Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបក្រុមចាប់ជំរិត វ៉ៃខ្នោះ៧នាក់

 បង្ក្រាបក្រុមចាប់ជំរិត វ៉ៃខ្នោះ៧នាក់

ខេត្តព្រះសីហនុ ៖ ឧក្រិដ្ឋជន ១ក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលរថយន្ត រួចដឹកយកទៅបង្ខាំងដើម្បីជំរិតទារប្រាក់ លុះសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ ក៏ឈាន ដល់ការបង្ក្រាប ចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ បានសរុបចំនួន៧នាក់ នាំយកមកចាត់ការតាមច្បាប់។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យ ១ក្រុម មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃ ជិះរថយន្ត ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ចាប់បុរសជនជាតិចិនម្នាក់ ដាក់ចូលក្នុងរថយន្ត ខណៈពេលដែល ជនរងគ្រោះកំពុងដើរនៅតាមផ្លូវ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទី តាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបមានប្រជា ពលរដ្ឋបានប្រទះឃើញជនរងគ្រោះនៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែង នៅលើដៃ ជើង និងដង ខ្លួន។ បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៧នាក់ (ចិន២ ខ្មែរ៥) ជាបន្តបន្ទាប់។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ LU DONG DONG ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី៣-ឈ្មោះប៉ិក តុលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អង្គរក្សការពារចិន ស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ទី៤-ឈ្មោះនៅ ឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ទី៥-ឈ្មោះចត់ ហិង្សា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី៦-ឈ្មោះសុខ មិច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៧-ឈ្មោះខន ដាលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រីឯវត្ថុតាងចាប់យកបានរួមមាន អាវុធខ្លី ចំនួន ៣ដើម គ្រាប់កាំភ្លើងចម្រុះ សរុបចំនួន៨៩គ្រាប់ ខ្នោះដៃ ២គូ រថយន្ត ៣គ្រឿង (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) និងសម្ភារផ្សេងៗមួយចំនួនទៀត។ករណីនេះ ការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងធ្វើការស្រាវជ្រាវស្វែង រកបក្ខពួកជនសង្ស័យ ដែលនៅសេសសល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES