ភ្នំពេញ៖អតីតតារាសម្ដែងអ្នកនាងកែវ កល្យាណ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គម ព្រោះតែមុននេះនាងបានបង្ហោះរូបថតថ្ងៃរៀបការកាលពីឆ្នាំ១៩៩៥ ដែលហាក់ចង់រំលឹករឿងអតីតកាល ខណៈ អំឡុងពេលកូនប្រុសស្រីនាងនៅតូចៗកុំថាឡើយបញ្ចេញរូបប្ដី ឲ្យគេស្គាល់ តែទោះជាអ្នកកាសែតសួរនាំរឿង ស្នេហាយ៉ាងម៉េច អ្នកណាជាស្វាមីនាងក៍អ្នកនាងកល្យាណ មិនដែលនិយាយឡើយ ។
តើអ្នកនាងកែវ កល្យាណ នឹកប្ដីនិងចង់ត្រូវរ៉ូវគ្នាវិញឬបានជានាងបញ្ចេញរូបភាពដ៍កម្រ ថ្ងៃរៀបការកាល ពី២៨ឆ្នាំមុនបែបនេះ ?
អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ្នកនាងកែវ កល្យាណ កាលពីរសៀលថ្ងៃទី២២ ធ្នូ ហើយត្រូវនាងនិយាយ លាយឡំសំណើចថារូបភាពដែលនាងបញ្ចេញថ្ងៃរៀបការនៅលើហ្វេសបុកនោះតាមពិតមកពីអ្នកនាង បានរើរ ផ្ទះហើយឃើញរូបថតចាស់ៗនឹកដល់ប៉ាម៉ាក់នាងអីចឹងក៍បង្ហោះតែម្ដងទៅ។អ្នកនាងថាមិនមែនជានឹករលឹកដល់អតីតប្ដីទេ តែឃើញរូបភាពចាស់គិតថាពេលវេលាចេះតែរំកិលទៅមុខលឿន បែបនេះ មិនបង្អង់ចាំអ្នកណា ក៍បញ្ចេញរូបអនុស្សាវរីយ៍នោះទៅ។
យ៉ាងណានៅពេលអ្នកយកព័តមានយើងសាកសួរអ្នកនាងកែវ កល្យាណ ថាតើពេលនេះអតីតស្វាមី នាងកំពុង រស់នៅខ្មែរ ឬបរទេសនោះនាងថាអត់ដឹងថាគេ(អតីតប្ដី)រស់នៅទីណាឡើយ ហើយនាងក៍មិនចង់និយាយ លម្អិតពីអតីតស្វាមីដែរ ដោយថាកំពុងជាប់ទៅទទួលកូនចេញពីសាលារៀន ពិបាកនិយាយគ្នា ។
សូមបញ្ជាក់ថាអ្នកនាងកែវ កល្យាណ អតីតតារាសម្ដែងទសវត្សន៍ទី៨០ និង៩០ បានដកខ្លួនពីសិល្បៈ ជាច្រើន ឆ្នាំមកហើយនិងរស់នៅជាស្រី្ដមេម៉ាយកូន២(ស្រី១)ក្នុងកម្រិតជីវភាពធូធារមានផ្ទះវីឡារ និងរថយន្ដជិះទំនើប ប៉ុន្ដែនាងមិនយកស្វាមីថ្មីឡើយ ។យ៉ាងណាអំឡុងពេលដែលអ្នកនាងកល្យាណ គ្មានផែនការណ៍វិលមករក អាជីពសម្ដែងជាថ្មី ទោះជាមានផលិតករមួយចំនួនបានទាក់ទងហៅនាងឲ្យថតភាពយន្ដភាគ ក្នុងតំណែងជា តួម្ដាយតែនាងថាមិនទទួលព្រោះខ្លាចគ្មានពេលវេលាគ្រប់គ្រាន់នោះ អ្នកនាងកល្យាណ បានបណ្ដុះកូនស្រីសំណព្វចិត្តឈ្មោះកែវ ឡាវីញ ឲ្យស្នងតំណែងបន្ដវេនពីនាងតាមរយៈការចាប់អាជីពសម្ដែងអាជីព។ប៉ុន្ដែអ្នកនាងកល្យាណ បានព្រមានឡាវីញ ថាដាច់ខាតមិនអនុញ្ញាត្តិឲ្យនាងថតរឿងស្រលាញ់ភេទដូចគ្នាទៀតទេ បន្ទាប់កូនស្រីលេងរឿង”រសជាតិអ្នកមាន”ហើយត្រូវបានគេសង្ស័យថានាងស្រលាញ់ស្រីដូចគ្នាជាមួយនាងយ៉ា សុផាន់ម៉ៃ នៅក្រៅឆាក។តែពេលនេះអ្នកនាងកល្យាណ ធូចិត្តច្រើនក្រោយកូនស្រីកែវ ឡាវីញ រៀបការប្ដី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ធ្វើឲ្យក្រុមLesbian ដែលលង់ស្នេហ៍នាងឈប់តាមស្រីស្អាតរូបនេះទៀត ។
គូរកត់សម្គាល់ថាក្រោយចាកចេញពីអាជីពសម្ដែងអ្នកនាងកែវ កល្យាណ បានរកស៊ីទិញដីលក់ដី នៅជាយក្រុង តែនាងប្រាប់អ្នកយកព័តមានយើងថាមិនមែនទ្រង់ទ្រាយធំទេ គឺនាងទិញលក់ៗទៅតាមពេលវេលា ។អ្នកនាងកល្យាណ គឺជាមិត្តជិតដិតបំផុតរបស់អ្នកនាងអម្ពរ ទេវី ហើយទោះជាពេលនេះនាងនៅខ្មែរ តែអ្នកនាង ទេវី រស់នៅអាមេរិកក្ដី ប៉ុន្ដែអ្នកទាំងពីរនៅតែទាក់ទងគ្នាមិនដែលដាច់។ប្រភពបានឲ្យដឹងថាអ្នកនាងកល្យាណ ត្រូវបានបុរសក្រៅស្រុកចង់ធានាឲ្យនាងចេញទៅរស់នៅបរទេសតាមរយៈការភ្ជាប់ស្នេហាបើទោះជាពេលនេះនាងមានវ័យជ្រេបន្ដិចមែន តែនាងមិនចាប់អារម្មណ៍ហើយសម្រេចចិត្តបន្ដរស់នៅខ្មែរ ។ ក្រៅពីអ្នកនាងកែវ កល្យាណ តារាដែលឲ្យកូនស្នងតំណែងសិល្បៈមានដូចលោកហួរ ឡាវី ,ព្រាប សុវត្ថិ ,ខាន់ ជេសម៍ ,អ្នកនាងម៉េង កែវពេជ្ជតា ,សឿ សុធារ៉ា និងសឿន ផាភួង ជាដើម ។តារាធ្លាប់រួមអាជីពជា មួយអ្នកនាង កល្យាណ បានលើកឡើងថាការបញ្ចេញរូបភាពប្ដីចាស់របស់អតីតតារាល្បីឈ្មោះរូបនេះមកពីនាងនឹករលឹកដល់គ្រាផ្ដើមស្នេហ៍ដំបូងដែលរំលងផុតទៅជិត៣០ឆ្នាំមកនេះ និងចង់ឲ្យកូនប្រុសស្រីចងចាំឪពុករបស់គេ ៕