ភ្នំពេញ៖ព្រាប សុវត្ថិ ក្រោយវិលត្រឡប់មកពីអូស្រា្ដលីលោកបានឡើងឆាកតន្រ្ដីថ្ងៃបុណ្យអុំទូកជាប់គ្នា៣យប់៣ថ្ងៃ ហើយអ្វីដែលចម្លែកឆ្នាំនេះលោកឧកញ៉ាវ័យ៤៨ឆ្នាំនេះបានចាប់ដៃគូចាស់ធ្លាប់ឆ្លងឆ្លើយគ្នាដល់ទៅ២រូបនោះគឺច្រៀងបទ”ជួបគ្នា នៅNew Zealand “ជាមួយអ្នកនាងម៉េង កែវពេជ្ជតា និងជាមួយតារារ៉េប លោកDj ស្ដី “គូចាំទឹកភ្នែកស្ងួតសិន “ ដែលនេះជាការរំលឹកអនុស្សាវរីយ៍ចាសល់ជាង១០ និង២០ឆ្នាំមុន ខណៈដែលដៃគូថ្មីរបស់លោកសុវត្ថិ ជាង៣ឆ្នាំចុងក្រោយនេះគឺមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់គត់។មជ្ឈដ្ឋានមហាជនសង្កេតឃើញថាបទចម្រៀងរបស់លោកសុវត្ថិ នៅផលិតកម្មចាស់នៅតែមានគេស្គាល់និងចងចាំហើយនិយមជាងបទលោកថ្មីៗនៅGalaxy ហេតុនេះហើយបានជាទាំងការច្រៀងសម្ដែងក្នុងនិងក្រៅស្រុកភាគច្រើនលោកលើកយកបទនៅហង្សមាសទៅច្រៀងច្រើនជាងនៅទ្រនុំថ្មី ។
ដោយឡែកការច្រៀងជាង៣ឆ្នាំរបស់លោកសុវត្ថិ នៅGalaxy នេះមិនសូវលេចធ្លោនោះទេ ព្រោះជិត២ឆ្នាំមកនេះលោកបានឡើងងារជាឧកញ៉ា ក៍បន្ធូដៃការរាំច្រៀង ខណៈប្រភពខ្លះថាលោកបានតំឡើងតម្លៃខ្លួនខ្ពស់ជាងមុនផងដែរ ក្រោយទទួលបានគោរម្យងារជាឧកញ៉ា ប៉ុន្ដែនៅចំពោះមុខអ្នកសារព័តមានលោកសុវត្ថិ មិនបាននិយាយរឿងនេះទេ ខណៈដែលខេមរៈ សិរីមន្ដ ឯណ្ណោះវិញធ្លាប់បានប្រកាសជាសាធារណៈថាលោកច្រៀង៦បទស៊ីថ្លៃ១ម៉ឺនដុល្លារ ដែលតាំងពីបញ្ចេញតម្លៃខ្លួននោះមកតាមកម្មវិធីភាគច្រើនលែងហ៊ានជួលលោកប៊ុនថៃ ទើបគេកម្រឃើញអតីតតារាហង្សមាសរូបនេះចេញមុខច្រៀងតាមកម្មវិធីមង្គលការ និងConcerts ទាំងឡាយដូចមុនទៀត។សម្រាប់លោកព្រាប សុវត្ថិ វិញចេញមុខមាត់តាមឆាកតន្រ្ដី ឬមង្គលការអ្នកសិល្បៈជិតដិតច្រើនជាងលោកប៊ុនថៃ ហើយថ្មីៗនេះអំឡុងពេលដែលលោកចាប់ដៃជាមួយអ្នកនាងម៉េង កែវពេជ្ជតា នោះលោកត្រូវបានដៃគូចាស់រូបនេះសរសើរលោកសុវត្ថិ ថាជាតារាមានគុណធ័មម្នាក់ទៀតផង ។ដោយឡែកសម្រាប់Fan របស់លោកឧកញ៉ាស្នាយ វិញរងចាំមើលថាតើជាង១ឆ្នាំទៀតនៅGalaxy លោកសុវត្ថិ អាចធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួលដែរឬទេ ព្រោះថាពេលនេះអ្នកគាំទ្រលោកសុវត្ថិ នៅតែច្រៀងបទលោកនៅហង្សមាសច្រើនជាងបទថ្មីៗរបស់លោកនៅGalaxy បើទោះជាបទចម្រៀងលោកនៅផលិតកម្មចាស់នេះរងការចោទប្រកាន់ថាភាគច្រើនចម្លងពីចិន និងថៃ ក្ដី ។
ចំណែកអតីតអ្នកចាត់ការទៅរបស់Galaxy លោកយឹម តាស្រង់ មុនចាកចេពីតំណែងនេះលោកធ្លាប់និយាយថាផលិតកម្មនេះអាចនឹងធ្វើការជាមួយលោកសុវត្ថិ ១០ឆ្នាំថែមទៀត ពោលគឺកុងត្រាដំណាក់កាលដំបូង៥ឆ្នាំ(២០២០-២០២៥) ហើយបើថែម១០ឆ្នាំទៀតនោះមានន័យថាលោកឧកញ៉ានឹងច្រៀងឲ្យGalaxyដល់ ២០៣៥ ដែលពេលនោះលោកនឹងមានអាយុដលទៅ៦០ឆ្នាំគត់ ។ការលើកឡើងរបស់លោកតាស្រង់ ពេលនោះដើម្បីឆ្លើយតបទៅអ្នករិះគន់ថាGalaxy ធ្វើបទឲ្យលោកសុវត្ថិ មិនបត្រូវ ទើបច្រៀងលែងសូវល្បី…។ប៉ុន្ដែគេនៅមិនទាន់ដឹងថានៅឆ្នាំ២០២៥ ខាងមុខនេះលោកព្រាប សុវត្ថិ នឹងព្រមចុះកុងត្រាថ្មីជាមួយGalaxy ឬយ៉ាងណាព្រោះថាពេលនេះទីផ្សារចម្រៀងរបស់លោកក៍មិនអាចជិះសេះលែងដៃបានទៀតដែរ ដោយយារគូប្រជែងចាស់យ៉ាងស្វិតស្វាញបំផុតលោកខេមរៈ សិរីមន្ដ ក៍ប៉ះលោកជាលើកទី២ ហេតុនេះបើសិនជាលោកសុវត្ថិ គ្មានអ្វីថ្មីទេ គឺមិនអាចទប់ទល់ជាមួយលោកប៊ុនថៃ ដែលមានបងប្រុសខេមរៈ ភារុណ ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀងឡើយ ។អ្នកខ្លះបានប្រដូចលោកសុវត្ថិ ថាតំណើររបស់លោកហាក់កំពុងជាន់បន្លារ ព្រោះលោកពិបាកវ៉ាលោកប៊ុនថៃ ខណៈដែលខេម ក៍ធ្លាប់ត្រូវបានអ្នកជិតស្និតលើកឡើងថាលោកមិនដែលចង់ធ្វើជាតួរងម្ដងណាឡើយ ។
អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងមុននេះថាលោកព្រាប សុវត្ថិ មិនទាន់មានសកម្មភាពសិល្បៈថ្មីលេចធ្លោទេ នៅGalaxy តែរឿងនេះអាចបណ្ដាលមកពីក្រោយលោកសុវត្ថិ ឡើងជាឧកញ៉ាផ្ដោតលើការរកស៊ីច្រើនជាង ព្រោះលោកថានៅពេលដែលមនុស្សមានលុយហើយគេមិនពឹងលើច្រៀងមួយមុខទេ គឺត្រូវតែធ្វើជំនួញថែមហើយ។តែអតីតតារាហង្សមាសម្នាក់ទៀតគឺលោកអែន ឌី បានប្រាប់អ្នកយកព័តមានយើងថាតាំងពីលោកព្រាប សុវត្ថិ ចេញពីហង្សមាស ទៅGalaxy តាមការអង្កេតរបស់លោកឃើញលោកសុវត្ថិ នៅតរក្សារការគាំទ្រដោយគ្មានការប្រែប្រួល ពោលនៅតែខ្លាំងដដែល ។
គូរបញ្ជាក់ថាក្នុងអាជីពចម្រៀង២៦ឆ្នាំ លោកព្រាប សុវត្ថិ ដែលត្រូវមនុស្សជំនិតលោកទម្លាយកាលពីចុងខែកញ្ញា ឆ្នាំ២០២០ ថាលោកសល់ទ្រព្យខ្ទង់៣០លានដុល្លារ ពីការច្រៀងជាង២០ឆ្នាំនេះ លោកសុវត្ថិ ធ្លាប់ត្រូវបានអ្នកគាំទ្រមួយចំនួនព្រមានធ្វើពហិការចំនួន៣លើកមកហើយក្នុងនោះគឺលើកទី១៖កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រោយលោកត្រូវបានអតីតនាយយករដ្ឋមន្រ្ដីចេញអនុក្រិត្យកាត់ដីផ្ទៃបឹងតាមោគ៣ហិកតា ក្នុងខណ្ឌព្រែកព្នៅ ឲ្យលោក នាំឲ្យក្រុមយុវជនស្រលាញ់បរិស្ថានចេញសេចក្ដីប្រកាសព្រមានលែងស្ដាប់ចម្រៀងលោក,លើកទី២៖នៅពេលដែលលោកសុវត្ថិ ចេញទៅច្រៀងសម្ដែងនៅកូរ៉េខាងត្បូងកាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ក៍មានកម្មករនិងអ្នកស្រលាញ់ប្រជាធិបតេយ្យនៅទៅទីនោះព្រមានធ្វើពហិការការច្រៀងសម្ដែងរបស់លោកដែរ ខណៈដែលលើកទី៣៖គឺនៅពេលដែលលោកសុវត្ថិ និងកូនៗចេញទៅច្រៀងនៅអូស្រា្ដលីនៅចុងខែ១០ ក៍ត្រូវបានអ្នកធ្លាប់គាំទ្រលោកខ្លះប្រកាសមិនទៅចូលទស្សនាការច្រៀងសម្ដែងរបស់លោកដូចមុនដែរ ៕