Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុគ្គលិកលួចកាក់កាស៊ីណូ ជាប់ខ្នោះ២នាក់

បុគ្គលិកលួចកាក់កាស៊ីណូ ជាប់ខ្នោះ២នាក់

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិកកាស៊ីណូម្នាក់ បានធ្វើសកម្មភាពលួចកាក់របស់កាស៊ីណូ ដែលខ្លួន កំពុងបម្រើការងារ យកទៅឱ្យបក្ខពួកម្នាក់ដែលជាភ្ញៀវ ដើម្បីយកទៅប្តូរយកលុយចែកគ្នាចាយ ដោយបានធ្វើសកម្មភាពជាច្រើនលើករួចមកហើយ លុះបែកធ្លាយការ ត្រូវក្រុមហ៊ុនប្តឹងកម្លាំងអាវុធ ហត្ថចាប់វាយខ្នោះ ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំង ការិយាល័យ ព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ក្រោយពីជនសង្ស័យ  ត្រូវបានឃាត់ខ្លួន ដោយកម្លាំងជំនាញ កងរាជអាវុធហត្ថក្រុង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះគឹម ស៊ានលី ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជន សង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ និងទី២-ឈ្មោះរុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ។ ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ចំណែកវត្ថុតាងចាប់យក រួមមាន ទី១-កាក់ឈីប លេខ៥០០០ ចំនួន១កាក់។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ-9838 ចំនួន១គ្រឿង។ ៣-ខ្សែក (លោហធាតុពណ៌ក្រហម) ប្រវែង២៥សង់ទីម៉ែត្រ ចំនួន១ខ្សែ។ ៤-ខ្សែដៃ (លោហធាតុពណ៌លឿង) ប្រវែង៧សង់ទីម៉ែត្រ ចំនួន១ខ្សែ។ ៥-ចិញ្ចៀន (លោហធាតុពណ៌លឿង មានដាំត្បូងពណ៌ស) ចំនួន១វង់។ ៦-ប័ណ្ណសម្គាល់ទោចក្រយានយន្ត ចំនួន១សន្លឹក និង៧-USB ផ្ទុកទិន្នន័យវីដេអូ ចំនួន១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា នៅវេលាម៉ោងកើតហេតុ ដើមបណ្តឹង បានឃើញជនសង្ស័យ ឈ្មោះ ឡូញ ពៅ លួចយកកាក់ឈីបរបស់ក្រុមហ៊ុន ចំនួន១កាក់ ដែលមានតម្លៃ៥០០០បាត ដាក់ក្នុងអាវ ភ្លាមនោះ ក្រុមហ៊ុនកាស៊ីណូ បានសួរនាំ ទើបជនសង្ស័យបានសារភាពថា ធ្លាប់លួចកាក់ឈីបរបស់ក្រុមហ៊ុន ជាច្រើន លើកមកហើយ ក្នុងរយៈពេល ៣ខែជាប់គ្នា ពេលលួចកាក់បាន ខ្លួនបានយកកាក់នោះ ទៅប្រគល់ ឱ្យភ្ញៀវ ឈ្មោះរុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ ដែលសរុបជាទឹកប្រាក់ទាំងអស់ ចំនួនប្រហែល ៣០ម៉ឺនបាត (លុយថៃ)។

ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានលួចយក កាក់ឈីបរបស់ក្រុមហ៊ុន ប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវ ជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្រប សម្រួលនីតិវិធី ពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ។ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES