Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក លួចឡានគេ បើកបុករះ

ចេញពីគុក លួចឡានគេ បើកបុករះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ចំនួន២ដងរួចមកហើយ លុះទើបនឹងចេញ មកវិញថ្មីៗ បែកគំនិតលួចរថយន្តស៊េរីទំនើប ១គ្រឿង បានសម្រេច រួចបើកគេច តែជ្រុលទៅបុករះរ ថយន្តអ្នកដំណើរតាមផ្លូវ ចំនួន២គ្រឿង បណ្តាលឱ្យខូចខាត និងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនាំយក ទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគង់ វិច្ឆ័យ មុខរបរមិនពិតប្រាកដ (ទើបនឹងចេញពី ពន្ធនាគារថ្មីៗ) ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះគង់ វិច្ឆ័យ ធ្លាប់ជាប់គុក ២លើករួចមកហើយ ពាក់ព័ន្ធបទល្មើសប៉ុនប៉ងមនុស្សឃាត និងករណីឆក់ ហើយលើកនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចរថយន្ត។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ ជនសង្ស័យបានធ្វើសកម្មភាពឆ្កឹះ ទ្វាររថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា LNL 7979 បានសម្រេច រួចបើករត់គេចទៅបុករថយន្ត ២គ្រឿងទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ ដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ។

ក្រោយកើតហេតុ ម្ចាស់រថយន្ត ២គ្រឿង ដែលរងការខូចខាតដោយសារជនសង្ស័យបើកបុកនោះ មិនបាន ប្តឹងផ្តល់នោះទេ ដោយសុំយករថយន្តទៅជួលជុលដោយខ្លួនឯង។ ចំណែកម្ចាស់រថយន្តម៉ាក Range Rover បានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចបន្តនីតិវិធីទៅលើជនសង្ស័យ ទៅតាមផ្លូវច្បាប់។បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES