Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះបុគ្គលិកធនាគារ ស៊ីដាច់លុយ២ម៉ឺនដុល្លារ

វ៉ៃខ្នោះបុគ្គលិកធនាគារ ស៊ីដាច់លុយ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុគ្គលិកឥណទានធនាគារម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ “រំលោភលើទំនុកចិត្ត” លើទឹកប្រាក់ប្រមាណជិត ២ម៉ឺន ដុល្លារ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ែល សារិត ហៅរិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកឥណទាន ធនាគារខេប៊ីប្រាសាក់ ម.ក (សាខាផ្សារដីហុយ) ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះស៊្រុន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជានាយកធនគារខេប៊ីប្រាសាក់ ម.ក សាខាផ្សារដីហុយ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ែល សារិត ពីចំណុចធនាគារខេប៊ីប្រាសាក់ មកប្រគល់ឱ្យសមត្ថ កិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ក្នុងដំណើររឿងករណីក្លែងបន្លំឯកសារ (បន្លំធ្វើឯកសារស្នើសុំកម្ចីរបស់អតិថិជន) និងករណីរំលោភលើទំនុកចិត្ត (បន្លំយកប្រាក់ពីការផ្តល់កម្ចីឱ្យអតិថិ ជន ចំនួន ១៧ ៦៦០,៩៣ដុល្លារ របស់ធនាគារ យកទៅប្រើប្រាស់ផ្ទាល់ខ្លួន)។

ប្រភពដដែល បន្តថា ជនសង្ស័យបានធ្វើសកម្មភាពបន្លំឯកសារ ដូចជា ១- ស្នាមមេដៃរបស់អតិថិជន ២នាក់ ក្នុងនោះឈ្មោះសំ ឧសភា និងឈ្មោះហេង តាំងអេង លើកិច្ចសន្យាខ្ចីប្រាក់ (ចំនួន៧០០០ដុល្លារ និងចំនួន១៣ ០០០ដុល្លារ)។ ២-ធ្វើរបាយការណ៍ចំណូលចំណាយ។ ៣- លិខិតបញ្ជាក់បុគ្គលិក។ ៤-កិច្ចសន្យាការងារ។ ៥-តារាងប្រាក់ខែ ដាក់ស្នើសុំប្រាក់កម្ចីពីធនាគារខេប៊ីប្រាសាក ម.ក សាខាផ្សារដីហុយ ហើយធនាគារបាន អនុម័ត សរុបចំនួន ២០ ០០០ដុល្លារ (កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន៧ ០០០ដុល្លារ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន១៣ ០០០ដុល្លារ) រួចជនសង្ស័យបានបន្លំធ្វើជាអតិថិជនខាងលើ ដើម្បីទូទាត់សងប្រាក់ប្រចាំខែ មកធនាគារវិញ បានចំនួន ២ ៣៣៩,០៧ដុល្លារ នៅសល់ចំនួន១៧ ៦៦០,៩៣ដុល្លារទៀត ដែលជនសង្ស័យបានយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។

ករណីនេះ តំណាងធនាគារ បានដាក់ពាក្យបណ្តឹង និងចោទប្រកាន់ជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចនាំទៅ អនុវត្តតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសារ របស់អតិ ថិជន២នាក់ ដាក់ស្នើសុំប្រាក់កម្ចី បានចំនួន ២ម៉ឺនដុល្លារ ប្រាកដមែន ហើយខ្លួនបានទូទាត់សងប្រាក់ទៅ ធនាគារ មួយចំនួនវិញហើយ នៅសល់ប្រមាណ ១៧ ៦៦០,៩៣ដុល្លារទៀត សន្យាសងបន្ត។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES