ភ្នំពេញៈ ស្របពេលដែលអាជ្ញាធរនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប បានបង្កើតឲ្យមានផ្លូវជិះកង់ និងថ្មើរជើង នៅក្នុងទីរួមខេត្ត ដើម្បីជួយសម្រួលការស្ទះចរាចរណ៍ និងគោលដៅលើកកម្ពស់សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើម្បីទាក់ទាញទេសចរណ៍ផងដែរនោះ អ្នកវិភាគ សង្ឃឹមថា អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើផ្លូវជិះកង់ និងថ្មើរជើង ដូចនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដែរ ព្រោះរាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសជាតិ ជាបណ្ដុំទេសចរណ៍ ជាបណ្ដុំនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ មិនអាចមើលរំលងពីការធ្វើផ្លូវជិះកង់ និងថ្មើរជើងនេះបានទេ ខណៈដែលនៅក្នុងប្រទេសជិតខាង គេបានធ្វើអស់ហើយ ។
លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ខេត្តបាត់ដំបង និងសៀមរាប បានរៀបចំឱ្យមានផ្លូវសម្រាប់អ្នកជិះកង់ហើយ នៅឡើយតែរាជធានីភ្នំពេញ បេះដូងនៃប្រទេសជាតិ មិនទាន់បានធ្វើ ។ ដូច្នេះលោកសង្ឃឹមថា អាជ្ញាធរនៅភ្នំពេញ នឹងធ្វើផ្លូវកង់ ក្នុងពេលឆាប់ៗនេះ ។
លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “ បាទ! ខ្ញុំឃើញការអភិវឌ្ឍទីក្រុងនៅក្នុងស្រុកយើង នៅពេលបច្ចុប្បន្នហ្នឹងមានការផ្លាស់ប្ដូរមួយចំណែកដែរ ជាពិសេសគឺការកសាងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើងវិញនៅក្នុងខេត្តសៀមរាប ឃើញធ្វើស្អាត ទោះបីជានៅមានចំណុចអវិជ្ជមានខ្លះ ដូចជារឿងការធ្វើហ្នឹង គាស់កកាយផ្លូវទុកយូរ ធ្វើឲ្យប៉ះពាល់ដល់ទាំងសុខភាព ទាំងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ហើយធ្វើផ្លូវហើយ បានពុះផ្លូវហ្នឹងដាក់លូឡើងវិញអី អាហ្នឹងក៏ជាចំណុចដែលអាជ្ញាធរហ្នឹងគួរតែផ្លាស់ប្ដូរការធ្វើ ។ ប៉ុន្តែជារួម ខ្ញុំឃើញការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ផ្លូវថ្នល់នៅក្រុងសៀមរាប និងបាត់ដំបង មួយផ្នែកនេះ ឃើញស្អាត មានផ្លូវ មានគំនូស មានសួន មានផ្លូវសម្រាប់ជិះកង់ ជាពិសេសគឺផ្លូវសម្រាប់អ្នកដើរ និងជិះកង់ ដែលជារឿងចាំបាច់ណាស់ ដើម្បីឲ្យប្រជាពលរដ្ឋយើងនៅក្នុងសង្គមហ្នឹងផ្លាស់ប្ដូរទម្លាប់នៃការធ្វើការដំណើរខ្លះ ។ អ្នកខ្លះចម្ងាយជិតហ្នឹងក៏ជិះម៉ូតូឌុប ក៏ជិះទុកទុកដែរ ដែលអាចដើរបាន ហើយការដើរច្រើនហ្នឹង វាជាមធ្យោបាយមួយ ជាវិធីមួយ ដើម្បីធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋយើងប្រសើរផងដែរ ។ នៅក្នុងសង្គមទំនើប សង្គមជឿនលឿន ប្រទេសជឿនលឿន ប្រទេសដែលគេសិក្សាវាស់វែងទៅ ប្រជាពលរដ្ឋហ្នឹងមានសុខភាពល្អ មានសុភមង្គលខ្ពស់ហ្នឹង គឺគេរកឃើញថា ការដែលធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់នៅក្នុងការធ្វើដំណើរពីការជិះឡាន មធ្យោបាយយានយន្តអីផ្សេងៗ មកជិះកង់ មកដើរដោយថ្មើរជើង សម្រាប់ចម្ងាយផ្លូវជិតល្មមដែលពួកគាត់អាចដើរបានហ្នឹង គឺជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយស្រ្តេស ក៏ដូចជាលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមផងដែរ ហើយសម្រាប់នៅក្នុងទីក្រុងសំខាន់ៗនៅក្នុងស្រុកយើងនេះ យើងនៅខ្វះច្រើន យើងខ្វះចិញ្ចើមផ្លូវដែលទូលាយ មានសុវត្ថិភាព ដែលអាចប្រជាពលរដ្ឋដើរបាន យើងខ្វះផ្លូវសម្រាប់អ្នកជិះកង់បាន ។ បើសិនជាមាន ខ្ញុំជឿថា ទាំងគេ ទាំងខ្ញុំ ប្រជាពលរដ្ឋយើងនៅក្នុងទីក្រុងភ្នំពេញនេះ នឹងជ្រើសការដើរ ទាំងការហាត់ប្រាណ ទាំងដើរទៅធ្វើកិច្ចការងារខ្លះ មិនចាំបាច់ទៅងាកជិះឡាន ងាកជិះម៉ូតូ ងាកជិះទុកទុក ទេ ។ ដូច្នេះហើយខ្ញុំឃើញថា នៅសៀមរាប និងបាត់ដំបង នេះ ឃើញអាជ្ញាធរចាប់ផ្ដើមធ្វើ មានផ្លូវដើរ ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង មានផ្លូវសម្រាប់អ្នកជិះកង់ ប៉ុន្តែដោយឡែក នៅក្នុងទីក្រុងភ្នំពេញនេះ យើងឮជារឿយៗហើយថា សាលារាជធានីភ្នំពេញ បានខិតខំធ្វើការរំដោះចិញ្ចើមផ្លូវហ្នឹងរាប់ទសវត្សរ៍មកហើយ ប៉ុន្តែដូចជានៅមិនទាន់បានជោគជ័យ ហើយការកសាងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ក៏ដូចជាផ្លូវសម្រាប់អ្នកជិះកង់នៅក្នុងទីក្រុងភ្នំពេញនេះ ដូចជាមិនទាន់មានទេ ក្រៅពីផ្លូវនៅតាមមាត់ទន្លេ ។ ដូច្នេះខ្ញុំមានសង្ឃឹមថា អាជ្ញាធរនៅរាជធានីភ្នំពេញនេះ នឹងយកចិត្តទុកដាក់ក្នុងការកែតម្រូវ កែលម្អផ្លូវថ្នល់ ចិញ្ចើមផ្លូវនៅក្នុងរាជធានីភ្នំពេញនេះ ឲ្យមានភាពទូលាយ ដែលប្រជាពលរដ្ឋយើងថ្មើរជើងហ្នឹង អាចធ្វើដំណើរបានងាយស្រួល មានសុវត្ថិភាព ហើយនិងបង្កើតឲ្យមានផ្លូវកង់សម្រាប់អ្នកដែលចង់ជិះកង់កម្សាន្ត ជិះកង់ហាត់ប្រាណ ក៏ដូចជាជិះកង់ទៅធ្វើការហ្នឹងអាចធ្វើដំណើរបាន មានភាពងាយស្រួល និងសុវត្ថិភាពផងដែរ “ ។
លោកបណ្ឌិតប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ តាមពិតផ្លូវយើងមួយចំនួនហ្នឹងអាចអភិវឌ្ឍបានហើយ គ្រាន់តែថា សាលារាជធានីភ្នំពេញ ដូចជាមិនទាន់យកចិត្តទុកដាក់ធ្វើ ។ ខ្ញុំឃើញផ្លូវម្ដុំមាត់ទន្លេហ្នឹងអាចធ្វើបាន មានកន្លែងខ្លះមានហើយ ។ ឧទាហរណ៍ ផ្លូវនៅតាមមាត់ទន្លេនៅមុខវាំងហ្នឹង ប៉ុន្តែចង់ឲ្យមានផ្លូវជិះកង់ ក៏ដូចជាចិញ្ចើមផ្លូវសម្រាប់ប្រជាពលរដ្ឋយើងធ្វើដំណើរហ្នឹងឲ្យបានគ្រប់ផ្លូវសំខាន់ៗនៅក្នុងរាជធានីភ្នំពេញយើងនេះ ។ ខ្ញុំគិតថា បើសិនជាមានរៀបចំចិញ្ចើមផ្លូវឲ្យមានផ្លូវសម្រាប់អ្នកដើរ និងអ្នកជិះកង់នេះបានស្រួល ប្រជាពលរដ្ឋយើងមួយចំនួននឹងជ្រើសរើសការដើរទៅធ្វើការ និងជិះកង់ទៅធ្វើការ ហើយក៏វាអាចកាត់បន្ថយការស្ទះចរាចរណ៍បានមួយផ្នែកផងដែរ បន្ថែមពីលើនូវការដាក់ចេញគោលនយោបាយមួយចំនួន នៅក្នុងការលើកកម្ពស់ការធ្វើដំណើរតាមរថយន្តក្រុងអីជាដើម ។ ឥឡូវបើនិយាយពីលក្ខខណ្ឌរូបសាស្រ្ត ទាក់ទងនឹងរឿងហេដ្ឋារចនាសម្ព័ន្ធនេះ ខ្ញុំគិតថា ផ្លូវភាគច្រើននៅក្រុងភ្នំពេញនេះ អាចកសាងឲ្យមានជាផ្លូវដើរ និងផ្លូវជិះកង់បាន សំខាន់ថាតើអាជ្ញាធរមានឆន្ទៈនយោបាយនៅក្នុងការធ្វើហ្នឹងកម្រិតណា? ហើយខ្ញុំជឿថា បើសិនជាមាន ប្រជាពលរដ្ឋនឹងសាទរ ហើយប្រជាពលរដ្ឋនឹងប្រើប្រាស់បានចញ្ចើមផ្លូវហ្នឹង នៅក្នុងការធ្វើដំណើរ ។ យើងឃើញថា ទីក្រុងនៅស្រុកគេ មិនទៅមើលឯណាច្រើនទេ តែនៅស្រុកយួន ស្រុកសៀមក្បែរយើង ក៏ចិញ្ចើមផ្លូវនៅក្នុងទីក្រុងគេហ្នឹង គេធ្វើបានល្អ មានទាំងផ្លូវជិះកង់ មានទាំងផ្លូវសម្រាប់អ្នកថ្មើរជើង ។ អ៊ីចឹងទៅប្រជាពលរដ្ឋគេដើរច្រើន ។ ជារួមទៅ ជាការពិត បើសិនជាអាជ្ញាធរអាចរៀបឲ្យមានផ្លូវដែលមានសុវត្ថិភាពស្អាតសម្រាប់ប្រជាពលរដ្ឋយើង ក៏ដូចជាអ្នកទេសចរណ៍អាចធ្វើដំណើរបាន ឬក៏ជិះកង់បាន ខ្ញុំគិតថា ជាការចូលរួមចំណែកដើម្បីលើកកម្ពស់ទាំងវិស័យទេសចរណ៍ ទាំងការកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរ ហើយក៏ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការហាត់ប្រាណ ជំរុញឲ្យប្រជាពលរដ្ឋយើងហ្នឹងមានសុខភាពល្អ កែលម្អសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញ នៅក្នុងរាជធានីដែលជាបេះដូងរបស់ជាតិហ្នឹងឲ្យមានសោភ័ណភាព និងមានសកម្មភាពរស់រវើកផងដែរ “ ។
ជុំវិញការលើកឡើងរបស់អ្នកវិភាគ ចង់ឲ្យមានផ្លូវសម្រាប់ជិះកង់ និងថ្មើរជើង នៅក្នុងរាជធានីភ្នំពេញ ដូចនៅខេត្តបាត់ដំបង និងសៀមរាប ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ ។
គួររំលឹកថា កាលពីដើមឆ្នាំ២០២២ កន្លងទៅ ក្រុងសៀមរាប បានបញ្ចប់នូវសមិទ្ធផលគម្រោងរៀបចំកែលម្អផ្លូវចំនួន ៣៨ខ្សែ ដើម្បីជួយសម្រួលចរាចរណ៍ បង្កើនសោភ័ណភាពទីក្រុង និងដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ផ្លូវ ហើយគម្រោងកែលម្អផ្លូវនេះបានលើកមុខមាត់ក្រុងសៀមរាប ថែមមួយកម្រិតទៀត។ ក្នុងចំណោមផ្លូវទាំង៣៨ខ្សែនោះ អាជ្ញាធរក៏បានគិតគូរដល់ផ្លូវសម្រាប់អ្នកថ្មើរជើង និងផ្លូវអ្នកជិះកង់ផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចដើរ និងជិះកង់ហាត់ប្រាណ ដើម្បីសុខភាពទៀតផង ។ ផ្លូវកង់ទាំងពីរខ្សែនោះ គឺចំណុចទី១ ចាប់ពីមុខសណ្ឋាគារអាម៉ាន់សារ៉ា រហូតដល់សាលាអង្គការ អេសអូអេស នៃវិថីហ្សាលដឺហ្គោល និងចំណុចទី២ តាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីខាងកើតស្ដុបកោះកេរ្តិ៍ រហូតដល់ជិតផ្សារលើធំថ្មី ។
ចំណែកខេត្តបាត់ដំបង មួយរយៈពេលចុងក្រោយនេះ អាជ្ញាធរ បានចាប់ផ្តើមស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវក្នុងក្រុងមួយចំនួន តាមលក្ខណៈជាផ្លូវប្រើប្រាស់សាធារណៈ សម្រាប់ដើរ ជិះកង់ ដែលមានដូចជាផ្លូវបេទីមប្រភេទ AC ចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ពីរង្វង់មូលលោកតាដំបងគ្រញួង មកស្ពានសោហឺ ផ្លូវមុខស្នងការដ្ឋាននគរបាលខេត្ត មកដល់ស្ពានវត្តសូភី ចាក់បេតុង និងផ្លូវកង់ជិតវិមានឯករាជ្យ (ក្រុងបាត៉ដំបង) ជាដើម ៕