Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូប្តឹងនាយកសាលា បោកលុយតុងទីន

គ្រូប្តឹងនាយកសាលា បោកលុយតុងទីន

ខេត្តតាកែវ ៖ លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ ចំនួន៤២នាក់ ក្នុងចំណោមជាង១០០នាក់ មកពីស្រុក អង្គរបុរី បានមកជួបជុំប្រមូលផ្តុំគ្នានៅសួនច្បារមាត់បឹងតាកែវ ដើម្បីតវ៉ានិងយកពាក្យបណ្តឹងមកដាក់ នៅសាលាខេត្ត និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីស្នើសុំរកដំណោះស្រាយចំពោះករណីលោកអ៊ី យ៉ុង ប្រធានសមាគមតុងទីន ប្រចាំស្រុកអង្គរបុរី និងជានាយកវិទ្យាល័យ ហ៊ុន សែន អង្គរបុរី ពាក់ព័ន្ធកណីរំលោភ ទំនុកចិត្ត (ដេញតុងទីនបាន អត់មានលុយឱ្យ)។

ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារមាត់បឹងតាកែវ។

តាមប្រភពលោកគ្រូអ្នកគ្រូដែលបានលើកគ្នាមកប្តឹងតវ៉ា បានឱ្យដឹងថា គោលបំណងដែលពួកគាត់ឡើងមក ជួបជុំគ្នានេះ គឺដើម្បីដាក់ពាក្យបណ្តឹងចូលសាលាខេត្ត និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ឱ្យថ្នាក់ដឹកនាំ និងសមត្ថកិច្ច ជួយដោះស្រាយករណីលោកអ៊ី យ៉ុង ប្រធានសមាគមតុងទីន ប្រចាំស្រុកអង្គរបុរី និងជានា យកវិទ្យាល័យ ហ៊ុន សែន អង្គរបុរី ដែលបានរំលោភសេចក្តីទុកចិត្ត (បោកប្រាស់) ពួកគាត់ជាកូនតុងទីន។

ប្រភពដដែល បន្តថា ពួកគាត់ជាកូនតុងទីន បានចូលរួមលេងតុងទីន ជាមួយលោកអ៊ី យ៉ុង ចំនួន៣ក្បាល ក្នុងមួយក្បាល មានចំនួន ១លានរៀល ៥០ម៉ឺនរៀល ១០ម៉ឺនរៀល។ លុះក្រោយពីកូនតុងទីននីមួយៗដេញបានហើយ បែរជាមេតុងទីន មិនព្រមឱ្យលុយ ដោយមេតុងទីន ឆ្លើយថា ចាំកូនបង់គ្រប់សិន ប៉ុន្តែការចាំរបស់កូនៗ មួយថ្ងៃហើយមួយថ្ងៃទៀត មួយសប្តាហ៍ហើយ មួយសប្តាហ៍ទៀត មួយខែហើយ មួយខែទៀត រង់ចាំរហូត ប៉ុន្តែគ្មានដំណោះស្រាយជូនកូនតុងទីនសោះ។

ដូច្នេះពួកគាត់ ទាំង៤២នាក់ សូមស្នើសុំលោកអ៊ូច ភា អភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនដល់ពួកគាត់ផង។ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីលោកអ៊ី យ៉ុង នាយកវិទ្យាល័យ ហ៊ុន សែន អង្គរបុរី បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕

RELATED ARTICLES