Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនបើកឡានបុកខ្មែរ វ៉ៃប៉ូលិសរបួស២នាក់ ជាប់ខ្នោះ

ចិនបើកឡានបុកខ្មែរ វ៉ៃប៉ូលិសរបួស២នាក់ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកពីក្រោយរថយន្ត ចំនួន២គ្រឿងទៀត ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាត លុះសមត្ថកិច្ចចុះមកអន្តរាគមន៍ បែរជាច្រឡោតខឹង ដេញវាយសមត្ថកិច្ច ២រូប បណ្តាលឱ្យរងរបួស ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយក ទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធ រុស្ស៊ី ត្រង់ចំណុចខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតា ព្រូស ចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 បើកដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ជាប្រពន្ធ និងរថយន្តព្រូស ១គ្រឿងទៀត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BI-3616 បើកដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើត មកលិច ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តទាំង២គ្រឿង បានឈប់រង់ចាំភ្លើងស្តុបក្រហម ស្រាប់តែភ្លាមនោះ មានរថយន្ត ១គ្រឿងទៀត ម៉ាក Lexus LX-470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិន ម្នាក់ ធ្វើដំណើរមកពីក្រោយស្របទិសគ្នា ពីកើត មកលិច ក្នុង ល្បឿនយ៉ាងលឿន បានជ្រុលបុកពីក្រោយរថយន្តតូយ៉ូតា ព្រូស ទាំង២គ្រឿង ពេញទំហឹង បណ្តាលឱ្យ ខូចខាតយ៉ាងដំណំ។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់មក សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ និងឱ្យភាគីសងខាងសម្រួលគ្នា ស្រាប់តែបុរសជនជាតិចិន ជាអ្នកបើករថយន្តបង្កហេតុ បែរជាច្រឡោតខឹង ប្រើកាយវិការច្រងេងច្រងាងដាក់សមត្ថកិច្ច និងថែមទាំងវាយទៅលើសមត្ថកិច្ច ២រូប បណ្តាលឱ្យរងរបួស ទៀតផង ទើបសមត្ថកិច្ចបានទាក់ទងសុំកម្លាំងបន្ថែម ចុះមកឃាត់ខ្លួនបុរសជនជាតិចិន ខាងលើ យកទៅប៉ុស្តិ៍ នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ វាស់វែង និងធ្វើកំណត់ហេតុ យករថយន្តចំនួន២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំភាគីសងខាង ដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក រថយន្តព្រូស ១គ្រឿងទៀត ម្ចាស់មិនចង់វែង ឆ្ងាយ សុំសមត្ថកិច្ចយករថយន្តចេញពីកន្លែងកើតហេតុ ទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES