Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះធុងហ្គាស់ ឆេះអ្នកបញ្ចូល រលាកពេញខ្លួន

ផ្ទុះធុងហ្គាស់ ឆេះអ្នកបញ្ចូល រលាកពេញខ្លួន

ខេត្តកណ្តាល ៖ បុរសជាជាងប៉ះកង់រថយន្តម្នាក់ បានបញ្ចូលហ្គាស់ឱ្យគេបណ្តើរ ផ្សារនិងសង់ត្រេកង់ រថយន្តចាស់ៗរបស់ខ្លួនបណ្តើរ ស្រាប់តែផ្កាភ្លើងបានខ្ទាតទៅប៉ះចំហាយហ្គាស់ ធ្វើឱ្យផ្ទុះធុងហ្គាស់ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យភ្លើងឆេះរលាកពេញខ្លួន រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីអគ្គិភ័យ ផ្ទុះឆេះបំពង់ហ្គាស់បូមខ្យល់កង់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ។បុរសរងគ្រោះដែលរងរបួសរលាកពេញខ្លួន មានឈ្មោះអាត អ៊ី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរប៉ះកង់រថយន្ត មានស្រុកកំណើតនៅភូមិស្រែវាល ឃុំដងស្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ។ ចំណែកសម្ភារៈខូចខាត រួមមាន ធុងបូមខ្យល់ធំ ចំនួន១ ធុងហ្គាស់វែង ចំនួន២ ធុងហ្គាស់ខ្លី ចំនួន២ និងសំបកកង់រថយន្ត មួយចំនួន។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានរ៉ឺម៉ក ១គ្រឿង បានចូលមកសុំបញ្ចូល ហ្គាស់ បន្ទាប់មក ជនរងគ្រោះជាម្ចាស់ទីតាំងខាងលើ ក៏បានដើរមកបញ្ចូលហ្គាស់ឱ្យអ្នកបើករ៉ឺម៉កនោះ ដោយ បញ្ចូលហ្គាស់បណ្តើរ ផ្សារនិងសង់ត្រយ៉ាន់កង់ឡានចាស់ៗ បណ្តើរ ស្រាប់តែរំពេចនោះ ផ្កាភ្លើងដែលជនរង គ្រោះផ្សារ បានខ្ទាតទៅប៉ះនឹងហ្គាស់ ធ្វើឱ្យផ្ទុះតែម្តង និងបណ្តាលឱ្យជនរងគ្រោះត្រូវភ្លើងឆាបឆេះរលាក ពេញដងខ្លួន រងរបួសយ៉ាងធ្ងន់ ។ ចំណែកម្ចាស់រ៉ឺម៉ក ឃើញសភាពមិនស្រួល បានបើករ៉ឺម៉កគេចខ្លួនបាត់ ភ្លាមៗតែម្តង។

បន្ទាប់ពីកើតមានករណីខាងលើនេះភ្លាម កងកម្លាំងបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់ រថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាឮ ចំនួន១គ្រឿង ចេញអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង៧ ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ ទៅវិញជាស្ថាពរ នៅវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃដដែល។

ក្រោយកើតហេតុ បុរសរងគ្រោះជាម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ៕

RELATED ARTICLES