គូសង្សារបាននាំគ្នាទៅអង្គុយឱបថើបគ្នានៅកន្លែងងងឹត ហើយស្ងាត់ ស្រាប់តែមានជនសង្ស័យ៣នាក់មកដល់ធ្វើជាខ្ចីទូរស័ព្ទ រួចហើយដកដាវគំរាមកាប់ប្លន់យកម៉ូតូហុងដាឌ្រីមយកទៅលាក់ទុកនៅដីឡូត៍មួយកន្លែង ក៏ត្រូវសមត្ថកិច្ចរកឃើញបានមកវិញហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ មករា ២០១៧ ស្ថិតនៅចំណុចដីវាលខាងលិចរបងរោងចក្រកា-ណាឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឈឿន ឈីន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ និងនារីជាគូស្នេហ៌មានឈ្មោះធួរ លែន អាយុ១៨ឆ្នាំ មុខរបរកម្មររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅជាមួយគ្នា រីឯម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I-3080 ។ ចំ-ណែកជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយដាវមួយដើម មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ។
តាមសម្តីពីជនរងគ្រោះបានឲ្យដឹងថា កន្លងមករូបគេនិងសង្សារតែងតែនាំគ្នាទៅអង្គុយសាសងឱបថើបនៅចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ នៅមុនពេលកើតហេតុ ខ្លួនជាមួយនិងសង្សារបានទៅអង្គុយលេងសាសងឱបថើបគ្នាផ្អែមល្ហែមដូចសព្វដង ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ដើរមកក្បែររួចបានសុំខ្ចីទូរស័ព្ទរបស់ខ្លួន តែខ្លួនបានប្រាប់ថាទូរស័ព្ទអស់ទឹកប្រាក់ហើយ ភ្លាមនោះជនសង្ស័យបានដកដាវមកគំរាមកាប់ប្លន់យកម៉ូតូ ដោយជនរងគ្រោះភ័យខ្លាច ក៏ប្រគល់សោម៉ូតូទៅជនសង្ស័យហើយជនសង្ស័យបានជិះម៉ូតូចេញទៅបាត់ទៅ។
ក្រោយកើតហេតុជាងមួយម៉ោងទើបជនរងគ្រោះតាំងអារម្មណ៍បានទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅចង្អុលបង្ហាញកន្លែងកើតហេតុ និងប្រាប់ពីផ្លូវដែលជនសង្ស័យជិះចេញ ទើបសមត្ថកិច្ចក្តាប់បានក៏នាំជនរងគ្រោះទៅដីឡូត៍មានព្រៃមួយកន្លែងស្ថិតនៅក្រោយភូមិគោកចំបក់ ពីព្រោះកន្លែងដីឡូត៍នេះ ពីមុនមានជនសង្ស័យធ្វើសកម្មភាពប្លន់កន្លងមកនិថធ្លាប់យកវត្ថុតាងយកទៅលាក់ទុកទីនោះ លុះដល់សមត្ថកិច្ចនាំជនរងគ្រោះទៅពិនិត្យមើល ក៏ស្រាប់តែឃើញម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាពមុនេះដែលជារបស់ជនរងគ្រោះទៅលាក់ទុកទីនោះមែន ដោយយកមែកឈើគ្របពីលើម៉ូតូ។
ក្រោយពេលរកម៉ូតូឃើញវិញ សមត្ថកិច្ចបាននាំយកម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញព្រហ្ម
ទណ្ឌខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញា ចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់៕