Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកប្រុសទម្លាក់ចោលលើផ្លូវ ស្រីយំឱបសព

ដឹកប្រុសទម្លាក់ចោលលើផ្លូវ ស្រីយំឱបសព

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្ត ១គ្រឿង បើកដឹកយកមកទម្លាក់ចោលនៅលើចិញ្ចើមផ្លូវ រួចបើក ចេញទៅបាត់ លុះបន្តិចក្រោយមក មានម្នាក់ បានរត់មកឱប ស្រែកទ្រហោយំ ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងហៅរថយន្តសង្គ្រោះ មកជួយអន្តរាគមន៍ ពិនិត្យឃើញថាបុរស នោះបានដាច់ខ្យលស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែរអគារ THE PEAK ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

សពបុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាជនជាតិចិន។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ពណ៌ខ្មៅ មិនចាំម៉ាកនិងស្លាកលេខ បានដឹកបុរសរងគ្រោះខាងលើ មកទម្លាក់ចោលនៅចិញ្ចើមផ្លូវ ហើយក៏ចាកចេញទៅបាត់យ៉ាងឆាប់រហ័ស។ បុរសនោះ គ្មានសម្លៀកបំពាក់ ស្លៀកតែខោខ្លីពណ៌ស១ និងស្លេកស្លាំងដូចជាសាកសពទៅហើយ និងមិនឃើញមានដកដង្ហើមនោះទេ គឺដេកស្តូកនៅលើផ្លូវតែម្តង។ បន្ទាប់មក ត្រូវបានបុរសចិន ២នាក់ទៀត ជួយសែងបុរសរងគ្រោះ រហូតដល់មុខអគារ THE PEAK ទើបទម្លាក់ចុះ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ គេឃើញមាននារីជាជនជាតិចិន ម្នាក់ទៀត បានរត់មកឱប ព្រមទាំង ជួយសម្រួលផ្លូវដង្ហើម និងស្រែកយំយ៉ាងខ្លាំង ផ្អើលកន្លែងកើតហេតុ។ តែយ៉ាងណា បុរសរងគ្រោះ គឺមិនដកដង្ហើមនោះទេ ដោយគេសង្ស័យថា ជនរងគ្រោះអាចស្លាប់តាំងពីក្នុងរថយន្ត ឬអាចស្លាប់បន្ទាប់ ពីគេដឹកមកទម្លាក់ចោល តែមិនដឹងថា ស្លាប់ដោយមូលហេតុអ្វីនោះឡើយ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌចម្ការមន ដែលកំពុងប្រចាំការក្បែរនោះ បានជួយទាក់ទង រករថយន្ត សង្គ្រោះ ចុះមកអន្តរាគមន៍ភ្លាមៗ តែពេលរថយន្តសង្គ្រោះមកដល់ ចុះពិនិត្យជនរងគ្រោះរួច ប្រាប់ថា ជនរង គ្រោះស្លាប់បាត់ទៅហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យ វិច័យសព ដើម្បីស្វែងរកមូលហេតុនៃការស្លាប់។

 បន្ទាប់មក សមត្ថកិច្ចក៏បាននាំបុរសចិនម្នាក់ទៀត ដែលបានសែងសពជនរងគ្រោះមកដល់ខាងមុខអគារ ខាងលើ យកទៅសាកសួរផងដែរ៕

RELATED ARTICLES