Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃ ចាប់បញ្ជូនមកស្រុកវិញ ពលករខ្មែរខុសច្បាប់ ជិត១០០នាក់

ថៃ ចាប់បញ្ជូនមកស្រុកវិញ ពលករខ្មែរខុសច្បាប់ ជិត១០០នាក់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ជិត១០០នាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានចាប់បញ្ជូន មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្រុងប៉ោយប៉ែត។

លោកវ៉ាន់ ដារ៉ាន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា មានពលករខ្មែរដែល ធ្វើការ គ្មានច្បាប់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែល មានអាជ្ញាធរកម្ពុជា ចាំទទួល មានចំនួន៩៦នាក់ ក្នុងនោះ ប្រុសចំនួន៥៨នាក់ និងស្រី៣៨នាក់ ហើយក៏មានក្មេង ស្រី ៦នាក់ និងក្មេងប្រុស ៦នាក់ផងដែរ។

លោកប្រធានស្នាក់ការ បានបញ្ជាក់ថា ពលករខ្មែរ ដែលត្រូវភាគីថៃចាប់បញ្ជូនមកនេះ នៅពេលអាជ្ញាធរកម្ពុជា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាំទទួល ធ្វើការសាកសួរព័ត៌មាន បានឱ្យដឹងថា ពួកគាត់នាំគ្នាចំណាកស្រុក ដោយខុសច្បាប់ ម្នាក់ៗអស់ថវិកាចំនួន ៥ពាន់បាត ទៅ៦ពាន់បាត តាមរយៈមេខ្យល់ថៃ បញ្ជូនឆ្លងដែនដោយ ខុសច្បាប់ ដោយធ្វើដំណើរចេញពេលយប់ ឆ្លងកាត់ព្រៃ និងមានមេខ្យល់ថៃ ចាំទទួល រួចដឹកគេចតម្រួតថៃ ទៅដាក់កន្លែងធ្វើការ ដែលភាគច្រើនធ្វើការងារសំណង់។

លោកវ៉ាន ដារ៉ាន់ បានបញ្ជាក់ថា ចំពោះពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ អាជ្ញាធរមាន សមត្ថកិច្ចថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លោងលឹក ប្រទេសថៃ។ ក្រោយភាគីកម្ពុជា ទទួល មន្ត្រីនិងសមត្ថកិច្ចច្រកទ្វារ បានធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពចំណាកស្រុក ដោយខុសច្បាប់ តាមរយៈមេខ្យល់ ឆ្លងដែនកាត់ព្រៃ ដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា និងត្រូវអាជ្ញា ធរមានសមត្ថកិច្ចចាប់ខ្លួនទៀតផង ដូច្នេះត្រូវធ្វើចំណាកស្រុកដោយស្របច្បាប់៕

RELATED ARTICLES