Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរ១០នាក់ ធាក់ប្លន់ម៉ូតូស្រី ជាប់ខ្នោះ៥

ចោរ១០នាក់ ធាក់ប្លន់ម៉ូតូស្រី ជាប់ខ្នោះ៥

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានជិះម៉ូតូចេញពីផ្ទះ តាំងពីវេលាទៀបភ្លឺ បំណងយកបន្លែទៅលក់ ស្រាប់តែពេល កំពុងធ្វើដំណើរតាមផ្លូវ លេចមុខជនសង្ស័យ ១ក្រុម មានគ្នា១០នាក់ ជិះម៉ូតូចំនួន៥គ្រឿង បានដេញតាមធាក់ ផ្តួលម៉ូតូ បណ្តាលឱ្យដួលរងរបួសយ៉ាងដំណំ បន្ទាប់មក ក្រុមជនសង្ស័យបានប្លន់ម៉ូតូរបស់ស្ត្រីរងគ្រោះ ជិះគេច ខ្លួនបាត់។ លុះក្រោយមក ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈបក្ខពួកផ្សេងទៀត រត់គេចខ្លួន។

ករណីធាក់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ ចំណុចមុខផ្ទះសំណាក់នាគមាស តាមផ្លូវបេតុង លេខ១០៥ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។ រហូតមកដល់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន៥នាក់។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរិន ចន្ថា ហៅងុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី២-ឈ្មោះឡេ មនោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ស្បែកជើង រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ (ទាំង២នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣)។ ទី៣-ឈ្មោះសឿន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិតារដ្ឋ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៤-ឈ្មោះចន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងទី៥-សឿន បារាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិតារដ្ឋ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ (ទាំង៣នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣)។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការចង្អុលដឹកនាំ ពីលោកឧត្តម សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោក ស៊ិន វិរៈ ព្រះរាជអា ជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវ ឃាត់ ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធនឹងករណីលួចដោយស្ថានទម្ងន់ទោស (ធាក់ប្លន់ម៉ូតូ) ពីជនរងគ្រោះឈ្មោះជិន សារិន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន (រងរបួសជង្គង់សងខាង និងកែង ដៃសងខាង)។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅមុខផ្ទះសំណាក់នាគមាស តាមផ្លូវបេតុង លេខ១០៥ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន មានករណីលួចស្ថានទម្ងន់ទោស ធាក់ប្លន់ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AB-9118 លេខតួ-ម៉ាស៊ីន 5129650 បង្កដោយជនសង្ស័យ ១០នាក់ ជិះម៉ូតូ ៥គ្រឿង និងបណ្តាលឱ្យជនរងគ្រោះឈ្មោះជិន សារិន ដួលរងរបួសជង្គង់សងខាង និងកែងដៃសងខាង។តាមប្រភពជនរងគ្រាះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្ទះ ទៅលក់បន្លែ នៅផ្សារ កំពង់ស្ពឺ ស្រាប់តែពេលមកដល់ចំណុចកើតហេតុ លេចមុខជនសង្ស័យ ១០នាក់ ជិះម៉ូតូ ៥គ្រឿង (ហុងដា ឌ្រីម សេ១២៥ ចំនួន៣គ្រឿង ម៉ាកស៊ុយស៊ូគី និច ២គ្រឿង) ធាក់ម៉ូតូគាត់ បណ្តាលឱ្យដួលរងរបួស រួចហើយជន សង្ស័យបានយកកាំបិតប៉័ងតោ ដេញកាប់គាត់ទៀតផង ធ្វើឱ្យគាត់ភ័យ រត់គេចខ្លួន ក៏ត្រូវជនសង្ស័យលើក យកម៉ូតូរបស់គាត់ ជិះគេចបាត់។

រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តកំពង់ស្ពឺ  កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកគងពិសី បានឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះរិន ចន្ថា ហៅងុយ ២-ឈ្មោះឡេ មនោ) និងដកហូតម៉ូតូ Scoopy.i ពណ៌ ក្រហម ១គ្រឿង និងទូរស័ព្ទ iPhone 11 ចំនួន១គ្រឿង។

បន្ទាប់មក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយសហការជាមួយនគរបាលស្រុកសំរោងទង ស្រុកគងពិសី ស្រុកអង្គស្នួល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ទៀត រួមមាន ១-សឿន បារាំង ដកហូត ទូរស័ព្ទ iPhone7។ ២-ឈ្មោះចន សំណាង ដកហូតម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខតាកែវ 1Y-6854 (ម៉ូតូធ្វើសកម្មភាព) និងទូរស័ព្ទ iPhone12។ ៣-ឈ្មោះយិន រ៉ាវុធ ដកហូត ទូរស័ព្ទ iPhone7។ សរុបឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតម៉ូតូ ចំនួន២គ្រឿង និងទូរស័ព្ទ ៤គ្រឿង។នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាព ប្លន់ម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន ហើយកន្លងមក ពួកគេ រួមនិងបក្ខពួកកំពុងគេចខ្លួន ធ្លាប់បានធ្វើ សកម្មភាពធាក់ប្លន់ ចំនួន២លើក និងកាប់ម៉ូតូ ១លើក នៅខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES