Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្តាយអ្នកលក់ដូរតាមរ៉ឺម៉ក តវ៉ាសុំដោះលែង កូនស្រីនិងកូនប្រសា

ម្តាយអ្នកលក់ដូរតាមរ៉ឺម៉ក តវ៉ាសុំដោះលែង កូនស្រីនិងកូនប្រសា

ភ្នំពេញ ៖ ស្ត្រីជាម្តាយ និងក្រុមគ្រួសារ សាច់ញាតិបងប្អូនរបស់ជនសង្ស័យប្តីប្រពន្ធ ២នាក់ ជាអាជីវករលក់ដូរ ដែលមានទំនាស់វាយតប់គ្នាជាមួយកម្លាំងសណ្តាប់ខណ្ឌសែនសុខ បានលើកគ្នាទៅអធិការដ្ឋានខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ០២៣ ដោយស្រែកថាអយុត្តិធម៌ និងទទូចស្នើរដល់សមត្ថកិច្ច មេត្តាសម្របសម្រួល ដោះលែងក្រៅប្រព័ន្ធតុលាការ ព្រោះកូនស្រីរបស់គាត់ ជាអ្នករងគ្រោះ ដែលត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សែនសុខ វាយ ខណៈពេលដែលមានទំនាស់គ្នា ពេលរៀបចំសណ្តាប់ធ្នាប់។

អ្នកស្រី នួន ហន់ អាយុ៦០ឆ្នាំ ត្រូវជាម្តាយជនសង្ស័យ ២នាក់ប្តីប្រពន្ធ ដែលត្រូវឃាត់ខ្លួន បានលើកដៃសំពះ រៀបរាប់ថា យុត្តិធម៌ណាស់ ដែលកូនស្រីរបស់គាត់ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខ វាយបណ្តាល ឱ្យរងរបួសហើយ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការទៀត។

ស្ត្រីជាម្តាយ បានបន្តថា កូនស្រីរបស់គាត់និងប្តី ជាអ្នកលក់ពងទាកូន និងពោះគោទឹកប្រហុក នៅចំណុចសួន ច្បារខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ តាមមហាវិថីភ្នំពេញ-ហាណូយ ក្នុងភូមិរោង ចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ មុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅវេលា ម៉ោងប្រមាណ ១១និង៣០នាទីយប់ ខណៈពេលដែលកំពុងតែលក់ដូរ ក៏មានទំនាស់គ្នាជាមួយកម្លាំងសណ្តាប់ ធ្នាប់ខណ្ឌសែនសុខ ដែលបានចុះទៅរៀបចំសណ្តាប់ធ្នាប់ ហើយត្រូវបានកម្លាំងសណ្តាប់ធ្នាប់វាយហើម សៀត ថ្កា និងត្រូវបាន សមត្ថកិច្ចចុះទៅឃាត់ខ្លួនទាំងសងខាងសរុបទាំងអស់៤នាក់ បញ្ជូនទៅកាន់តុលាការតែម្តង។ ការទាស់ទែងគ្នានេះផ្តើមចេញពីកូនស្រីរបស់គាត់ លក់ដូរក្រាលកន្ទេលលើសួនច្បារ ហើយត្រូវបានកម្លាំង សណ្តាប់ធ្នាប់ហាមឃាត់ ខណៈពេលដែលប្រពន្ធរបស់សណ្តាប់ធ្នាប់រូបនោះ អង្គុយញ៉ាំអីលើ សួនដែរមិន ឃាត់ ។

ស្ត្រីជាម្តាយ ក៏បានលើកដៃសំពះអង្វរដល់សមត្ថកិច្ចនគរបាល មេត្តាជួយសម្របសម្រួល និងដោះលែងកូនស្រី និងកូនប្រសាររបស់គាត់ ហើយបញ្ចប់រឿងត្រឹមនេះ។

គួររំលឹកថា កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣  មានករណីហិង្សាមួយ បានកើត ឡើង នៅត្រង់ចំណុច សួនច្បារមុខវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ដោយកម្លាំងសណ្តាប់ធ្នាប់សាលា ខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ ធ្នាប់ការ លក់ដូរនៅតាមបណ្តោយផ្លូវហាណូយ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងអាជីវករលក់ដូរ តាមរ៉ឺម៉ក រហូតដល់ផ្ទុះអំពើហិង្សា វាយតប់គ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងស្ត្រីម្នាក់ ដែលជាអ្នកលក់ដូរភេសជ្ជៈ និងរបស់ហូបចុក តាមម៉ូតូសណ្តោងរ៉ឺម៉ក ហើយពួកគាត់បានបើកម៉ូតូស ណ្តោង​រ៉ឺម៉ក ទៅឈប់លក់ដូរនៅត្រង់ចំណុចសួនច្បារកើតហេតុ។ លុះដល់វេលាកើតហេតុ មានកម្លាំងសណ្តាប់ធ្នាប់​សាលាខណ្ឌសែនសុខ ៤ទៅ៥នាក់ បានជិះម៉ូតូទៅឈប់នៅត្រង់ចំណុចកើតហេតុនោះ រួចដើរប្រាប់ និងណែនាំ​ទាំងអាជីវករ និងប្រជាពលរដ្ឋ ដែលទៅអង្គុយលេងនៅទីនេះ សូមកុំឱ្យអង្គុយនៅលើស្មៅ។

ប្រភពដដែល បន្តថា រំពេចនោះ ដោយមិនដឹងថា តើកម្លាំងសណ្តាប់ធ្នាប់ និងអាជីវករ ២នាក់ប្តីប្រពន្ធនោះ មាន​បញ្ហាអ្វីនឹងគ្នានោះទេ ស្រាប់តែកើតមានការជជែកគ្នាយ៉ាងតឹងសរសៃក រហូតក្លាយជាការឈ្លោះប្រកែកគ្នា និង​ឈានដល់ការប្រើប្រាស់អំពើហិង្សា វាយតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការ​អន្ត​រាគមន៍ភ្លាមៗតែម្តង។

តាមសម្តីភាគីអាជីវករ ២នាក់ប្តីប្រពន្ធ បានរៀបរាប់ប្រាប់ថា ពួកគាត់បានមកលក់ដូរនៅត្រង់ចំណុច​កើតហេតុ​នេះ អស់រយៈពេលជាង កន្លះខែទៅហើយ តែមិនដែលមានអ្នកណាមកដេញនោះទេ។ លុះនៅយប់កើតហេតុ ពួកគាត់មកលក់ដូរនៅទីនោះជាធម្មតា ស្របពេលនោះ ក៏មានបងប្អូនរបស់គាត់ទើបមកពីស្រុក និងបានដាក់​បាយមកអង្គុយហូបជាមួយគាត់ នៅលើស្មៅសួនច្បារ ត្រង់ចំណុចកើតហេតុនោះ។ លុះក្រោយមក ក៏មាន​កម្លាំង​សណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ ៤ទៅ៥នាក់ ជិះម៉ូតូមកដល់ រួចបាននិយាយថា “ដាក់លក់អ៊ីចឹង​ប្រយ័ត្នគេអូសយកទៅសាលាខណ្ឌ”។ បន្ទាប់មក គាត់ក៏ជិះម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ចេញ រួចទៅឈប់ទុក​ចោលនៅមួយចំហៀងផ្លូវម្ខាងទៀត។

អាជីវករ ២នាក់ប្តីប្រពន្ធ បន្តថា ពេលនោះ មានកម្លាំងសណ្តាប់ធ្នាប់ម្នាក់ បានមកប្រាប់ពួកគាត់ទៀតថា “កុំអង្គុយ​នៅលើស្មៅ” និងបានហាមគាត់មកលក់ដូរនៅទីនោះបន្តទៀតទេ ព្រោះកុំឱ្យប៉ះពាល់​ដល់សណ្តាប់​ធ្នាប់។ ពេលនោះ បងប្អូនរបស់គាត់ក៏បាននិយាយថា “បងអើយ1 យប់ហើយ អនុគ្រោះធ្វើមិនឃើញខ្លះទៅ ព្រោះគាត់​ក្រ ជំពាក់លុយគេច្រើនណាស់” ស្រាប់តែកម្លាំងសណ្តាប់ធ្នាប់ម្នាក់ ច្រឡោត និងគំរាមវាយមកលើ​រូបគាត់ទាំង២​នាក់ប្តីប្រពន្ធតែម្តង។ ភ្លាមនោះ កម្លាំងសណ្តាប់ធ្នាប់ បានវាយប្តីរបស់គាត់ ហើយពេលដែលគាត់​ចូលទៅជួយ ក៏វាយគាត់ចំសៀតផ្កា មួយដៃថែមទៀត។ បន្ទាប់ពីកើតមានជម្លោះ និងវាយតប់គ្នារួចមក ក៏មាន​បុរសម្នាក់ ទំនង​ជាមេរបស់កម្លាំងសណ្តាប់ធ្នាប់នោះ បានមកសុំឱ្យគាត់សម្រួលគ្នា ដើម្បីបញ្ចប់រឿង ព្រមទាំង​សុំទោស​ពួកគាត់ ប៉ុន្តែពួកគាត់មិនព្រមទេ។

ចំណែកកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ បានបញ្ជាក់ថា ពួកគាត់មិនបានប្រើប្រាស់​អំពើហិង្សា​ដាក់ទៅលើប្តីប្រពន្ធទាំង២ ដូចដែលពួកគេចោទប្រកាន់នោះទេ គឺរយៈពេលកន្លងមក ថ្នាក់លើរបស់ពួកគាត់ បានដាក់បទបញ្ជាឱ្យពួកគាត់មកធ្វើការណែនាំ និងសុំអធ្យាស្រ័យប្រជាពលរដ្ឋដែលមកកម្សាន្តនៅសួនច្បារ ត្រង់ចំណុចកើតហេតុនេះ សូមឱ្យពួកគាត់កុំអង្គុយនៅលើស្មៅ ព្រោះខ្លាចងាប់ស្មៅ។

កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ បន្តថា ចំពោះអ្នកលក់ដូរ គឺមិនតម្រូវអត់ឱ្យឈប់លក់​ដូរជាអចិ​ន្ត្រៃយ៍​នោះទេ ដោយប្តីប្រពន្ធទាំងពីរនាក់នោះ ពួកគាត់បានប្រាប់និងណែនាំជាច្រើនដងមកហើយ។ លុះនៅយប់កើតហេតុ កម្លាំងសណ្តាប់ធ្នាប់ ក៏មិនបានចុះទៅដេញពួកគេដែរ គឺគ្រាន់តែចុះទៅណែនាំនិង​ត្រួតពិនិត្យ ដើម្បីរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ។ ប៉ុន្តែពេលនោះ ស្រាប់តែពួកគេដកទូរស័ព្ទមកថត​កម្លាំងសណ្តាប់ធ្នាប់ និងបានច្រឡោត ស្រែកខ្លាំងៗ ព្រមទាំងបានស្ទុះមកប្រវាយប្រតប់ បណ្តាលឱ្យកម្លាំង​របស់គាត់​ម្នាក់រងរបួសរលាត់ដៃជើងទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនភាគីទាំងពីរ ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងដោះស្រាយ៕

RELATED ARTICLES