Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្ដីប្រពន្ធ ថៅកែតន្ត្រីសម័យអូនមុំ ឡាន...បុក...ស្លាប់

ប្ដីប្រពន្ធ ថៅកែតន្ត្រីសម័យអូនមុំ ឡាន…បុក…ស្លាប់

ខេត្តកែប ៖ ប្តីប្រពន្ធ ២នាក់ ជាថៅកែវង់តន្ត្រីសម័យ ជិះម៉ូតូដឹកគ្នាត្រឡប់មកពីលេងតន្ត្រី ក្នុងពិធីមង្គល​ការមួយកន្លែង ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកមកបុកពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុក​រថយន្ត​នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចផ្លូវកោងខាងកើតស្ពានពងទឹក ទល់មុខប៉ុស្តិ៍នគរបាលពងទឹក ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តបុកស្លាប់ បុរសជាប្តី មានឈ្មោះស៊ីវ អូន អាយុ៥២ឆ្នាំ និងស្ត្រីជាប្រពន្ធ មានឈ្មោះង៉ែត មុំ អាយុ៤៥ឆ្នាំ។ ប្តីប្រពន្ធទាំងពីរ ជាថៅកែវង់តន្ត្រីសម័យ មានកូន៣នាក់ ក្នុងបន្ទុក និងមានលំនៅក្នុងភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពត 1-P6067 ដឹកគ្នាក្នុងទិស​ដៅពីលិច ទៅកើត។ លុះមកដល់ចំណុចផ្លូវកោងហួសស្ពានបន្តិច ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាល ត្រូវ​បានរថយន្ត ១គ្រឿង ម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4165 បើកបរក្នុងទិសដៅពីកើត ទៅលិច បានជ្រុលបុកយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជាអ្នកជិះម៉ូតូ ស្លាប់នៅនឹង​កន្លែងយ៉ាងអាណោចអាធ័ម។

បន្ទាប់ពីបង្កហេតុរួច រថយន្តបង្កហេតុបានបើកចេញពីកន្លែងកើតហេតុប្រហែល ៣០០ម៉ែត្រ តែទៅមុខលែងរួច ក៏ទុកចោលនៅមុខផ្លូវបំបែកទៅព្រែកចាក រួចហើយអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់តែម្តង។

តាមប្រភពពីកូនចៅក្នុងវង់តន្ត្រីជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ជាប្តីប្រពន្ធហើយ​ជាថៅ​កែវង់តន្ត្រីសម័យ «តន្ត្រីសម័យអូនមុំ» ហើយមុនកើតហេតុ ក្រុមតន្ត្រីនេះ បានទៅលេងនៅក្នុងមង្គលការមួយ នៅភូមិអង្កោល ជិតសមុទ្រកែប។ លុះពេលចប់កម្មវិធី ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូចេញមកមុន ហើយខ្លួនជាកូនចៅ បានជិះម៉ូតូតាមក្រោយ លុះមកដល់ចំណុចខាងលើ ប្រទះឃើញរថយន្តមួយគ្រឿង ចត​ចោលនៅលើផ្លូវជាតិ រងការខូចខាត។ ស្រាប់តែជិះបន្តមកមុខបន្តិច ឃើញទិដ្ឋភាពដ៏រន្ធត់ ដោយថៅកែវង់​តន្ត្រីរបស់ពួកគេ ត្រូវបានរថយន្តបុកស្លាប់ទាំងពីនាក់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រាះទាំង២នាក់ប្តីប្រពន្ធ ត្រូវបាន​សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES