Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋតវ៉ា រឿងប្រាក់រៃអង្គាស៧លាន ធ្វើផ្លូវ

ពលរដ្ឋតវ៉ា រឿងប្រាក់រៃអង្គាស៧លាន ធ្វើផ្លូវ

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋរស់នៅភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ ដែលបានចូលរួមគ្នារៃអង្គាស ថវិកាបាន ប្រមាណ ៧លានរៀល យកមកធ្វើផ្លូវបេតុងចូលភូមិ និងបញ្ចេញកម្លាំងពលកម្មធ្វើដោយផ្ទាល់ផងនោះ បានផ្ទុះប្រតិកម្មទៅលើខ្លឹមសារបំភ្លឺរបស់លោកអៀម អឿន ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានលើកឡើងថា លុយធ្វើផ្លូវប្រវែង ៧០ម៉ែត្រនោះ ជាលុយរបស់របស់គណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ មិនមែនជាលុយបានមកពីពលរដ្ឋរៃអង្គាសនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានចេញសេចក្តីបំភ្លឺថា តាមពិត លុយដែលធ្វើផ្លូវបេតុងប្រវែង៧០ម៉ែត្រ នៅស្រុកអូរជុំនោះ គឺជាលុយរបស់គណៈកម្មាធិកាអភិវឌ្ឍន៍ភូមិទេ គេឱ្យយកទៅ សាងសង់ផ្លូវ ដើម្បីសម្រួលកាធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន។

អ្នកស្រី វីន សុត មេភូមិចាអ៊ុង និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ បានបញ្ជាក់ថា ការច្រានចោលរបស់ លោកអៀម អឿន ពុំត្រឹមត្រូវឡើយ ព្រោះថាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិមានតែឈ្មោះ ពុំមានលុយសម្រាប់ ចូលរួមធ្វើផ្លូវបេតុងនោះទេ។

អ្នកស្រីបញ្ជាក់ថា លុយដែលធ្វើផ្លូវបេតុងប្រវែង ៧០ម៉ែត្រនោះ ផ្តើមចេញពីតំណាងប្រជាពលរដ្ឋសុទ្ធសាធ ពួកគេមិនមែនជាសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិឡើយ គឺមេភូមិមេឃុំ អត់បានចូលរួមទេ ដោយសារផ្លូវ នោះ បានខូចជាយូរឆ្នាំហើយ ពុំមានអ្នកជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកភូមិនោះទេទើប ពលរដ្ឋស្រាក់លុយគ្នាធ្វើទៅ។

លោកភួយ វណ្ណា តំណាងពលរដ្ឋបានបញ្ជាក់ដែរថា ពួកគាត់អស់សង្ឃឹមខ្លាំងណាស់ មិនគួរលោកអៀម អឿន ច្រានចោលទឹកលុយជាង ៧លានរៀល ដែលជាញើសឈាមរបស់ពួកគាត់ខំរក ហើយបានមកពីការរៃអង្គាស បេះពីមាត់ពីក មិនហ៊ានស៊ីចាយទេ ដើម្បីយកទៅធ្វើផ្លូវឱ្យ បានល្អសមរម្យ តែបែរជាលោកប្រធានមន្ទីរ បដិ សេធចោលយ៉ាងដូច្នេះ តើប្រាក់រៃជាង ៧លានរៀល ជ្រុះទៅណា?

យោងតាមលិខិតតវ៉ារបស់ប្រជាពលរដ្ឋភូមិចាអ៊ុង ឃុំចាអ៊ុក ស្រុកអូរជុំ បានធ្វើការតវ៉ា ចំនួន៣ចំណុច រួមមាន ៖

១-លោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ត្រូវបង្ហាញឯកសារដែលប្រើប្រាស់ថវិកា របស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នោះដាក់នៅលើតុ បញ្ជាក់ជូនប្រជាពលរដ្ឋជាង៣០០គ្រួសារ ឱ្យបាន ដឹងផង។

២- ប្រសិនជាលោកអៀម អឿន និយាយពុំមានមូលដ្ឋានច្បាស់លាស់ទេ លោកត្រូវតែទទួលខុសត្រូវ ដោយធ្វើលិខិតជាលាយលក្ខណ៍អក្សរ សុំទោសប្រជាពលរដ្ឋជាសាធារណៈ។

៣- បើលោកអៀម អឿន ពុំព្រមទទួលកំហុសទេ ប្រជាពលរដ្ឋជាង៣០០គ្រួសារ និងបន្តរកយុត្តិធម៌តាមរ យៈមេធាវី ជួយធ្វើពាក្យបណ្តឹង ដាក់ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ពលរដ្ឋជាង ៣០០គ្រួសារ ដែលចំណាយលុយធ្វើផ្លូវបេតុងនោះ បានសំណូមពរទៅរដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ មេត្តាចាត់មន្ត្រីឱ្យចុះទៅដល់ទីតាំង ធ្វើការត្រួតពិនិត្យរកឱ្យឃើញការពិតផង តើពល រដ្ឋនិយាយកុហក ឬក៏ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ជាអ្នកបកស្រាយកុហកថ្នាក់លើ និងមហាជន។ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តរតនគិរី បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES