Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្រុមចាប់ជំរិត ផ្ទុះអាវុធជិត១០គ្រាប់

បង្ក្រាបក្រុមចាប់ជំរិត ផ្ទុះអាវុធជិត១០គ្រាប់

ភ្នំពេញ ៖ កម្លាំងជំនាញអាវុធហត្ថ ១ក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ បានចុះទៅធ្វើការឡោមព័ទ្ធផ្ទះវីឡាមួយកន្លែង ទាំងកណ្តាលអធ្រាត្រ រហូតឈានដល់ការផ្ទុះអាវុធជា ច្រើនគ្រាប់ រំដោះមនុស្ស២នាក់ និងឃាត់ខ្លួនជនបរទេស ១ក្រុមបញ្ចូលរថយន្ត ក្នុងប្រតិបត្តិការបង្ក្រាប ក្រុមចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង១២នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង នៅលើកំណាត់ ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងឆ្កែព្រុស និង មានមនុស្សស្រែកឆោឡោនៅចំណុចកើតហេតុខាងលើ បន្ទាប់មកឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ក្នុងឯកសណ្ឋានអាវុធហត្ថ រួមទាំងពាក់អាវក្រោះផងដែរ បានជិះរថយន្តជា ច្រើនគ្រឿង ចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ ក្បែរផ្ទះវីឡាមួយកន្លែង នៅលើផ្លូវកែវចិន្តា ទាំងកណ្តាល អធ្រាត្រ។

ប្រភពដដែល បន្តថា បន្ទាប់ពីឮសំឡេងស្រែក ក៏ឮសំឡេងផ្ទុះអាវុធ ប្រមាណ៧-៨គ្រាប់ និងមានមនុស្ស រត់ប្រសេចប្រសាច ត្រូវសមត្ថកិច្ចរត់ដេញតាមចាប់រុញបញ្ចូលក្នុងរថយន្ត។

បន្ទាប់ពីបង្កឱ្យមានការភ្ញាក់ផ្អើល ក៏មានវត្តមានអ្នកយកព័ត៌មាន ចុះទៅដល់ទីតាំងកើតហេតុខាងលើ និងឃើញកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក្នុងនោះមាននារីម្នាក់ផងដែរ បញ្ជូនទៅ កាន់ការិយាល័យអាវុធហត្ថ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។

ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានរំដោះមនុស្ស ចំនួន២នាក់ ជាជនរងគ្រោះ បន្ទាប់ពីទទួលដំណឹង ពីការសុំជំនួយសង្គ្រោះ តាមរយៈប្រព័ន្ធទូរស័ព្ទ HOT LINE 1291។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យអាវុធហត្ថ ដើម្បីធ្វើ ការសាកសួរ។

ជុំវិញប្រតិបត្តិការរហូតឈានដល់ការផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ ពីព័ត៌មាន ច្បាស់លាស់នៅឡើយ៕

RELATED ARTICLES