៀមនឹងកើតឡើង គឺត្រូវតែធ្វើការប្រមូលនូវរាល់ទិន្នន័យឲ្យបានសព្វជ្រុងជ្រោយ ធ្វើការវិភាគដោយឈរលើមូលដ្ឋានកណ្ដាល ដើម្បីត្រិះរិះវិនិច្ឆ័យប្រកបដោយការបែងចែកអំពីភាពខុសហើយនិងត្រូវ ដោយមិនឡូកឡំជាមួយនឹងការប្រើប្រាស់នូវមនោសញ្ចេតនា ឬក៏ភាពលម្អៀងទៅកាន់ក្រុមណាមួយ ។ ដូច្នេះហើយផ្នត់គំនិតទាំងពីរ គឺយើងអាចប្រើប្រាស់ដើម្បីផលប្រយោជន៍បាន តែប្រសិនជាយើងប្រើប្រាស់មិនល្អ វានឹងក្លាយទៅជាបញ្ហានាំទុក្ខទៅដល់ខ្លួន ឬក៏អាចធ្វើឲ្យបញ្ហាតូចក្លាយទៅជាបញ្ហាធំ នៅពេលដែលគ្មានមូលដ្ឋានរឹងមាំ នៅក្នុងការវិនិច្ឆ័យពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់ហ្នឹង “ ៕

RELATED ARTICLES