Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរ១០នាក់ ធាក់ប្លន់ម៉ូតូទាហាន១

ចោរ១០នាក់ ធាក់ប្លន់ម៉ូតូទាហាន១

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ កំពុងជិះម៉ូតូតាមផ្លូវតែម្នាក់ឯង ស្រាប់តែលេចមុខក្មេងស្ទាវ១ក្រុម មានគ្នាប្រមាណ ១០នាក់ ជិះម៉ូតូ ៧គ្រឿង បានធ្វើសកម្មភាពធាក់ដៃចង្កូតម៉ូតូ បណ្តាលឱ្យដួល ប៉ុនប៉ងប្លន់ម៉ូតូ តែត្រូវប្រជាពលរដ្ឋអ្នកដំណើរឃើញ ស្រែកឆោឡោ ធ្វើឱ្យក្រុមជនសង្ស័យផ្អើលជិះម៉ូតូរត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះ បានរងរបួសយ៉ាងដំណំ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីធាក់ប្លន់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣៥នាទីព្រលប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះ មានឈ្មោះប៉ិច បូរិន ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅអគ្គបញ្ជាការកង ទ័ពជើងគោក ស្នាក់នៅផ្ទះលេខ A163 ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមសម្តីជនរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1W-4708 ចេញពីកន្លែងធ្វើការ នៅអគ្គបញ្ជាការកងទ័ពជើងគោក ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ លុះពេលធ្វើដំណើរមកតាម ផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ក្នុងទិសដៅ ពីជើង ទៅត្បូង មកដល់ចំណុចកើតហេតុ ដែលជាកន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម ជិះ ម៉ូតូជាច្រើនគ្រឿង បាននាំគ្នាតាមមកធាក់ដៃចង្កូតម៉ូតូរបស់គាត់ដែលកំពុងជិះ ដោយមិនដឹងខ្លួន បណ្តាល ឱ្យគាត់ដួលម៉ូតូ រងរបួសធ្ងន់តែម្តង ហើយភ្លាមនោះ ក្រុមជនសង្ស័យ បានចុះមកលើកម៉ូតូរបស់គាត់ ជិះចេញ ទៅ តែបានអ្នកដំណើរឆ្លងកាត់ឃើញ ស្រែកឆោឡោ ធ្វើឱ្យក្រុមជនសង្ស័យភ័យខ្លួន នាំគ្នាជិះម៉ូតូរត់ គេចឆ្ពោះទៅខាងត្បូងបាត់អស់ភ្លាមៗ។

តាមប្រភពប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា ក្រុមក្មេងស្ទាវទាំងនោះ មានគ្នាប្រមាណ ១០នាក់ ជិះម៉ូតូ ចំនួន៧គ្រឿង បាននាំគ្នាធាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល ហើយភ្លាមនោះ ក៏មានបក្ខពួកចុះមកបម្រុងលើកម៉ូតូរបស់ជនរងគ្រោះ តែសំណាងល្អ បានអ្នកដំណើរឆ្លងកាត់ឃើញ ស្រែក ឆោឡោ ទើបធ្វើឱ្យក្រុមក្មេងស្ទាវទាំងអស់ ជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចុះមកដឹក បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកេតុមាលា។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកសិន៕

RELATED ARTICLES