ភ្នំពេញ៖លោកស៊ីណាវ៉ាត្រា តែងតែបង្ហាញមុខក្នុងMV ជាបុរសមានលុយ ញ៉ែដណ្ដើមសង្សារគេពោលគឺរ៉ូលរបស់លោកដូចគ្នាទៅនិងតារាជើងចាស់លោកចា រិទ្ធី ,សាវិន ហ្វីលីព និងលី ណូរ៉ា ជាដើមដែលចូលចិត្តជះលុយឆក់សង្សារអ្នកដ៍ទៃ ។សម្រាប់លើកនេះអ្នកដឹកនាំMV បទ”ផឹកសា្របំភ្លេចអូន “ លោកវ៉ាត លីម៉េង តម្រូវឲ្យលោកស៊ីណាវ៉ាត្រា ឆក់យកសង្សារតារាចម្រៀងលោកហង្ស សុវណ្ណារិទ្ធ ទៅបាត់នោះគឺស្រីស្អាតស៊ឹម ស្រីមុំ ដែលមុននេះមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមថានាងជាសង្សារថ្មីពូម៉ៅ អតីតស្វាមីលោកស្រីទ្រី ដាណា តែស្រីមុំ ធ្លាប់បានច្រានចោលទៅហើយជុំវិញរឿងគសង្ស័យថានាងជាអ្នកស្អំរបួសបេះដូងលោកឧកញ៉ាម៉ៅ ។
លោកស៊ីណាវ៉ាត្រា បានថ្លែងថាតាមពិតបើគេមើលមួយភ្លែតច្រឡំថាលោកជាអ្នកមានដូចក្នុងសាច់រឿង ប៉ុន្ដែនៅក្រៅឆាកមិនការគិតឡើយ។តារាសម្ដែងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះថាលោកពិតជាត្រូវបាន Director ឲ្យលេងជាតួអ្នកមាន ចូលចិត្តប្រើលុយដណ្ដើមសង្សារពីគេនេះញឹកញាប់មែន ដែលទំនងប្រហែលជាគេគិតថាលោកសាច់ស រាងឡើងគីឡូបន្ដិចលេងតួអ្នកមានទៅសម តែធាតុពិតលោកមិនចូលចិត្តញ៉ែសង្សាររបស់គេទេ ។លោកថានៅក្រៅឆាករូបលោកគ្រាន់តែជាអ្នកធ្វើការងារជាមេកានៅហាងKTV មួយប៉ុណ្ណោះ បន្ទាប់ពីបានខាតឡុងចុងអស់លុយមួយចំនួននូវមុខរបរផ្ទាល់ខ្លួនមួយនៅខេត្តអំឡុងកូវីដ ដែលលោកជាថៅកែហាង។លោកបន្ថែមថាទោះជារាល់ថ្ងៃប្រឈមការលំបាករកបង់លុយធនាគារជាប្រចាំខែ ហើយធ្វើការរហូតដល់យប់អាទ្រាធមែន ប៉ុន្ដែលោកមិនបាក់ទឹកចិត្ត ឬបោះបង់អាជីពសិល្បៈចោលឡើយ ព្រោះអាជីពសម្ដែងជាការងារមួយដែលលោកស្រលាញ់ខ្លាំងនិងបានតស៊ូជាច្រើនឆ្នាំមកហើយ។លោកណាវ៉ាត្រា ថាជីវិតអ្នកសិល្បៈគឺដូចតែគ្នាមានស្នេហាជាមួយគ្នាតែពេលអ្នកដឹកនាំតម្រូវ តែក្រៅឆាករាប់អានគ្នាជាបងប្អូនធម្មតា ។ដោយឡែកសម្រាប់ការចាប់ដៃជាមួយស្រីស្អាតស៊ឹម ស្រីមុំ វិញលោកថាមានការយល់ចិត្តស៊ីសង្វាក់គ្នាល្អ បើទោះជាលោកទើបចាប់ដៃនាងជាលើកទី១ក៍ដោយ។អ្នកសម្ដែងរូបនេះថែមទាំងលួចសរសើរស្រីមុំ ថាមិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ តែបទពិសោធន៍សម្ដែងជោគជាំតែម្ដង ។
លោកស៊ីណាវ៉ាត្រា និយាយលាយឡំសំណើចថាឃើញខ្ញុំហ៊ឺហាក្នុងMV ជះលុយដាក់សង្សារគេហ្នឹង កុំជឿរពេកនៅក្រៅឆាកកម្សត់ណាស់ រស់នៅបន្ទប់ជួល ហើយពេលយប់ទៅធ្វើការជាមេការKTV ហ្នឹង។ដោយឡែកទាក់ទងរឿងថាហេតុអីបានលោកលេចមុខMV របស់លោកហង្ស សុវណ្ណារិទ្ធ ជាបន្ដបន្ទាប់នោះត្រូវបានលោកណាវ៉ាត្រាថា លោកនិងសុវណ្ណារិទ្ធ មានការរាប់អានគ្នាដូចជាបងប្អូនជាច្រើនឆ្នាំមកហើយពោលគឺជាមិត្តល្អនិងគ្នា ។អតីតថៅកែហាងក្លាយជាមេការKTV រូបនេះថាដោយសារតែពេលនេះសេដ្ឋកិច្ចមិនសូវល្អ ហេតុនេះលោកមានតែធ្វើការងារឲ្យគេសិន មិនទាន់រៀបគម្រោងធ្វើអាជីវកម្មផ្ទាល់ខ្លួនម្ដងទៀតទេ ៕