Sunday, May 19, 2024
Homeតារាខ្មែរកែវ សុបញ្ញា ៖រៀបការថ្ងៃទី១៣ ខែមករា

កែវ សុបញ្ញា ៖រៀបការថ្ងៃទី១៣ ខែមករា

ភ្នំពេញ៖តារាចម្រៀងហង្សមាសស្រីស្អាតកែវ សុបញ្ញា នឹងរៀបការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២៤ នេះហើយដែលពិធីជប់លៀងធំរៀបចំនៅហាងទន្លេបាសាក់២  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។សុបញ្ញា ថានេះជាគម្រោងច្បាស់លាស់ដែលបានត្រៀម​រួច​ជា​ស្រេចហើយក្រោយរៀបការ នាងនឹងគ្រោងយកកូនភ្លាមៗតែម្ដង មិនខ្លាចប៉ៈពាល់ដល់អាជីព​ចម្រៀងឡើយ ។

 កែវ សុបញ្ញា បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ មករា ថាមង្គលការរបស់នាងជប់​លៀង​៥០តុ(៥០០នាក់) នឹងបានត្រៀម១០តុថែមទៀត ហើយក្នុងនោះភ្ញៀវខាងនាង​អញ្ជើញ​អ្នក​សិល្បៈ​រួមអាជីពខ្ទង់៧០% ។នាងថាដោយសារតែគិតថាទំនាក់ទំនងរវាងនាងនិង​គូដណ្ដឹង​បាន​ស្វែង​យល់ចិត្តគ្នាជាច្រើនឆ្នាំមកហើយ ហេតុនេះនៅដើមឆ្នាំ២០២៤ ជាវេលាសម​ស្រប​​​មួយមកដល់ ដែលត្រូវរៀបការហើយទើបមិនអាចបង្អង់​ឬពន្យាពេលតទៅ​ទៀត​បាន​ឡើយ​។ដោយ​ឡែក​​ទាក់ទងរឿងគម្រោងយកកូនវិញសុបញ្ញា ថាបើទោះជា​ពេល​នេះនាងមិន​ទាន់​កំណត់ពីទីតាំង​ទៅ​ដើរកម្សាន្ដ(Honey Moon)មែន ប៉ុន្ដែក្រោយរៀបការរួចនាងនឹងស្វាមី​ទៅ​ជួបគ្រូពេទ្យជំនាញដើ​ម្បីពិភាក្សាពីការយកកូន ពោលគឺចង់បានកូនឆាប់ៗ អត់ជ្រើសវិធី​ពន្យា​ទេ ។

 ឆ្លើយតបសំណួរថាក្រោយរៀបការប្ដីរួចកែវ សុបញ្ញា នៅតែបន្ដអាជីពចម្រៀងជាធម្មតា ឬត្រូវកាត់បន្ថយ​ហើយងាកទៅរកស៊ីថែមទៀតនោះស្រីស្រស់ថាទាំងអាជីពសិល្បៈ និងការធ្វើ​ជំ​នួញ​​នាង​​ជ្រើសរើសឲ្យ​ដើរ​ស្មើគ្នា(៥០=៥០) ដែលការវាចាបែបនេះដូច​ការអះអាងរបស់​លោក​ព្រាប សុវត្ថិ ដែរ​ដែល​ថាលោក​ចាប់​អាជីព​ចម្រៀងនិងធ្វើជំនួញទន្ទឹមគ្នា ។

 សូមបញ្ជាក់ថាមង្គលការរបស់កែវ សុបញ្ញា នៅដើមឆ្នាំ២០២៤ នេះក៍ធ្វើ​ឡើង​ទៅតាម​ក្បួនហុងស៊ុយផងដែរ ដែលគ្រូចិនសែបានប្រាប់នាងថាអាចរៀបការបាននៅចុងឆ្នាំ២០២៣ ឬដើម​ឆ្នាំ២០២៤ ហើយទីបំផុតនាងជ្រើស​ដើមឆ្នាំ២០២៤ វិញ។អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ រូបនេះនាងបានបើកហាងCs Beer នៅក្រុងតាខ្មៅ និងរកស៊ីលក់​ផលិត​ផលតាម​Online ផងដែរ។សុបញ្ញា បានភ្ជាប់ពាក្យជាមួយលោកប៉ាល់ ប៉ោស៊ាង ជាមន្រ្ដី​កង​រាជ​អាវុធ​​ហត្ថ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ ក្រោយលោកប៉ោស៊ាង បានព្យាយាម​តាមសុំ​ស្រលាញ់នាងអស់រយៈពេល១៥ឆ្នាំ ។ស្រីស្អាតរូបនេះមានជម្រើសស្នេហ៍ច្រើនព្រោះ​មានបុ​រស​ទាំង​ក្នុងនិងក្រៅសិល្បៈរួមទាំងអាណិកជនខ្មែរនៅបរទេសមិនតិចនាក់ទេ តាមចែ​ចង់ តែ​ទីបំផុតនាងសុខចិត្តជ្រើស​បុរសម្នាក់ដែលបង្ហាញពីក្ដីស្រលាញ់​លើនាងអស់១ទស​វត្សន៍កន្លះគ្មានការប្រែប្រួលចិត្តនោះគឺ​ជាមន្រ្ដីយោធា​ម្នាក់។ប្រភពបានឲ្យដឹងថាអនាគតស្វាមីកែវ សុ​បញ្ញា នៅតែអនុញ្ញាត្តិឲ្យនាងលេងសិល្បៈតទៅ​ទៀតតាម​ចិត្តចង់របស់នាង តែសុបញ្ញា ចង់​ពង្រឹងអាជីវកម្មខាងក្រៅបន្ថែមទៀតក្រោយមានស្វាមី។

 កែវ សុបញ្ញា ក្រៅពីជាតារាចម្រៀងផ្នែកយុវវ័យម្នាក់របស់ហង្សមាសនាងក៍​បានថត​ភាព​យន្ដជាច្រើនរឿងមក​ហើយនៅផលិតកម្មនេះ។ស្រីស្អាតរូបនេះមានទំនាក់​ទំនងល្អទាំង​ក្នុង​និងក្រៅ​សិ​ល្បៈហើយនាងតែងតែគោរព​រៀមច្បង ហេតុនេះហើយបានជាមាន​គេចូលចិត្ត​នាង​ច្រើន​ព្រោះនាងមិនដែលលេចឭថាមានទំនាស់​ជាមួយ​តារាណា​ម្នាក់ឡើយ។ក្រៅ​ពី​សុបញ្ញា តារា​ដែល​ត្រៀមរៀបការប្ដីនៅឆ្នាំ២០២៤ មានដូចជាពេជ្រ សោភា ,ប៉ាច គីមមមួយ ,ម៉ង់ ចាន់កញ្ញា ,ម៉ានីកា និងអ៊ីវ៉ា ជាដើម ។

 ទស្សនិកជនចាំមើលថាតើកែវ សុបញ្ញា នឹងរយាលពីអាជីពចម្រៀងក្រោយមានស្វាមី ដើម្បីសម្រេចបំណងយក​កូន​ឲ្យបានឆាប់ៗ ឬមួយក៍នាងធ្វើដូចឱក សុគន្ធកញ្ញា និង​សួស វីសា ដែលច្រៀងផង យកកូនផង ?

RELATED ARTICLES