Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនមេធាវីបើកឡានបុកគេស្លាប់ ចូលខ្លួនដេកគុក

កូនមេធាវីបើកឡានបុកគេស្លាប់ ចូលខ្លួនដេកគុក

ភ្នំពេញ ៖ ជនបង្កហេតុជាកូនប្រុសមេធាវីម្នាក់ ដែលបានបើករថយន្ត Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួល គោក ហើយបានចូលខ្លួនសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នោះ ត្រូវបាន ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានី ភ្នំពេញ សម្រេចចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារភ្នំពេញ (PJ) ជាបណ្តោះអាសន្ន បន្ទាប់ពីសមត្ថកិច្ច បានបញ្ជូនជនបង្កហេតុខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយចៅក្រម ហុង ម៉ារីណិច នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេច ចោទប្រកាន់យុវជនព្រហ្ម វិចិត្រសុសក្តា ដែលកំពុងរៀនថ្នាក់អនុបណ្ឌិត ពីបទ “បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នក ដទៃ និងបទរត់គេចខ្លួន” តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។គួរបញ្ជាក់ថា មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា “ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញតិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នក ដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ ពី៤លានរៀល ទៅ១៥លានរៀល”។

ចំណែកមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ បានចែងពី “បទរត់គេចខ្លួន” ដោយកំណត់ថា “អំពើប្រព្រឹត្តដោយ អ្នកបើកបរយានជំនិះផ្លូវគោកឬផ្លូវទឹក ដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យ មានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ពី ១លានរៀល ទៅ៤លានរៀល”។

គួរបញ្ជាក់ថា ជនបង្កហេតុឈ្មោះ ព្រហ្ម វិចិត្រសុសក្តា បានបើករថយន្ត Jeep បុកបុរសជាអ្នកជិះម៉ូតូម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់មកជននេះបាន រត់គេចខ្លួនចេញបាត់ពីកន្លែងកើតហេតុភ្លាមៗ ។ រហូតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបជនបង្ក ហេតុដែលត្រូវបានគេស្គាល់ថាជាកូនមេធាវី បានចូលសារភាព និងទទួលស្គាល់កំហុស នៅការិយាល័យន គរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមគ្រួសារនិងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹក នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីជនបង្កហេតុបានចូលខ្លួនទទួលស្គាល់កំហុសនោះ សមត្ថកិច្ចនគរបាលជំនាញការិយា ល័យចរាចរផ្លូវគោក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្លាប់បានអំពាវនាវកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា “សូមអំពាវ នាវដល់ក្មួយប្រុសជាជនសង្ស័យ បើករថយន្ត Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬអាណាព្យាបាលសូមនាំកូនប្រុសមកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី”។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១  ខណ្ឌទួលគោក ដោយបុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវតែម្នាក់ឯង ដល់ត្រង់ចំណុចផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តស៊េរីទំនើប ១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ បោះពួយមកបុកពេញទំហឹង ធ្វើឱ្យជនរងគ្រោះប៉ើងខ្ទាតបោកក្បាលធ្លាយខួរស្លាប់នៅខាងមុខហាងមួយកន្លែង យ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបរ រថយន្ត និងអ្នករួមដំណើរ សរុប៣នាក់ បានចុះមើលជនរងគ្រោះមួយភ្លែត រួចឡើង រថយន្តគ្នីគ្នាគេចចេញបាត់ភ្លាមៗ។

សពជនរងគ្រោះ ដែលត្រូវរថយន្តស៊េរីទំនើបបុកស្លាប់ មានឈ្មោះសៀង គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ ជាកីឡាករវាយសី ជម្រើសជាតិមួយរូប ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែករថយន្តបង្កហេតុ ត្រូវបានគេដឹងថាមានម្ចាស់ឈ្មោះសុខ លីណា ភេទស្រី អាយុ៤៨ឆ្នាំ មានអាសយ ដ្ឋានផ្ទះលេខ ៥២ដេ ផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាភរិយា របស់មេធាវីម្នាក់។ ចំណែកឯកសារដែលបន្សល់ទុកនៅក្នុងរថយន្ត មានឈ្មោះព្រហ្ម វិចិត្រសុសក្តា ដែលជា កូនប្រុសរបស់មេធាវី ព្រហ្ម វិចិត្រសុភា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក Jeep ចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 និង ១គ្រឿងទៀត មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីជើង  ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន កែងនឹងផ្លូវលេខ៥៦៥ ទីតាំងកើតហេតុខាងលើ ស្រាប់តែរថយន្ត Jeep ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបុកម៉ូតូ ១គ្រឿង ម៉ាក Honda Click ពាក់ស្លាកលេខ ភ្នំពេញ 1DF-5396 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើត ទៅលិច ចំពីចំហៀង ពេញទំហឹង ធ្វើឱ្យផ្លោងជនរងគ្រោះ ទៅមុខ ហាងមួយកន្លែង ក្បែរនោះ បែកក្បាលធ្លាយខួរស្លាប់នៅនឹង កន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ប្រភពដដែល បន្តថា ភ្លាមៗនោះ បុរស៣នាក់ បានចុះពីលើរថយន្តបង្កហេតុ មកមើលជនរងគ្រោះ មួយសន្ទុះ ចំណែករថយន្តស៊េរី ទំនើបម៉ាក Jeep ១គ្រឿងទៀត បានឈប់ចាំ។ ក្រោយមក នៅពេលឃើញមាន ការភ្ញាក់ ផ្អើលឆោឡោកាន់តែខ្លាំង ទើបបុរសទាំង៣នាក់នោះ បាននាំគ្នាឡើងជិះរថយន្ត Jeep របស់គ្នីគ្នាដែលឈប់ចាំ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្តង៕

RELATED ARTICLES