Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមូលសំរាមដុត ឆេះវត្ត ផ្អើលលោក

ប្រមូលសំរាមដុត ឆេះវត្ត ផ្អើលលោក

ខេត្តស្វាយរៀង ៖ ព្រះសង្ឃប៉ុន្មានអង្គ គង់នៅវត្តស្វាយចេកចាស់ បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ស្រាប់តែឆាបឆេះរាលដាលដល់រោងដាក់ឈើមួយកន្លែងនៅក្នុងវត្ត ធ្វើឱ្យផ្អើលឆោឡោដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ជាង យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុច បរិវេណវត្តស្វាយចេកចាស ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងជាង៦ព្រលប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ព្រះសង្ឃគង់នៅក្នុងវត្ត បានប្រមូលសំរាមដុត លុះមកដល់វេលាម៉ោងប្រមាណ៨យប់ ព្រះសង្ឃ ក៏បានឡើងទៅសិងលើកុដិបាត់អស់ទៅ ដោយមិនទាន់បានពន្លត់ភ្នក់ភ្លើងនៅឡើយ។ លុះដល់ម៉ោង១០យប់ជាង ស្របពេលដែលមេឃធ្លាក់ខ្យល់ខ្លាំងផងនោះ  ស្រាប់តែឮសំឡេងស្រែកឆោឡោថា “ភ្លើងឆេះៗ” បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងវត្តកំពុងសិង មកជួយពន្លត់ តែភ្លើងមិនអាចពន្លត់បានក៏រាយ ការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ ប្រើរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ ទើបគ្រប់គ្រងបាន។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អគ្គិភ័យនេះ ចាប់ពីម៉ោង ១០ជាងយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ ម៉ោង៥ និង១៤នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទើបភ្លើងបានរលត់អស់វិញទាំអស្រុង ដោយក្នុងនោះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់ទឹក បាញ់ពន្លត់ អស់ប្រមាណជាង២០រថយន្ត ដោយមានការ ចូលរួមពីរថយន្តពន្លត់អគ្គិភ័យតាមបណ្តាស្រុកក្រុងក្នុងខេត្តស្វាយរៀង ដែលរួមមានកម្លាំងនគរបាល និងអាវុធ ហត្ថផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះគំនរឈើ ដែលឆេះនោះ គេពុំទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅ ឡើយទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការ ហើយក្នុងហេតុការណ៍នេះ មិនបង្កឱ្យរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗ ក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើ ដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើរទាំងស្រុងតែម្តង៕

RELATED ARTICLES