Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានចូលស៊ីការ ភ្លើងឆេះហ្មត់

ចតឡានចូលស៊ីការ ភ្លើងឆេះហ្មត់

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត ១គ្រឿង ត្រូវបានម្ចាស់បើកទៅចូលរួមមង្គលការនៅក្នុងហាងមួយកន្លែង លុះក្រោយពីចតរថយន្តនៅចំណតត្រឹមត្រូវ ម្ចាស់ចូលទៅក្នុងរោងការបាត់ ស្រាប់តែមួយសន្ទុះក្រោយមក រថយន្តខាងលើបានកើតមានអណ្តាតភ្លើងឆាបឆេះ ធ្វើឱ្យផ្អើលពេញរោងមង្គលការ ហើយភ្ញៀវដែលមាន រថយន្តចតនៅក្បែរនោះ នាំគ្នារត់ចែកជើងទៅបើករថយន្តចេញ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចហាងតាំង ប៊ុនអ៊ី ហៅហាងតាឡាក់ ស្ថិតក្នុងភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

រថយន្តដែលរងការឆាបឆេះ ម៉ាកគា (KIA) ពាក់ស្លាកលេខ ភ្នំពេញ 2AV-6032 ពណ៌ទឹកសមុទ្រ ប្រើប្រាស់ ប្រេងម៉ាស៊ូត ជារថយន្តរបស់ភ្ញៀវដែលបានមកចូលរួមមង្គលការនៅក្នុងហាងតាំងប៊ុនអ៊ី ហៅហាងតាឡាក់។ក្រោយសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យរួច បញ្ជាក់ប្រាប់ថា ករណីនេះ គឺអាចបង្កឡើងដោយរថយន្តឆ្លង ប្រព័ន្ធភ្លើង ទើបបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះរថយន្តខាងលើ អស់ទាំងស្រុង សល់តែគ្រោងដែកប៉ុណ្ណោះ។

សមត្តកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា នៅពេលដែលរថយន្តកំពុងឆាបឆេះនោះ ត្រូវបានអ្នកជិតខាងជួយពន្លត់ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងបាញ់ទឹកដែរ តែមិនអាចជួយពន្លត់បាន រហូតធ្វើឱ្យភ្លើងបានឆាប ឆេះអស់រថយន្ត ១គ្រឿងទាំងស្រុង តែមិនបណ្តាលប៉ះពាល់រថយន្តរបស់ភ្ញៀវដទៃទៀតឡើយ គ្រាន់តែមាន ភ្ញាក់ផ្អើលរត់ចេញពីរោងការ បើករថយន្តចេញប្រសាច ការពាររាលដាល។

ករណីនេះ មិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវកិត្តិយសចូលរួមកម្មវិធីទេ ប៉ុន្តែធ្វើឱ្យមង្គលការបាត់បង់ភ្ញៀវមួយចំនួន ព្រោះគេនាំគ្នាចាកចេញអស់ ដោយសារបារម្ភពីសុវត្ថិភាព៕ 

RELATED ARTICLES