Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនគាំងបេះដូងស្លាប់ ម៉ែសង្ស័យខ្សែភ្លើងឆក់

កូនគាំងបេះដូងស្លាប់ ម៉ែសង្ស័យខ្សែភ្លើងឆក់

ភ្នំពេញ ៖ ក្មេងស្រីអាយុជាង ១ខួប ម្នាក់ ត្រូវបានឪពុកម្តាយនាំយកទៅជិះកូនឡានខ្សែវិលជុំលើផ្លូវដែក (កូនឡានសម្រាប់ក្មេងជិះលេងកម្សាន្ត) បញ្ជាដោយចរន្តអគ្គិសនី ស្រាប់តែក្រោយមក ក្មេងស្រីតូច បាន ស្លាប់នៅលើកូនឡាននោះ ហើយត្រូវបានសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យ បញ្ជាក់ថាក្មេងស្រី រងគ្រោះស្លាប់ដោយសារគាំងបេះដូង តែករណីនេះ ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះ សង្ស័យថាកូនស្រី របស់ពួកគាត់ ស្លាប់ដោយសារខ្សែភ្លើងឆក់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចទីតាំងលក់ដូរផលិតផល និងដាក់ឧបករណ៍សម្រាប់ក្មេងៗកម្សាន្តមួយកន្លែង ស្ថិតក្នុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

ក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះហ៊ុន ចាន់សុភ័ក្ត្រា អាយុជាង១ខួប មានលំនៅក្នុងភូមិកើតហេតុខាងលើ។តាមប្រភពអ្នកភូមិ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្មេងស្រីរង គ្រោះខាងលើ ត្រូវបានឪពុកម្តាយនាំទៅដើរលេងនៅទីតាំងលក់ដូរផលិតផលផ្សេងៗ ស្ថិតនៅក្នុងភូមិនោះដែរ លុះពេលទៅដល់ ឪពុកម្តាយបានឱ្យកូនស្រី (ក្មេងស្រីរងគ្រោះ) ជិះកូនឡានខ្សែវិលជុំ ដែលបញ្ជាដោយចរន្ត អគ្គិសនី នៅលើផ្លូវដែក (កូនឡានសម្រាប់ក្មេងៗតូចជិះលេងកម្សាន្ត) ដែលមានដាក់នៅទីតាំងនោះដែរ។ ខណៈពេលកំពុងតែជិះសុខៗ ស្រាប់តែនាងតូចបានដាច់ខ្យល់ស្លាប់ ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយអ្នក នៅទីនោះម្នាក់ៗនឹកស្មានមិនដល់ថារឿងដ៏កម្របែបនេះអាចកើតឡើងបាន ព្រោះតែកន្លងមកពុំដែល មានអ្នក ស្លាប់ដោយសារជិះរថយន្តខ្សែវិលជុំកម្សាន្តបែបនេះឡើយ។

ប្រភពដដែល បន្តថា ក្រោយពេលកើតហេតុ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានសង្ស័យថា ត្រូវចរន្តអគ្គិសនី ឆក់។ ដោយឡែកកម្លាំងអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានចុះទៅកាន់ទីតាំងកើតហេតុភ្លាម ៗ បន្ទាប់មក បានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះ បានស្លាប់ ដោយសារគាំងបេះដូង រួចក៏ប្រគល់សពក្មេងស្រី ឱ្យឪពុកម្តាយ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។យ៉ាងណា ករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកការពិត និងឆ្លើយតប ទៅនឹងការសង្ស័យរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ៕

RELATED ARTICLES