ភ្នំពេញ៖នៅថ្ងៃបុណ្យខួប៧ថ្ងៃរបស់លោកពេជ្រ ភិរុណ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ អតីតភរិយាសពអ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅអាមេរិក បានបង្ហាញអារម្មណ៍ក្ដុកក្ដួលនិងស្រណោះអាលោះអាល័យដល់លោកភិរុណ ដែលលាចាកលោកទាំងមិនគូរឲ្យជឿរនោះ ហើយនាងក៍បានបង្ហាញនូវកម្រងអនុស្សាវរីយ៍ជាច្រើនជាមួយស្វាមីចាស់ដូចជានាងនិងលោកបានចេញទៅដើរបង្ហាញម៉ូតសម្លៀកបំពាក់នៅប្រទេសបារាំងតំណាងឲ្យកម្ពុជាកាលពីឆ្នាំ២០០០ ពោលគឺ២៣ឆ្នាំមុន។អ្នកនាងទេវី ថាម៉ូតដែលនាងស្លៀកពាក់នាទសវត្សន៍ទី៨០ និង៩០ រហូតដល់ឆ្នាំ២០០០ គឺអតីតស្វាមីនាងជាអ្នកច្នៃដោយផ្ទាល់ដៃឲ្យនាងស្លៀកពាក់ ពិសេសគឺការយកទៅបង្ហាញនៅលើឆាកអន្ដរជាតិនោះតែម្ដង។ជាមួយគ្នានេះដែរអ្នកនាងទេវី ចេញមុខថ្លែងអំណរគុណជំនួសក្រុមគ្រួសាររបស់លោកពេជ្រ ភិរុណ ផងដែរ ចំពោះមិត្តភក្ដិ និងសិល្បករទាំងអស់ដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកពេជ្រ ភិរុណ ។ប៉ុន្ដែអ្នកនាងទេវី មិនបានចុះមកដោយផ្ទាល់ក្នុងថ្ងៃបុណ្យគម្រប់៧ថ្ងៃសពអតីតស្វាមីឡើយ ពោលគឺបានតែរំលែកទុក្ខពីចម្ងាយប៉ុណ្ណោះ ដោយសារតែមុននេះនាងបានមកថតភាពយន្ដរឿង”អប្សរា មហាអង្គរ”ឲ្យលោកហ្វៃ សំអាង ដល់ទៅជាង១ខែ នឹងទើបវិលត្រឡប់ទៅអាមេរិកវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ពោលគឺទៅដល់អាមេរិកវិញបានត្រឹមតែជាង២សប្ដាហ៍អតីតប្ដីនៅខ្មែរក៍ទទួលមរណភាពបែបនេះ។
យ៉ាងណាបើទោះជាអ្នកនាងអម្ពរ ទេវី មិនបានចុះមកបុណ្យសពប្ដីចាស់គម្រប់៧ថ្ងៃដោយផ្ទាល់មែន ប៉ុន្ដែតាមរយៈការទម្លាយពីអនុស្សាវរីយ៍ចាស់ៗ និងកម្រងរូបភាពមួយចំនួន រួមទាំងពីគុណសម្បត្តិប្ដីចាស់នៅថ្ងៃបុណ្យសពលោកភិរុណ គម្រប់៧ថ្ងៃនេះបញ្ជាក់ថាអ្នកនាងទេវី ស្រណោះអាលោះអាល័យអតីតប្ដីខ្លាំង ហើយក៍បានចងចាំរូបភាពទាំងអស់រយៈកាលពីជាង២០ឆ្នាំ មុនពេលដែលនាងនិងលោកភិរុណ នៅជាប្ដីប្រពន្ធគ្នានោះដែរ។
គូររំលឹកថាអតីតស្វាមីអ្នកនាងអម្ពរ ទេវី លោកពេជ្រ ភិរុណ បានទទួលមរភាពភាពក្នុងអាយុ៦៩ឆ្នាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ ហើយពិធីបុណ្យសព៧ថ្ងៃរបស់លោករៀបចំធ្វើនៅវត្តទួលសន្ដិវ័ន ហៅវត្តទួលអស់លោក ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្ស៊ីកែវ រាជធានីភ្នំពេញ ។គេរំពឹងថានឹងមានសិល្បករដែលជាមិត្តភក្ដិនិងធ្លាប់រាប់អានលោកភិរុណ ទៅចូលរួមរំលែកទុក្ខគ្រួសាសពដោយផ្ទាល់ជាមិនខាន ពោលគឺមិនដូចថ្ងៃដែលលោកទទួលមរណភាពនិងយកទៅបូជានៅវត្តទួល នោះគឺតាមរយៈវីដេវីមួយគេឃើញមានតែកូនស្រីនិងបងប្អូនលោក៣ទៅ៤នាក់ប៉ុណ្ណោះដែលជូនដំណើរអតីតតារាសម្ដែងរូបនេះចុងក្រោយមុនរូបរាងកាយលោកត្រូវរំលាយក្លាយទៅជាផះនិងផ្សែងហើទៅលើមេឃ ហើយធ្វើឲ្យតារាធ្លាប់រួមអាជីពជាមួយលោកដូចជាលោកចា រិទ្ធី ,កែវ កល្យាណ ,ខាត់ សុឃីម និងលាន អាហ្រ្វីលគីនីន ជាដើមតក់ស្លុតខ្លាំងនិងចេញសាររំលែកទុក្ខជាបន្ដបន្ទាប់។
សូមបញ្ជាក់ដែរថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលា ឆ្នាំ១៩៩២ និងបានចែកផ្លូវគ្នា ក្រោយទទួលបានកូន២នាក់គឺកូនទី១ ប្រុសឈ្មោះភិរុណ ឥន្ទ្របុត្រ និងកូនស្រីភិរុណ លក្ស្មីទេវី ហើយអ្នកនាងបានចេញទៅរស់នៅអាមេរិករៀបការស្វាមីថ្ងៃទី២៨ ធ្នូ ២០១៤ និងមានកូនស្រីម្នាក់ទៀតទៀតអាយុជិត១០ឆ្នាំ ។លោកភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកនិងអតីតភរិយារាប់អានគ្នាធម្មតា ហើយអ្នកនាងទេវី ក្រោយមានស្វាមីថ្មីបានហៅលោកថាប៉ាៗ ខណៈដែលលោកអាចធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ឲ្យតែកូនទាំងពីររបស់លោកមានអនាគតល្អ ពោលគឺលោកចង់ឲ្យកូនប្រុសស្រីទៅរស់នៅអាមេរិកជាមួយម្ដាយគេ។ប៉ុន្ដែជាច្រើនឆ្នាំមកនេះគេឃើញកូនទី១របស់លោកភិរុណ បានទៅរស់នៅអាមេរិក តែកូនស្រីលោករស់នៅខ្មែរជាមួយលោក និងអំឡុងពេលដែលអ្នកនាងទេវី ចុះមកថតភាពយន្ដឲ្យហង្សមាសកាលពីខែ១០ នេះលោកភិរុណ មិនបានទៅទទួលឬជួនដំណើរភរិយាចាស់នៅព្រលានយន្ដដូចសព្វដងនោះទេ ព្រោះមានដំណឹងថាលោកមានជំងឺ។ប៉ុន្ដែតារារួមអាជីពនិងអ្នកធ្លាប់គាំទ្រលោកមានការភ្ញាក់ផ្អើលនិងសោកស្ដាយលោកខ្លាំង នៅពេលដែលលោកភិរុណ ស្លាប់ចោលកូនប្រុសស្រីស្ទើតែមិនគូរឲ្យជឿរបែបនេះ ។ក្រុមតារាជាច្រើនបានចេញសាររំលែកទុក្ខដល់គ្រួសារលោកពេជ្រ ភិរុណ នៅថ្ងៃបុណ្យសពលោកគម្រប់៧ថ្ងៃ និងបួងសួងសូមឲ្យវិញ្ញាណក្ខ័ន្ធលោកបានទៅដល់ឋានសុខគតិភព ៕