Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពលរដ្ឋចោទអាជ្ញាធរ លួចលក់មេទឹកក្នុងដីស្រែ

 ពលរដ្ឋចោទអាជ្ញាធរ លួចលក់មេទឹកក្នុងដីស្រែ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ រស់នៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចោទ ប្រកាន់អាជ្ញាធរស្រុកជលគិរី ថាបានលក់មេទឹកមួយកន្លែង ទៅឱ្យឈ្មួញធ្វើការនេសាទ ដែលធ្វើឱ្យពួក គាត់ជាម្ចាស់ស្រែនៅក្នុងទីតាំងមេទឹក កើតទុក្ខមិនសុខចិត្ត និងសុំឱ្យថ្នាក់ដឹកនាំខេត្តជួយដោះស្រាយ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅក្នុងចំណុចទីតាំងមេទឹកនោះ គឺមានស្រែប្រជាពលរដ្ឋ ចំនួន៥៥គ្រួសារ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគាត់បានលក់មេទឹកនេះ ទៅឱ្យឈ្មួញធ្វើការនេសាទ ដើម្បីយកប្រាក់មក សម្រាប់បូមទឹកបញ្ចូលស្រែ ជួសជុលទំនប់ និងប្រាក់មួយចំនួនទៀតសម្រាប់កសាងសមិទ្ធផលនានានៅក្នុងភូមិ តែឆ្នាំទៅ អាជ្ញាធរបានលក់មេទឹកនេះទៅឱ្យឈ្មួញ ដែលពួកគាត់ជាម្ចាស់ស្រែ មិនបានដឹង ហើយប្រាក់ដែល បានមកពីការលក់មេទឹកនោះ មិនដឹងថាអាជ្ញាធរយកទៅចាត់ចែងធ្វើអីនោះទេ។

ចំណែកឆ្នាំនេះ មេទឹកខាងលើនេះរបស់ពួកគាត់ ត្រូវបានអាជ្ញាធរធ្វើកិច្ចសន្យាលក់ទៅឱ្យឈ្មួញ សម្រាប់រយៈ ពេល៤ឆ្នាំ ជាបន្តទៀត ដែលធ្វើឱ្យពួកគាត់ជាម្ចាស់ស្រែ ពុំទទួលបានថវិកាសម្រាប់ចាត់ចែង ទិញប្រេងបូម ទឹកបញ្ចូលស្រែ សម្រាប់ជួសជុលទំនប់ និងកសាងសមិទ្ធផលនានាក្នុងភូមិនោះឡើយ។ ហេតុនេះហើយ បានធ្វើឱ្យពួកគាត់មិនសុខចិត្ត ដោយបានស្នើសុំអាជ្ញាធរ បញ្ឈប់ការលក់ដូរមេទឹកទៅឱ្យឈ្មួញ ចាប់ពីឆ្នាំនេះ តទៅ ដោយទុកឱ្យពួកគាត់ដែលជាម្ចាស់ស្រែ និងប្រជាពលរដ្ឋក្នុងភូមិ ជាអ្នកចាត់ចែង គឺទុកមេទឹកនេះ សម្រាប់បម្រើដល់ផលប្រយោជន៍រួម នៅក្នុងភូមិអន្លង់មេត្រី ទាំងមូល សម្រាប់ឱ្យប្រជាពលរដ្ឋក្នុងភូមិ ធ្វើការ នេសាទជាលក្ខណៈគ្រួសារវិញ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកកែវ រិទ្ធី អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមរបាយការណ៍បឋមរបស់ ក្រុមការងាររបស់លោក ដែលបានចុះដោះស្រាយ ករណីវិវាទខាងលើនេះជាមួយអាជ្ញាធរមូលដ្ឋាន បាន បញ្ជាក់ថា ករណីដែលបណ្តាលឱ្យមានវិវាទនេះកើតឡើង គឺផ្តើមឡើងចេញពីឈ្មួញបានដាក់របាំងស្បៃមុង ព័ទ្ធជុំវិញទំនប់មេទឹក ក្នុងដីស្រែរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ សម្រាប់ចាប់ត្រីនៅពេលទឹកស្រក ឃើញ ដូច្នេះ ពួកគាត់ដែលជាម្ចាស់ស្រែ ក៏បានធ្វើការរុះរើរបាំងនោះចេញពីដីរបស់ពួកគាត់ ប៉ុន្តែទើបតែរុះរើ បានប្រ មាណប្រវែង ២ទៅ៣ម៉ែត្រប៉ុណ្ណោះ ក៏មានទំនាស់រវាងអ្នកជួល និងប្រជាពលរដ្ឋដែលជាម្ចាស់ស្រែតែម្តង។ក្នុងរបាយការណ៍នោះ បានបញ្ជាក់ទៀតថា នៅក្នុងថ្ងៃប្រជុំដោះស្រាយករណីវិវាទខាងលើនេះ លោក កែវ ម៉េត មេឃុំពាមឆ្កោក បានផ្តល់លទ្ធភាពដោយសុំឱ្យប្រជាពលរដ្ឋគិតជាថ្មី ដើម្បីមានកិច្ចព្រមព្រៀងថ្មីមួយ ក្នុងការ បញ្ចប់បញ្ហា ដោយលោកសុំដកឃ្លាទៅពិភាក្សាជាមួយ តំណាងមេទំនប់ម្នាក់ទៀត។

លោកមេឃុំ ក៏បានសំណូមពរសុំឱ្យមន្ត្រីជំនាញ រាយការណ៍ជូននាយខណ្ឌរដ្ឋបាលជលផល នៅពេលអាជ្ញា ធរធ្វើការសម្របសម្រួល បញ្ចប់កិច្ចការ ហើយលោកមេឃុំ ក៏នឹងរាយការណ៍ជូននាយខណ្ឌ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅពេលក្រោយទៀត៕

RELATED ARTICLES